សារអេឡិចត្រូនិច
ប្រជាពលរដ្ឋស្វាយរៀងព្រួយ បារម្ភពីតម្លៃស្រូវនាំចេញ ធ្លាក់តម្លៃ


ស្វាយរៀង: រៀងរាល់ថ្ងៃ គេ​ឃើញ​រថយន្ត​ដឹកស្រូវ​ធុន​ធំៗ​ជាច្រើន​គ្រឿង សម្រុក​ដឹកស្រូវ​ពី​កម្ពុជា ទៅ​លក់ ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម តាមផ្លូវ​លេខ 314 D ពី​ផ្សារ​ប្រសូត្រ ដល់​ប្រឡាយ​ទាហាន ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ថ្មី ស្រុង​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ស្រូវ​អ៊ី​អ៊ែរ ដែល​ប្រជាពលរដ្ឋ​និយម​ធ្វើ​នោះ ក្នុង​មួយ​គីឡូក្រាម ឈ្មួញ​ទិញ​ថ្លៃ ៨៥០ ទៅ ៩០០​រៀល​តែប៉ុណ្ណោះ​។ ចំពោះ​ការធ្វើ​ស្រែ​វិញ មួយឆ្នាំ អាចធ្វើ ៣-៤ ដង ឲ្យ​ផល​ពី ៤-៥​តោន ក្នុង​មួយ​ហិកតា តែបើ​ធ្វើទៅ​ល្អ​បាន​ផល​ពី ៥-៦​តោន ក្នុង​មួយ​ហិកតា​។

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា ទោះជា​យ៉ាងណាក៏ដោយ ក្រោយពេល​ប្រមូល​ផល​ស្រូវ​ហើយ​នោះ ប្រជាពលរដ្ឋ​ខ្លះ បាន​ត្អូញត្អែរ​ពី​ការខាតបង់​ប្រាក់ចំណេញ ដោយសារ​ចំណាយ​ធំ​ជាង​ចំណូល ព្រោះ​តម្លៃ​ជី​ចេះតែ​ឡើងថ្លៃ ដោយ​ក្នុង​មួយ​ហិកតា ត្រូវ​ចំណាយ​សរុប ទាំង​ថ្លៃ​ជី ទាំង​ថ្លៃ​ភ្ជួរ​រាស់ ច្រូតកាត់ អស់​ប្រមាណ ៤​លាន​រៀល​។ នៅពេល​យកទៅលក់​ឲ្យ​ឈ្មួញ​វៀតណាម ដែល​ចូល​ម​ទិញ​តាម​ទូក នៅជាប់​ព្រំដែន គេ​ឲ្យ​តម្លៃ​ទាប​។​

ប្រជាពលរដ្ឋ បាន​និយាយថា បើសិន​នៅក្នុង​ប្រទេស​យើង មាន​ក្រុមហ៊ុន​ដែល​ទទួល​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ ក្នុងតម្លៃ​សមរម្យ​នោះ ហើយ​នាំ​ជា​អង្ករ​ចេញ អាចធ្វើ​ឲ្យ​ជីវភាព​ពួកគាត់ ប្រសើរ​ជាង​មុន​ពុំខាន​។​

​ដោយឡែក ក្រុមអាជីវករ​ដែល​ទិញស្រូវ​ពី​ស្រុក​ខ្មែរ យកទៅ​នោះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មូល​ហេតុដែល​ទិញស្រូវ មានតម្លៃ​ថោក ពីព្រោះ​ត្រូវ​ចំណាយ​ក្នុងការ​ដឹកជញ្ជូន ខ្លះ​មកពី​ខេត្តកំពង់ចាម ព្រៃវែង  ហើយ​ការដឹកជញ្ជូន មាន​ចម្ងាយ​ឆ្ងាយ ហើយក៏​មានមក​ពី​ខេត្តកំពង់ធំ​ផងដែរ​៕