សារអេឡិចត្រូនិច
ស្លាប់​35​ ៣៥នាក់ និង ២០នាក់ទៀត ​រងរបួស​ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ក្រុង​


ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ផ្សាយ​ថា​ រថយន្ត​ដឹក​អ្នក​ដំណើរ​ក្នុង​ប្រទេស​កេន​យ៉ា​ បាន​ជួប​ឧបទ្ទវ​ហេតុ​ក្រឡាប់​រថយន្ត​ក្បែរ​ទីក្រុង​អេម​វីង គីស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣៥​នាក់​ និងប្រហែល​២០​នាក់​ទៀត​រង​របួស​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ ព្រោះ​មាន​អ្នក​រង​របួស​ធ្ងន់​ជា​ច្រើន​នាក់ ។​

កាសែតរបស់​កេនយ៉ា​បាន​ផ្សាយ​ថា​ ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ខណៈ​រថយន្ត​នេះ​ធ្វើ​ដំណើរ​ពី​ក្រុង​ណៃរ៉ូប៊ី​ ឆ្ពោះ​ទៅ​ទី​ក្រុង​អេមវីងគី​ ក្រុង​ម៉េន​ដេរ៉ា​ និង​ក្រុង​ណាការីសា​ ដោយ​មាន​អ្នក​ដំណើរ​ជា​ច្រើន​នាក់​ជិះ​លើ​រថយន្ត​ដើម្បី​ទៅ​ចូល​រួម​បោះ​ឆ្នោត​សភា​ ប្រធានា​ធិបតី​ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៤​ មីនា​ខាង​មុខ​ ។ ចំណែក​លោក​ហ្វារ៉ា​ អាដេន​អាលី​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកដំណើរ​ដែល​រួច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​បញ្ជាក់​ថា​ ហេតុ​ផល​មួយ​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​នាក់​បែប​នេះ​ដោយ​សារ​ការ​យឺត​យ៉ាវ​របស់​បុគ្គលិក​ជួយ​សង្គ្រោះ​ ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​ជាប់​ក្នុង​រថយន្ត​មួយ​ចំនួន​ស្លាប់​ព្រោះ​ហូរ​ឈាម​ច្រើន​ពេក។​

លោក​បាន​បញ្ជាក់​ថា​ រថយន្ត​ក្រុង​ខាង​លើ​មាន​បញ្ហា​ប្រព័ន្ធ​ហ្វ្រាំង​ចាប់​តាំង​ពី​ពេល​ចេញ​ដំណើរ​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ីមក​ ។​ លោក​អាដេន​ អាលី​ អះ​អាង​ថា​ «អ្នក​បើក​បរ​បាន​បាត់បង់​ការ​បញ្ជា​ គេ​ព្យាយាម​ទប់​លំនឹង​រថ​យន្ត​ ដែរ​ប៉ុន្តែ​បែរ​ជា​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ទៅ​វិញ» ។​គួរ​បញ្ជាក់​ថា​ មាន​ផ្លូវជា​ច្រើន​ខ្សែ​ក្នុង​ប្រទេស​​កេន​យ៉ា​ស្ថិត​ក្នុង​សភាព​ដ៏​អាក្រក់​ ព្រោះ​មិន​សូវ​ទទួល​បាន​ការ​ជួស​ជុល​ឱ្យ​បាន​ដិត​ដល់​ពី​អាជ្ញាធរ​ទេ ៕​