សារអេឡិចត្រូនិច
ធនធានបាតសមុទ្រខ្មែរ កំពុងប្រឈមនឹងភាពអន្តរាយ ក្នុងអំឡុងពេល ២ឆ្នាំខាងមុខនេះ


ភ្នំពេញ: ក្រុម​អ្នក​អភិរក្ស បាន​អះអាងថា ធនធាន​បាតសមុទ្រ​ខ្មែរ កំពុង​ប្រឈម​នឹង​ភាព​អន្តរាយ ក្នុងអំឡុងពេល​២​ឆ្នាំ​ខាងមុខនេះ ។
​ការអះអាង​នេះ បាន​យោងទៅលើ​អ្វីដែល​ហៅថា ជា​បទល្មើស​នេសាទ​សមុទ្រ​ពី​សំណាក់​អ្នកនេសាទ​វៀតណាម និង​នេសាទ​ថៃ ដែល​បាន​ចូលមក​រំលោភ​ក្នុង​ដែនសមុទ្រ​កម្ពុជា យ៉ាង​អនាធិបតេយ្យ បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ជីវសាស្ត្រ​ផ្កាថ្ម និង​សត្វ​សមុទ្រ​ជាច្រើន​ទៀត​ក្នុង​តំបន់​រមណីយដ្ឋាន​បាតសមុទ្រ​ខ្មែរ ដែល​កំពុងមាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន ចូលទៅ​មុជទឹក​ទស្សនា​កម្សាន្ត​រាល់​ថ្ងៃនោះ​។​

លោក កាន់ ភារៈ ប្រធាន​ក្រុមហ៊ុន​មុជទឹក​សមុទ្រ​កោះរុង និង​ជា​ប្រធាន​អង្គការ​អភិរក្ស​ផ្កាថ្ម បាន​ឲ្យ​ដឹងថាៈ តំបន់​បាតសមុទ្រ នៅ​ចន្លោះ​កោះរុង និង​កោះរុងសន្លឹម និង​តំបន់​ប្រជុំ​កោះ​មួយចំនួនទៀត ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ ត្រូវបាន​អ្នកនេសាទ​វៀតណាម និង​អ្នកនេសាទ​ថៃ រំលោភ​ចូលមក​ធ្វើការ​នេសាទ​ត្រី នៅក្នុង​ដែនសមុទ្រ​កម្ពុជា ហើយ​បាន​បំផ្លាញ​ផ្កាថ្ម និង​សត្វ​សមុទ្រ​ជាច្រើន​ទៀត​។ ទូក​នេសាទ​វៀតណាម មានពេលខ្លះ គេ​ចូលមក​លួច​នេសាទ​ចាប់​សេះ​សមុទ្រ ឈ្លើងសមុទ្រ យកទៅលក់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​បាតសមុទ្រ ឬ​បំផ្លាញ​ជីវសាស្ត្រ​ចម្រុះ តាមរយៈ​ការប្រើ​ឧបករណ៍​នេសាទ​ទំនើបៗ​ជាច្រើន​ទៀត ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​រេចរឹល និង​បំផ្លាញ​ផ្កាថ្ម​ទាំងស្រុង​។​

លោក ភារៈ បានបញ្ជាក់​ទៀតថាៈ បើ​មិនមាន​វិធានការ​ទាន់ពេលវេលា​ទេ ពីរ​ឆ្នាំ​ទៀត តំបន់​ដែល​បានលើកឡើង​ខាងលើ នឹងត្រូវ​វិនាស​អស់ហើយ​។ តំបន់​ដែលមាន​ផ្កាថ្ម​ដុះ​ល្អ គឺមាន​ក្នុង​តំបន់​សមុទ្រ ដែលមាន​ជម្រៅ​ទឹក ៤២ ម៉ែត្រ​។ តែ​បាតសមុទ្រ​នៅ​វៀតណាម មិនមាន​ផ្កាថ្ម​ល្អ ដូច​បាតសមុទ្រ​នៅ​កម្ពុជា​ទេ​។ ដោយសារ តែ​បាតសមុទ្រ​វៀតណាម រាក់​ជាង​បាតសមុទ្រ​កម្ពុជា​។​

ប្រធាន​អភិរក្ស​រូបនេះ បាន​អំពាវនាវ​ធ្វើយ៉ាងណា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​រដ្ឋបាល​ជលផល ដែលមាន​ភារកិច្ច​គ្រប់​គ្រង​តំបន់​នេសាទ​សមុទ្រ ដែល​បាន​ចាត់ចែង និង​បែងចែក​តំបន់​នេសាទ និង តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ ជួយ​ការងារ និង​ទប់ស្កាត់​ការនេសាទ​ល្មើសច្បាប់​នេះ ពិសេស​ទៀត អ្នកនេសាទ​បរទេស ដែល​ចេះតែ​រំលោភ​ក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា រាល់ថ្ងៃ​៕​