សារអេឡិចត្រូនិច
ផ្សារ​អចិន្ត្រៃយ៍​របស់​កម្ពុជា បើក​នៅ​ក្រុង​ណាន​នី​ន ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន


ខេត្តក្វាងស៊ី ប្រទេសចិន: ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​តទៅ ប្រជាពលរដ្ឋ​ចិន ដែល​និយម​ផលិតផល​ខ្មែរ នឹង​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប SOUTH CITY NANING GUANGXIN PLAZA ស្ថិត​នៅ​ទីក្រុង​ណាន​នី​ន ប្រទេស​ចិន​។ ជាការ​បើក​លក់​ជា​អចិន្ត្រៃយ៍​ប្រចាំថ្ងៃ ក្នុង​តម្លៃ​សមរម្យ​នូវ​ផលិតផល ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ផ្សារ​នោះ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ហ៊ុង យ៉ូវ​ជី​អាង ( HUANG YONGI QIANG ) ប្រធាន​គណៈកម្មការ​បរទេស ប្រចាំ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន រួម​ទាំង​វត្តមាន​របស់​អ្នកឧកញ៉ា លោក គិត ម៉េង ពាណិជ្ជករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។​

លោក ចម ប្រសិទ្ធ មានប្រសាសន៍ថា វា​ជា​មោទនភាព​ខ្លាំង​ណាស់ ដែល​កម្ពុជា​មាន​ផ្សារ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន អ្វី​ដែល​សំខាន់​នោះ គឺ​ក្រសួង​ពាណិជ្ជកម្ម បាន​មក​ចូលរួម​មក​តាំងពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន ចំនួន ៩ លើក កន្លងមកហើយ​។ ឆ្នាំ​២០១៣​នេះ ជា​លើក​ទី​១០ កម្ពុជា​បាន​ឃើញ​ផលិតផល​របស់​ខ្លួន ក្នុង​ការតាំងពិព័រណ៍​នេះ មាន​ប្រជាប្រិយភាព​ជាមួយ​អតិថិជន​ប្រជាជន​ចិន​ណាស់​។ ប៉ុន្តែ​ពិព័រណ៍​បាន​ត្រឹមតែ​មួយ​អាទិត្យ​តែប៉ុណ្ណោះ​។ អថិតិជន​ចិន បើ​គេ​រក​ទិញ តើ​គេ​ត្រូវ​រក​ទិញ​ឯណា​? ដូច្នេះ​ការ​ដែល​ក្រសួង​ពាណិជ្ជកម្ម​បើក​ពន្លា​ជាតិ នៅ​ផ្សារ​ទំនើប SOUTH CITY NANING GUANGXI PLAZA ហើយ​ដាក់​តាំងពិព័រណ៍​ទំនិញ​នៅ​ទីនេះ មាន​លក្ខណៈ​អចិន្ត្រៃយ៍ គឺ ៣៦៥ ថ្ងៃ បើក​រហូត​។ អញ្ចឹង​អ្នក ដែល​ចូលចិត្ត​ផលិតផល​របស់​កម្ពុជា គេ​អាច​មក​ទិញ​នៅ​កន្លែង​នេះ​។​

លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា នៅ​កន្លែង​នេះ គេ​អាច​ទិញដូរ ឬ​កិច្ចសន្យា​គ្នា គឺ​មាន​លក្ខណៈ​ល្អ​ជាង​ទីផ្សារ​របស់​ចិន​។ កន្លែង​ទីផ្សារ​នេះ គឺ​មាន​លក្ខណៈ​អចិន្ត្រៃយ៍ ជាង​ចូល​ទីផ្សារ​របស់​ចិន ព្រមទាំង​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ទាំងអស់ ប្រមូលផ្ដុំ​គ្នា​មក​តាំង​នៅ​ទីនេះ លក់ និង​រក​ដៃគូ​ពាណិជ្ជកម្ម​នៅទីនេះ ការសាកល្បង​របស់​កម្ពុជា ដើម្បី​រក​ដែគូ​ពាណិជ្ជកម្ម​ទៅវិញទៅមក​។​

​លោក​សង្ឃឹមថា កន្លែង​នេះ ធ្វើ​ឲ្យ​ផលិតផល​កម្ពុជា​ល្បី ដូចជា​អង្ករ ដែល​នាំ​មក​មាន​ការទទួលស្គាល់​ច្រើនឡើង​។​
លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា មកដល់ពេលនេះ មាន​ខេត្ត​ក្វាង​ស៊ី បាន​ស្គាល់​រសជាតិ​អង្ករ​កម្ពុជា ហើយ​ខេត្ត​នេះ បាន​រៀបចំ​រោង​ម៉ាស៊ីនកិនស្រូវ​ធំ​ទំនើប បានចាប់ផ្តើម​នាំ​អង្ករ​ខ្មែរ មក​ខេត្ត​ក្វាង​ស៊ី គ្រាន់​តែ​ដាក់​តាំងពិព័រណ៍​អង្ករ គេ​បាន​ចាប់អារម្មណ៍​មួយ​ទៅហើយ នៅ​មាន​ផលិតផល​ជាច្រើន​ទៀត ដែល​យក​ដាក់​បង្ហាញ​បាន​ទាញ​អ្នកវិនិយោគទុន​ពី​ក្វាង​ស៊ី និង​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត​របស់​ចិន​។ បច្ចុប្បន្ននេះ គេ​មាន​គម្រោង​ឲ្យ​កម្ពុជា​ជួល​ទំហំ ៥០០០ ម៉ែត្រការ៉េ ធ្វើ​ជា​ផ្សារ​។ ដោយឡែក​ជំ​ហ៊ាន​ដំបូង​កម្ពុជា ជួល​ត្រឹមតែ ២០០០ ម៉ែត្រការ៉េ​សិន សម្រាប់​ការតាំងពិព័រណ៍​អចិន្ត្រែយ៍​នៅទីនេះ​។​

​លោក ចម ប្រសិទ្ធ មានប្រសាសន៍​ទៀត​ថា ថ្នាក់​ដឹកនាំ​កម្ពុជា និង​ចិន បាន​កំណត់​ថា​និង​យក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យបាន ៥.០០០ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ខាងមុខ ខណៈ​ដែល​នៅ​ឆ្នាំ​២០១២ កន្លងមក គឺ​អនុវត្ត​បាន ២.៩០០ លាន​ដុល្លារ​។ កម្ពុជា​ជឿជាក់ថា អាច​ដល់​គោលដៅ ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​បាន​។ ក្នុង​ឆ្នាំ​២០១៣ រហូតមកទល់​ពេលនេះ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ តាម​តួលេខ​បានបញ្ជាក់​ថា កើន​លើស​ជាង​ឆ្នាំ​២០១២​។​

​ចំណែក​លោក ហ៊ុង យ៉ូវ​ជី​អាង បាន​មានប្រសាសន៍ ដោយ​បាន​ស្វាគមន៍​ចំពោះ​កម្ពុជា ដែល​បាន​បើក​ទីផ្សារ​អចិន្ត្រៃយ៍ ប្រចាំ​នៅ​ទីក្រុង​ណាន​នី​ន ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។ ទីផ្សារ​កម្ពុជា នៅពេលនេះ ដែល​នឹង​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ចិន អាច​ទិញ​នូវ​ផលិតផល​ខ្មែរ​ពិតៗ​។​

​លោក​បាន​មានប្រសាសន៍ថា ការបើក​ទីផ្សារ​នៅ​ប្រទេស​ចិន នៅពេលនេះ គឺជា​ការពង្រីក​ផលិតផល​ខ្មែរ​នៅ​ទីផ្សារ​ចិន ព្រមទាំង​ពង្រីក​នូវ​ទំនាក់ទំនង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​ចិន​ផង​ដែរ​។​

​គួររំលឹកថា ផ្សារ​ទំនើប SOUTH CITY NANING GUANGXI PLAZA គឺ​មាន​ប្រទេស​ចំនួន​៧ ដែល​មក​តាំង​លក់​ផលិតផល​របស់​ខ្លួន​។ ក្នុងនោះ មាន​កម្ពុជា​ផង​ដែរ​។​

​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​មុនគេ ដោយ​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា ១០ រូប មក​ពី​កាសែត​រស្មី​កម្ពុជា កាសែត​នគរវត្ត ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា វេប​សាយសប្បាយ និង​កាសែត​ចិន ចំនួន​បី​ឲ្យចូល​រួមយក​ព័ត៌មាន​ផង​ដែរ​។​

​ជា​ការកត់សម្គាល់ ទីផ្សារ​អចិន្ត្រៃយ៍​របស់​កម្ពុជា ដែល​បាន​បើកសម្ពោធ នៅ​ផ្សារ​ទំនើប SOUTH CITY NANING GUANGXI PLAZA នាពេលនេះ បាន​ធ្វើឡើង ចំ​ពេល​ដែល​ចិន រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន ប្រចាំឆ្នាំ នៅ​ខេត្ត​ក្វាង​ស៊ី នា​ថ្ងៃ​ទី​២​កញ្ញា ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​ផងដែរ​៕