សារអេឡិចត្រូនិច
រដ្ឋាភិបាលចិនប្រកាសផ្តល់ ហិរញ្ញប្បទាន ២០០លានយាន់ ដល់កម្ពុជាបន្ថែមទៀត លើគម្រោងប្រចាំឆ្នាំ


ណាននីង: រដ្ឋាភិបាល​ចិន បានសម្រេច​ផ្តល់​កម្ចីសម្បទាន ចំនួន ២០០លាន​យាន់​បន្ថែមទៀត ដល់​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​លើទឹក​ប្រាក់ ដែល​បានផ្តល់​ជា​កម្ចីសម្បទាន​រួចមកហើយ ទៅលើ​អ្វីដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា កាលពី​ខែមេសា​ឆ្នាំ ២០១៣ ទៅលើ​គំរោង​ប្រចាំឆ្នាំ​របស់ខ្លួន​។​
​    ​
​ការប្រកាស​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​ការ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុងពេលដែល​សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន​។​

នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន បាន​សំដែង​នូវ​ការរីករាយ​ដោយបាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​បានធ្វើ​ឡើង កាលពី​ខែមេសា​ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ​។ ជាមួយនឹង​កិច្ចសន្ទនា​ដ៏​មាន​សារៈសំខាន់​នោះ ភាគី​ទាំងពីរ បាន​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​ភាព​រីកចំរើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ភាគី​ទាំងពីរ​រួមគ្នា​សំរេច បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​មកនេះ ពិសេស​បន្ទាប់ពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពិសេស​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ និង​ការបង្កើន​កិច្ចសហការ​នៅ​គ្រប់​វេទិកា​ទាំងអស់ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​។​   

​ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏បាន​សន្យា​រួមគ្នា​ផងដែរ ពី​ការជំរុញ​ទំនាក់ទំនង​នៃ​គណបក្សនយោបាយ​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន ដោយបាន​ចាត់ទុកថា ការផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់ ដឹកនាំ​គណបក្ស​ទាំងពីរ កាលពីពេល​កន្លងមក វា​បានរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ផងដែរ​។​    ​    ​     

​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ចិន បានលើកឡើង​ដែរ​ថា នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ និង​មាន​ថ្នាក់ដឹកនាំ​ចិន ដែលជា​មនុស្ស​លំដាប់​ទី​៥ របស់​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​ចិន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​    ​    ​    ​    ​    ​    ​    ​

​នៅក្នុង​ជំនួប​ពិភាក្សា​ដ៏​មាន​សារៈសំខាន់​នោះ លោក លី ខឺ​ឈាំ​ង បាន​សំដែង​នូវ​ការអបអរសាទរ​សាជាថ្មី​ម្តងទៀត ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានទទួល​ជោគជ័យ​ដ៏​ត្រចះ​ត្រង់ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ និង​សង្ឃឹមថា សម្តេច​តេ​ជោ និង​ដឹកនាំ​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ ក្នុង​ការនាំ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចំរើន​ទ្វេ​ឡើង​ថែមទៀត​។​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​   

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក​ប្រធានាធិបតី លោកនាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន ដែល​បាន​ផ្ញើ​នូវ​សារលិខិត ចូលរួម​អបអរសាទរ ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជោគជ័យ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​បាន​បញ្ចប់ទៅ​កាលពីពេល​ថ្មីៗ​កន្លងមក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា សម្តេច ពិតជា​មានការ​រីករាយ ដែល​ក្នុង​រយៈពេល​ជាង ៥ ខែ កន្លងមក ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ជួប​ពិភាក្សាគ្នា​ចំនួន​ពីរលើក ដែល​នោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពជិតស្និទ្ធ និង កិច្ចសហប្រតិបត្តិការ ក្នុងឋានៈ​ជា​មិត្ត​ល្អជា​ដៃគូ​ល្អ នៅក្នុង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​បញ្ជូន​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅ ដែល​នោះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការគាំទ្រ យ៉ាង​ម៉ឺងម៉ាត់​របស់​ចិន ចំពោះ​ប្រទេស​កម្ពុជា​។     ​    ​    ​

​ដោយឡែក លោកនាយក​រដ្ឋមន្ត្រី​ចិន បានប្រកាស​ពី​ការផ្តល់​នូវ​កម្ចី​ឥត​ការប្រាក់​ចំនួន ២០០ លាន​យ័ន​បន្ថែមទៀត ទៅលើ​អ្វីដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា កាលពី​ខែមេសា ឆ្នាំ​២០១៣ ទៅលើ​គំរោង​ប្រចាំឆ្នាំ​របស់ខ្លួន​៕