សារអេឡិចត្រូនិច
ម៉ាឡេស៊ី​នឹង​រៀបចំ​កិច្ចពិភាក្សា​សន្តិភាព​ របស់​ថៃ​នៅ ​២​សប្តាហ៍​ទៀត​


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត៍ថា​ ថៃ​ និង​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ជាច្រើន​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​នឹង​ធ្វើ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៅ​២​សប្តាហ៍​ទៀត​ដើម្បី​ព្យាយាម​បញ្ចប់​ការបះបោរ​។​

​លោក​ណា​ជីប រ៉ា​ហ្សាក់ បាន​បញ្ចេញ​ព័ត៌មាន​នេះ​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​​និង​បន្ទាប់​ពី​ថៃ​និង​ក្រុម​ឧទ្ទាម Barisan Revolusi Nasional (BRN)​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​សំរាប់​ចាប់ផ្តើម​ដំណើរ​​ការរក​សន្តិភាព​។​

​យី​ង​ឡាក់​បាន​និយាយថា​ថៃ​ចង់ឃើញ​ដំណោះស្រាយ​ឋិតថេរ​មួយ​នៅ​បណ្តា​ខេត្ត​តាម​ព្រំដែន​ខាងត្បូង កន្លែង​ដែល​ការបះបោរ​រយៈ​​ពេល​៩​ឆ្នាំ​មកនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាង​៥.៥០០​នាក់​។​

​លោកស្រី​យី​ង​ឡាក់​កំពុងស្ថិត​នៅ​ម៉ាឡេស៊ី​សំរាប់​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​ជាមួយ​លោក​ណា​ជីប​អំពី​បញ្ហា​ទ្វេភាគី តែ​ចំណុច​សំខាន់​គឺ​ការបះបោរ​នៅ​ភាគខាងត្បូង​ថៃ​។​លោកស្រី​បាន​និយាយ​ថា​ថៃ​មាន​បំណង​ចូល​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​នៃ​ការចរចា​ជាមួយ​អ្នកពាក់ព័ន្ធ​និង​ក្រុម​ទាំងអស់​ដើម្បី​ដោះស្រាយ​មូលហេតុ​ឬ​សគល់​នៃ​បញ្ហា​។​

​ចំណែក​លោក​ណា​ជីប​បាន​និយាយថា "​ចូរ​យើង​សង្ឃឹម​និង​បន់ស្រន់​អោយ​កិច្ចចរចា​បន្តបន្ទាប់​ដែល​នឹង​ចាប់ផ្តើម​នៅ​២​សប្តាហ៍​​ទៀត​នាំ​មក​លទ្ធផល​ជាទី​គាប់ចិត្ត​"៕