សារអេឡិចត្រូនិច
ល្អាង​ភ្នំ​ពិសិដ្ឋ​នៅ​ភ្នំ​កំពង់ត្រាច : ករណី​ល្អាង​វាលស្រែ​មួយរយ​


​ក្នុងចំណោម​ល្អាង​ភ្នំ ដែល​ប្រកបដោយ​ភាពអាថ៌កំបាំង នៅ​ភ្នំ​កំពង់ត្រាច​ខេត្តកំពត ល្អាង​ភ្នំ​មួយ​បានធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍​ជាងគេ​គឺ ល្អាង​វាលស្រែ​មួយរយ​។ ហេតុអ្វី​បានជា​យើង​ចាប់អារម្មណ៍​?​។  ​ដោយហេតុថា កាលពី​កុមារភាព​ប្រមាណ​ជា​៥០​ឆ្នាំមុន​កន្លងផុតទៅ យើង​បានឮ​មានរឿង​ព្រេង​ពាក់ព័ន្ធ​ទៅនឹង​ល្អាង​នេះ ដែល​អ្នក​ស្រុកភូមិ​ចាត់ទុកថា ជា​កន្លែង​មួយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​អស្ចារ្យ ក្នុង​ខេត្តកំពត​។

យើង​សង្កេត​ថា ពេលនោះ​ក៏​ដូច​បច្ចុប្បន្នភាព​ដែរ អ្នកស្រុក​រមែងតែ​ទៅ​បន់ស្រន់​បួងសួង​ដល់​ព្រលឹង​ដូនតា​ដែល​នៅ​ទីនោះ ឲ្យ​មេត្តាជួយ​ពួកគេ​ឲ្យ​ផុតពី​ទុក្ខភ័យ​ទាំងឡាយ​។ ​មួយវិញទៀត យើង​ក៏​នៅ​ចង​ចាំបាន​ថា ជួនកាល​ដោយ​មើលឃើញ​នូវ​ភាព​សិ​ក្តិ​សិទ្ធិ​នៃ​ល្អាង​នេះ អ្នកស្រុក​ដែល​ខ្វះ​ទឹកភ្លៀង​ក៏បាន​ចូល​បន់ស្រន់​ក្នុង​ល្អាង​នោះ ដែល​គេ​សន្ម​ត់​ថា ជា​វត្ថុ​ស័ក្តិ​សិទ្ធ​អាច​ផ្តល់​ទឹក​ដែល​គេ​ត្រូវការ​សម្រាប់​ស្រែចំការ​ផងដែរ​។ តើ​ល្អាង​វាលស្រែ​មួយរយ មាន​រូបរាង​យ៉ាងដូចម្តេច​?

សូមជម្រាបថា ឈ្មោះ​វាលស្រែ​មួយរយ គឺជា​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​ល្អាង​ភ្នំ​មួយ​ក្នុងចំណោម​ល្អាង​ពិសិដ្ឋ​ជាច្រើន នៅ​ភ្នំ​កំពង់ត្រាច ដូចជា​ល្អាង​ក្រពើ​ធា​រាវ​ណ្ណ ល្អាង​ខ្លាសរ ល្អាង​ដំរី ល្អាង​ជើង​លោក​មេទ័ព និង​ល្អាង​ក្បាលក្រពើ​ជាដើម​។ តែ​នៅទីនេះ ខុសពី​ល្អាង​ផ្សេងៗ ល្អាង​នេះ​មានទឹក​សើម​បន្តិច​ដែល​ហូរ​ចេញពី​បាត​ភ្នំ ជាហេតុ​ធ្វើ​ឲ្យ​ថ្ម​សឹក ហើយ​បង្កើត​ឲ្យ​មាន​ជា​សណ្ឋាន ឬ​ថ្នាក់ៗ ដូច​ទិដ្ឋភាព​នៃ​វាលស្រែ​ជា​ថ្នាក់ៗ​តាម​ចង្កេះភ្នំ នៅ​ប្រទេស​លាវ​/​ឡាវ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​អញ្ចឹង​។ បើទោះបីជា​គេ​គ្មាន​ជំនឿ​លើ​អច្ឆរិយៈ​ភាព​ក្តី ក៏​លក្ខណៈ​នៃ​ល្អាង​នេះ​ជា​ថ្នាក់ៗ​គួបផ្សំ និង​ទីតាំង​ដែល​មិនសូវ​ធំ​ទូលាយ​ប៉ុន្មាន ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ប្លែក​ពី​ប្រក្រតី​។​

​សង្ខេប​សេចក្តី​មក ល្អាង​វាលស្រែ​មួយរយ ដែលមាន​លក្ខណៈ​ដូច​រលក​ទឹក មាន​សណ្ឋាន​ជា​ថ្នាក់ៗ​ចំនួន​រាប់មិនអស់ តំណាង​វាលស្រែ​រាប់រយ​រាប់ពាន់ ដែល​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ខ្មែរ គឺជា​អច្ឆរិយវត្ថុ​ពោរពេញ​ទៅដោយ​បុណ្យ​បារមី​។ ព្រោះថា ទីតាំង​នេះ​ត្រូវបាន​បង្កើតឡើង​ដូច​ទីតាំង​ដទៃៗ​ឯទៀត ដោយ​បុព្វបុរស ឬ​ព្រឹទ្ធ​ដូនតា​។ ម្ល៉ោះហើយ ល្អាង​នេះ មាន​អត្ថន័យ​សំខាន់​ណាស់ ចំពោះ​អ្នក​ស្រុកភូមិ​ជិត​ឆ្ងាយ​ក្នុង​តំបន់​។​

​នៅពេលដែល​គយគន់​ទិដ្ឋភាព​រួម​នៃ​ល្អាង​នេះ មាន​អារម្មណ៍​ថា សណ្ឋាន​នៃ​ល្អាង​នោះ ហាក់បី​ជា​តំណាង​ឲ្យ​រលក​ទឹកចិត្ត​មនោគមវិជ្ជា​សាសនា ដែល​ផ្ទះ​ចេញពី​ជម្រៅ​ក្រអៅបេះដូង​របស់​ពួកគេ ហើយ​ញ៉ាំង​ឲ្យ​ពួកគេ​ប្រ​ដូ​ត​សណ្ឋាន​ទាំងនោះ​ទៅ​និង​វាលស្រែ ក្នុង​បុព្វ​ជាតិ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បុព្វការី​ជន​។​

​អត្ថន័យ​នៃ​វាលស្រែ​មួយរយ ទើបតែ​ត្រូវបាន​បកស្រាយ​រួច​ដោយ​ត្រួសៗ ប៉ុន្តែ​សូម​ជម្រាប​បន្ថែមទៀតថា ក្នុង​ប្រព័ន្ធ​ជំនឿ​សាសនា​របស់​មនុស្សជាតិ រូងភ្នំ ឬ​ល្អាង​ភ្នំ ក៏ដូចជា​ភ្នំ​រមែងតែ​បង្កប់​នូវ​អាថ៌កំបាំង ដែលមាន​លក្ខណៈ​ជាស​កល​។ ដូច្នេះហើយ ទើប​នៅ​ជុំវិញ​បញ្ហា​នេះ​រមែងតែ​បង្កប់​នូវ​អាថ៌កំបាំង ដែលមាន​លក្ខណៈ​ជាស​កល​។​

​ម្យ៉ាងវិញទៀត សម្រាប់​អ្នកស្រែ​ចំការ ល្អាង​ភ្នំ​ទាំងនោះ រួមមាន​ល្អាង​ភ្នំ​វាលស្រែ​មួយរយ សុទ្ធសឹងតែ​ជា​ស្នាដៃ បង្កើត ឡើង​ដោយ​បុព្វបុរស ហើយ​ប្រកបដោយ​លក្ខណៈ​វត្ថុ​ស័ក្តិសិទ្ធិ​អស្ចារ្យ ដែល​អាច​បីបាច់​ថែរក្សា​កូនចៅ​ឲ្យ​បាន​សុខ​សប្បាយ​។ មានន័យថា សម្រាប់​មនុស្ស​ខ្មែរ ធម្មជាតិ ដូចជា​ថ្ម​, ភ្នំ​, ល្អាង​៘ គឺ​សុទ្ធសឹងតែ​ជា​ទង្វើ ឬ​ការ​ស្តែងចេញ​នូវ​ឫទ្ធានុភាព ជ័យ​ជេ​ស្តា បុណ្យ​បារមី​នៃ​បុព្វបុរស ដែល​បាន​ចែក​ឋាន​ទៅ ប្រយោជន៍​និង​បីបាច់​ថែរក្សា ការពារ​សង្គមមនុស្ស​ឲ្យ​គង់វង្ស​ឋិតថេរ​ជានិច្ច​និរន្ត​ន៍​។ ហើយ​គំនិត​បកស្រាយ​បែប​អច្ឆរិយៈ​ភាព​នេះ គឺជា​ទស្សន​វិទ្យា​ស្តីពី​លោក ដែលជា​មរតក​វប្បធម៌​អរូបី​យ៍​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គេ​មិនត្រូវ​វាយតម្លៃ​ទាប​បានជា​ដាច់ខាត​។​

​ជា​អវសាន សូម​ជម្រាប​ផងដែរ​ថា ពាក្យ​វាលស្រែ​មួយរយ ក្នុង​និយមន័យ​ទូទៅ​ត្រូវ​ផ្សាភ្ជាប់​ទៅនឹង​ភាព​ផូរផង់ វិសាល ភាព​នៃ​ទឹកដី​ដែល​សម្បូរ​ទៅដោយ​សញ្ញា​ជាតិ ដែលជា​ប្រភព​នៃ​ជីវិត ដូច​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ប្រជាប្រិយ៍ ដែល​គេ​រមែងតែ​ដឹងឮ​ស្រាប់​។ ក្នុងន័យនេះ កាលបើ​គេ​ចង់បាន​ភាព​ផូរផង់ ត្រជាក់ត្រជុំ រុងរឿង​ថ្កើងថ្កាន ពោលគឺ សុភមង្គល​ក្នុង​ជីវិត គេ​ត្រូវតែទៅ​បន់ស្រន់​នៅក្នុង​ល្អាង​ពិសិដ្ឋ​ដូនតា​ទាំងនោះ ដែល​ផ្សាភ្ជាប់​និស្ស័យ​របស់​ពួកគេ​ទៅ​និង​ព្រលឹង​ដូនតា ហាក់បីដូចជា​ស្រមោល​អន្ទោលតាមប្រាណ​៕