សារអេឡិចត្រូនិច
សម្តេច​សង្ឃ​បេ​នេ​ឌី​ក​ ទី​១៦ លាលែង​តំណែង​ជាស​ម្តេច​សង្ឃ​កាតូលិក


សម្តេច​សង្ឃ​កាតូលិក​បេ​នេ​ឌី​ក​ទី​១៦ បាន​លាលែង​តំណែង​ជាស​ម្តេច​សង្ឃ​កាតូលិក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដោយមាន​សង្ឃដីកា​ថា “ ឥឡូវនេះ ព្រះអង្គ​នឹង​ក្លាយជា​អ្នក​ធម្ម​យាត្រា​ដ៏​សាមញ្ញ​ម្នាក់​ ដែល​នឹង​ចាប់ផ្តើម​ធ្វើដំណើរ​ជា​ចុងក្រោយ​​របស់​ព្រះអង្គ​នៅលើ​ផែនដី​នេះ​”។​ ​

សម្តេច​សង្ឃ​កាតូលិក ព្រះជន្ម​៨៥​ព្រះវស្សា​អង្គ​នេះ បាន​យាង​តាម​ឧទ្ធម្ភាគចក្រ​ចេញពី​បុរី​វ៉ា​ទី​កង់​ក្នុងប្រទេស​អ៊ីតាលី​ឆ្ពោះទៅកាន់​​និវេសនដ្ឋាន​របស់​ព្រះអង្គ​នៅ​វិហារ ​Castel Gandolfo នៅ​ជិត​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បន្ទាប់ពី​មាន​សង្ឃដីកា​ជា​ចុង​​ក្រោយ​របស់​ព្រះអង្គ​ទៅកាន់​ក្រុម​បព្វ​ជិត​កាតូលិក​ដ៏​ច្រើន​ដែល​មកជួប​ជុំគ្នា​នៅ​បុរី​វ៉ា​ទី​កង់ ។​

​សម្តេច​សង្ឃ​កាតូលិក​អង្គ​នេះ បាន​លាលែង​ពី​តំណែង​ជា​ប្រមុខ​ដឹកនាំ​សាសនា​កាតូលិក​នេះ បន្ទាប់ពី​ព្រះអង្គ​បាន​ដឹកនាំ​អស់​រយៈពេល​​ជិត​៨​ឆ្នាំ ហើយព្រះអង្គ​បាន​ក្លាយជា​សម្តេច​សង្ឃ​កាតូលិក​ទីមួយ​ដែល​បាន​លាលែង​តំណែង​នេះ​ក្នុង​រយៈពេល​៦០០​ឆ្នាំ​ចុង​ក្រោយនេះ៕