សារអេឡិចត្រូនិច
តុលាការ​ចិន​មួយ​បាន​បញ្ជា​អោយ​ប្រហារជីវិតដោយ​ការ ចាក់​ថ្នាំ​សំរាប់​មនុស្ស​៤​នាក់​ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​ការសម្លាប់​នាវិក​ចិន​១៣​នាក់​ក្នុង​ទន្លេមេគង្គ​។​


ប្រឈម​ការប្រហារជីវិត​នៅ​ថ្ងៃ​សុក្រ​នេះ រួមមាន​Naw Kham ជា​ស្តេចត្រាញ់​ថ្នាំញៀន​មី​យ៉ាន់​ម៉ា និង​ជន​សមគំនិត​៣​នាក់​ទៀត​​ដែល​ទោស​ប្រហារជីវិត​របស់គេ​ត្រូវបាន​ប្រកាស​តាំង​ពី​ខែ​ធ្នូ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា តុលាការ​មួយ​ក្នុង​ក្រុង​គុន​មី​ញ​នៃ​ខេត្ត​យុន​ណាន​របស់​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​​និយាយថា​ជន​ទាំង​៤​នឹង​ត្រូវ​ប្រហារជីវិត​នៅក្នុង​ទីក្រុង​។​
សវនាការ​របស់​ស្តេច​ថ្នាំញៀន​តំបន់ត្រីកោណមាស​Naw Kham​និង​បក្ខពួក​បាន​បញ្ចប់​កាលពី​ខែ​វិច្ឆិកា​មុន និង​ការ​ប្រហា​រ​​ជីវិត​ត្រូវ​ធ្វើ​នៅ​ថ្ងៃស្អែក​នេះ​
​ឧក្រិដ្ឋជន​បី​នាក់​ទៀត​ឈ្មោះ​Hsang Kham​មកពី​ថៃ Yi Lai ជា​ជន​គ្មាន​រដ្ឋ និង​Zha Xika ជា​ជនជាតិ​ឡាវ​។​

​ស៊ីន​ហួរ​បាន​និយាយ​ទៀត​ថា​តុលាការ​បាន​ច្រាន​ចោល​ការប្តឹង​ឧទ្ធរណ៍​និង​រក្សា​ទុក​ទោស​ប្រហារជីវិត​។​តុលាការ​ជាន់ខ្ពស់​ដែល​​ក្រោយមក​បាន​ត្រួតពិនិត្យ​ករណី​របស់​គេ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រហារជីវិត​។​

​របាយការណ៍​បាន​និយាយ​ទៀត​ថា​តុលាការ​ជាន់​ទាប​បាន​រៀបចំ​អោយ​មន្ត្រី​ស្ថាន​កុងស៊ុល​មី​យ៉ាន់​ម៉ា​និង​ថៃ​ព្រមទាំង​សាច់ញាតិ​​បាន​ចូលជួប​អ្នកទោស​ជា​ចុងក្រោយ​។​

​ក្នុង​ការសំរេច​ចិត្តកា​លពី​ខែ​ធ្នូ ទោស​ប្រហារជីវិត​សំរាប់​អ្នកទោស​ម្នាក់ទៀត​ត្រូវបាន​បន្ធូ​ត​បន្ថយ​និង​ជនសង្ស័យ​ទី​៦​ត្រូវបាន​កាត់​​ទោស​អោយ​ជាប់គុក​៨​ឆ្នាំ​។​

​ជនជាប់ចោទ​ទាំង​៦​នាក់​ត្រូវបាន​ដាក់ទោស​ចំពោះ​មនុស្ស​ឃាត ចាប់ជំរិត​និង​ចាប់ពង្រត់​អន្តរជាតិ​។​

Naw Kham ត្រូវបាន​ចោទប្រកាន់​ថា​ជា​មេក្លោង​នៃ​ក្រុម​ជួញដូរ​ថ្នាំញៀន​ប្រដាប់​អាវុធ​ដ៏​ធំ​បំផុត​នៅ​តាម​ដង​ទន្លេមេគង្គ ដែល​ហូរ​​កាត់​ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ កម្ពុជា​និង​វៀតណាម​។​

​ក្រុម​នេះ​ត្រូវបាន​ចោទប្រកាន់​ថា​បាន​វាយប្រហារ​លើ​នាវា​ដឹក​ទំនិញ​ចិន​២​កាលពី​ខែ​តុលា​ឆ្នាំ​២០១១ ដោយ​បាន​សម្លាប់​នាវិក​ចិន​​ចំនួន​១៣​នាក់​។​ក្រុម​នេះ​ក៏​ជាប់ចោទ​ថា​បាន​ពាក់ព័ន្ធ​ក្នុងការ​ករណី​ចាប់ជំរិត​ពលរដ្ឋ​ចិន​នៅ​តាម​ដង​ទន្លេមេគង្គ​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​រួមគ្នា​របស់​ប៉ូលិស​ចិន ឡាវ មី​យ៉ាន់​ម៉ា​និង​ថៃ​នៅ​ក្នុង​ការតាមប្រមាញ់​សមាជិក​ក្រុម​នេះ​កាលពី​ឆ្នាំមុន​៕