សារអេឡិចត្រូនិច
នាយករដ្ឋមន្រ្តីចិនកោត សរសើរអង្ករកម្ពុជាថាមាន រសជាតិពិសេសបន្ទាប់ពី បានទទួលទានរួច


ណាន​នី​ង: អង្ករ​របស់​កម្ពុជា ត្រូវ​បានរៀបចំ​នៅក្នុង​ពិធីជប់លៀង​អាហារ​ថ្ងៃត្រង់ សម្រាប់​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម នៅក្នុង​ពិធី​តាំងពិព័រណ៍ អាស៊ាន​-​ចិន លើក​ទី​១០ នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ខ្វាង​ស៊ី ប្រទេស​ចិន​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បន្ទាប់ពី​បានទទួល​ទាន​បាយ​ដែល​ដាំ​ចេញពី​អង្ករ​កម្ពុជា បាន​សរសើរ​ថា "​ពិត​ជាមាន​រសជាតិ​ពិសេស​មែន​"​។​

​ក្នុងឱកាស​នៃ​ការស្នាក់អាស្រ័យ​នៅ​ទីក្រុង​ណាន់​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ​២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ឈិន វូ អភិបាលខេត្ត​ក្វាង​ស៊ី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​
​    ​
​នៅក្នុង​ជំនួប​នោះ លោក​អភិបាលខេត្តបាន​ជំរាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថាកាលពីពេល​អាហារ​ថ្ងៃត្រង់លោក​ផ្ទាល់ និងលោកនាយក​រដ្ឋមន្ត្រី​ចិនបានទទួល​ទាន​បាយ​ដែលជា​អង្ករ​របស់​កម្ពុជាក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់ នោះ លោក លី ខឺ​ឈាំ​ង បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​អង្ករ​កម្ពុជា​ថា "​ពិត​ជាមាន​រសជាតិ​ពិសេសមែន"។  នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះដែរ លោក ឈិន វូ បាន​បន្តថា ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី នឹងធ្វើ​ការពិភាក្សា​ជាមួយនឹង​ភាគី​កម្ពុជា ក្នុងការ​កែច្នៃ​កសិផល​របស់​កម្ពុជា ក្នុងការ​នាំចេញ​មកកាន់​ខេត្ត​ក្វាង​ស៊ី ពិសេស​លើ​ផលិតផល​កសិកម្ម និង​បង្កើន​ជើងហោះហើរ ពី​ណាន​នី​ង ទៅកាន់​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។     ​    ​    ​    ​    ​    ​    ​    ​    ​

លោក ឈិន វូ អភិបាលខេត្ត​ក្វាង​ស៊ី បាន​ជំរាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋ​ខេត្ត​ក្វា​ស៊ី ចំនួន​ជាង ៥២ លាន​នាក់ សូម​ស្វាគមន៍​សម្តេច​តេ​ជោ​ជានិច្ច ក្នុងការ​អញ្ជើញ​មកកាន់​ខេត្ត​ក្វាង​ស៊ី ពិសេស​នៅ​ទីក្រុង​ណាន​នី​ង​។
​ទាក់ទិន​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា កាលពីពេល​កន្លងមក លោក​អភិបាលខេត្ត បានមានប្រសាសន៍ ថា ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​បង្ហាញថាប្រជាជន​កម្ពុជា​នៅតែ​គាំទ្រ និង​គោរព​ចំពោះ​សម្តេច  ​តេ​ជោនាយករដ្ឋមន្ត្រី ដែលមាន​សមត្ថភាព​ខ្ពស់ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជាឲ្យ​កាន់តែ​មានការ​រីកចំរើន​ថែមទៀត។​លោក​បាន​មានប្រសាសន៍ថា វត្តមាន​របស់​សម្តេច​តេ​ជោ នៅ​ទីក្រុង​ណាន​នី​ង គឺជា​ការគាំទ្រ​ដ៏​ធំធេង ចំពោះ​ការតាំង​ ពិ​ព័រ​ណ៌​នៅ​ទីក្រុង​ណាន​នី​ង​។

លោក​អភិបាលខេត្ត បាន​ប្រសាសន៍​ដែរ​ថា លោក​មានការ​រីករាយ​ខ្លាំងណាស់ ដោយ​បានឃើញ​វត្តមាន​អង្ករ​កម្ពុជា ដ៏​មាន​គុណភាព​ខ្ពស់ និង​មាន​រសជាតិ​ឆ្ងាញ់ មាន​នៅលើ​ទីផ្សារ​របស់​ខេត្ត​ក្វាង​ស៊ី ពិសេស​នៅ​ទីក្រុង​ណាន​នី​ង​ផ្ទាល់​តែម្តង​។ ការពិភាក្សា​ជាមួយនឹង​ភាគី​កម្ពុជា ក្នុងការ​កែច្នៃ​កសិផល​របស់​កម្ពុជា​ក្នុងការ​នាំចេញ​មកកាន់​ខេត្ត​ក្វាង​ស៊ី ពិសេស​លើ​ផលិតផល​កសិកម្ម និង​បង្កើន​ជើងហោះហើរ​ពី​ណាន​នី​ង ទៅកាន់​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។     ​    ​    ​    ​    ​    ​    ​

នៅក្នុង​ជំនួប​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី ។ ​សម្តេច​បាន​បន្តថា ៖ សម្តេច​បានមក​កាន់​ក្វាង​ស៊ី ចំនួន ៧ ដង​រួចហើយ និង​ត្រូវបាន​ថ្នាក់ដឹកនាំ និង​ប្រជាជន​ខេត្ត​ក្វាង​ស៊ី ផ្តល់​ឋានៈ​ជា​ពលរដ្ឋ​កិត្តិយស​ខេត្ត​ក្វាង​ស៊ី​ផងដែរ​៕​