សារអេឡិចត្រូនិច
នាយករដ្ឋមន្ត្រី​ចិន​សង្កត់ធ្ងន់​អំពី​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន និង​និយាយ​សម្រាល​អំពី​ជម្លោះទឹកដី​


ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាស៊ីអាគ្នេយ៍​អាច​កើន​ទ្វេ​រហូតដល់​១.០០០.០០០​លាន​ដុល្លារ នេះ​បើ​តាម​សម្តី​លោក​នាយករដ្ឋមន្ត្រី​ចិន លី កឺ​ឈៀង ប្រាប់​ទៅ​ពួក​មេដឹកនាំ​តំបន់​។​លោក​ក៏​បាន​និយាយ​សម្រាល​​អំពី​ជម្លោះទឹកដី​និង​សង្កត់​ធ្ងន់​អំពី​ជោគវាសនា​រួម​របស់​ពួកគេ​ជាមួយ​ចិន​។​

​លោក​លី​បាន​អំពាវនាវ​អោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មី​មួយ​រវាង​ភាគី​ទាំងពីរ និង​បាន​និយាយថា កក្តា​រំខាន​មិន​​គួរ​នៅ​ពាំង​ផ្លូវ​នៃ​កិច្ច​សហការ​តំបន់​ទេ​។​

​ពាណិជ្ជកម្ម​បាន​រីក​៦​ដង​ក្នុង​មួយ​ទសវត្សរ៍​មក​នេះ​រហូត​ដល់​៤០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២​រវាង​ចិន​ និង​សមាគម​អាស៊ាន​១០​ប្រទេស​។​ ចិន​អះអាង​ជា​កម្មសិទ្ធិ​នៅលើ​សមុទ្រ​ចិន​ស្ទើរ​ទាំងអស់ ទោះជា​ដែនទឹក​នោះ​នៅ​ជិត​ឆ្នេរ​ប្រទេស​ជិតខាង​ខ្លួន​ក្តី និង​កាន់តែ​អះអាង​​លើ​បញ្ហា​នេះ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​តែ​លោក​លី​បាន​និយាយ​សម្រាល​ជម្លោះ ក្នុងពេល​ថ្លែង​ទៅកាន់​ជំនួប​កំពូល​ធុរកិច្ច​និង​ការវិនិយោគ​ព្រមទាំង​ពិព័រណណ៍​ចិន​-​អាស៊ាន​​លើ​ទី​១០​នៅ​ទីក្រុង​ណាន់​នី​ញ ដោយ​លោ​បាន​អះអាង​ឡើងវិញ​អំពី​ការអំពាវនាវ​របស់​ចិន​អោយ​មាន​កិច្ច​ចរចា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ស្រង់​សម្តី​របស់​លោក​លី​ដែលថា​"​យើង​ក៏​បាន​កត់សំគាល់ឃើញ​ថា​នៅ​មាន​កក្តា​រំខាន​ខ្លះ​នៅក្នុង​តំបន់​ដែល​វា​ប្រឆាំង​នឹង​ស្ថិរភាព​និង​ការអភិវឌ្ឍន៍ តែ​ពួក​វា​មិន​មាន​អនុភាព​លុប​លើ​ទេ​។ ​ភាគី​ចិន​នៅ​តែ​គិត​ថា​ជម្លោះ​សមុទ្រ​ចិន​ខាង​​ត្បូង​មិន​ជា​បញ្ហា​មួយ​រវាង​ចិន​និង​អាស៊ាន វា​មិន​គួរ​និង​មិន​ប៉ះពាល់​កិច្ចសហការ​ចិន​-​អាស៊ាន​ទាំងមូល​ទេ​"​។​

"​រដ្ឋាភិបាល​ថ្មី​របស់​ចិន​នឹង​...​ស្ថាបនា​សហគមន៍​នៃ​ជោគវាសនា​រួម​មួយ​ដើម្បី​ចែករំលែក​សន្តិភាព​ និង​វិបុលភាព​។​ ចិន​និង​អាស៊ាន​​មាន​អំណាច​ដើម្បី​បង្កើត​'​ទសវត្សរ៍​ពេជ្រ​'​មួយ​នៅ​ពេល​អនាគត​"​។​

​សមាជិក​អាស៊ាន រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ តែង​អះអាង​កម្មសិទ្ធិ​ត្រួត​គ្នា​នៅ​ផ្នែក​ផ្សេងៗ​នៃ​សមុទ្រ​ចិន​​ខាងត្បូង និង​កោះ​តៃវ៉ាន់​ក៏​អះអាង​ផ្នែក​ទាំងស្រុង​របស់​វា​ដែរ​។​

​ជម្លោះ​នោះ​បាន​កក្រើក​ញ័រ​អស់​ពេល​មួយ​ទសវត្សរ៍​មក​ហើយ តែ​ចំណាត់ការ​របស់​ចិន​ដើម្បី​គាំទ្រ​ការអះអាង​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​បាន​បង្ក​ការព្រួយបារម្ភ​ក្នុង​ចំណោម​ប្រទេស​ជិតខាង​ខ្លួន ជាពិសេស​វៀតណាម​ និង​ហ្វីលីពីន​។​ ចិន​បដិសេធ​អាជ្ញាកណ្តាល​របស់​អង្គការសហប្រជាជាតិ សំរាប់​ដោះស្រាយ​បញ្ហា​នេះ នៅពេល​ហ្វីលីពីន​បាន​ស្នើសុំ​។​

​ក្នុង​ពិធី​តាំងពិព័រណ៍ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​មាន​វត្តមាន តែ​ប្រធានាធិបតី​ហ្វីលីពីន លោកបេ​នីក​ណូ អា​គីណូ មិនបាន​ចូលរួម​​ទេ​បន្ទាប់​ពី​អាជ្ញាធរ​ចិន​ដាក់​លក្ខខណ្ឌ​សំរាប់​ដំណើរ​របស់​លោក នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​។​

​កាលពី​ថ្ងៃ​អង្គារ ហ្វីលីពីន​បាន​ចោទប្រកាន់​ចិន​ថា​ដាក់​ដុំថ្ម​ស៊ីម៉ង់ត៍​នៅ​លើ​តំបន់​ទឹក​រាក់​ Scarborough Shoal ​ដែល​ជា​ទឹកដី​របស់​ខ្លួន​​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕