សារអេឡិចត្រូនិច
​ˆ​អ្នក​មាន​សម្ពាធ​ឈាម​ទាប​ គួរទទួលទាន​អ្វី​


ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​ទៅ​ពិនិត្យ​នៅ​ផ្នែក​សរសៃឈាម​បេះដូង នៅតាម​បណ្តា​មន្ទីរពេទ្យ សុទ្ធតែ​មាន​សម្ពាធ​ឈាម​ខ្ពស់ ប៉ុន្តែ​មាន​មួយចំនួន​តូចមាន​សម្ពាធ​ឈាម​ទាប​ជា​ប្រចាំ​។​

១)•​ដូចម្តេច​ហៅ​ថា​សម្ពាធ​ឈាម​ធម្មតាៈ​
​សម្ពាធ​ឈាម​មធ្យម​របស់​មនុស្ស​ម្នាក់ៗ ប្រែប្រួល​ក្នុង​ចន្លោះ​ពី ១១០-១២០ mmHg ចំពោះ​សម្ពាធ​ឈាម​អតិបរមា (​សម្ពាធ​ឈាម​ខាងលើ​) និង​ពី ៧០-៨០ mmHg ចំពោះ​សម្ពាធ​ឈាម​អប្បបរមា (​សម្ពាធ​ឈាម​ខាងក្រោម​)​។ ពេល​សម្ពាធ​ឈាម​អតិបរមា ក្រោម ១០០ mmHg ហើយ​សម្ពាធ​ឈាម​អប្បបរមា ក្រោម ៦០ mmHg នោះ​អ្នកជំងឺ​លុះ​ទៅ​ក្នុង​ស្ថានភាព​សម្ពាធ​ឈាម​ទាប​។ សម្ពាធ​ឈាម​ទាប មាន​២​សណ្ឋានៈ ចុះ​សម្ពាធ​ឈាម​បន្ទាន់ ឧស្សាហ៍​កើតឡើង​ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ ដោយសារ​របួស បង្ក​ការបាត់បង់​ឈាម​ច្រើន រាក​រូស បាត់បង់​ទឹក ខ្សោយបេះដូង ឬ​កើត​ជំងឺ​ផ្សេងៗ។
 
អ្នកជំងឺ​ទាំងនេះ ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ និង​អាស្រ័យ​ទៅតាម​មូលហេតុ​បង្ក​ការចុះ​សម្ពាធ​ឈាម ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ឱ្យបានសមស្រប (​បញ្ចូល​សេរ៉ូម បញ្ចូល​ឈាម ថ្នាំ​ជំនួយ​បេះដូង​) រីឯ​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ នៅ​អ្នកជំងឺ​នេះ សម្ពាធ​ឈាម​ជាប្រចាំ​ទាប​ជាង ១០០ mmHg ចំពោះ​សម្ពាធ​ឈាម​អតិបរមា​។ អ្នកជំងឺ​អាច​មាន ឬ​ពុំ​មាន​ភាព​ពិបាក​ទ្រាំ​ណាមួយ​ឡើយ​។

​មនុស្ស​ជាច្រើន​ដឹង​ដោយ​ចៃដន្យ​ក្នុង​កាល​ពិនិត្យ​សុខភាព តាម​កាលកំណត់ ឬ​ត្រូវ​បាន​វាស់​សម្ពាធ​ឈាម​ពេល​ទៅ​ពិនិត្យ​ជំងឺ​ណាមួយ ផ្សេង មិន​ពាក់ព័ន្ធ​ដល់​សរសៃឈាម​បេះដូង​។​

២)•​ចុះ​សម្ពាធ​ឈាម​គ្រោះថ្នាក់​ឬ​អត់​?
​ប្រាកដ​ណាស់ ប្រសិន​អ្នកជំងឺ ស្ថិតក្នុង​ស្ថានភាព​ចុះ​សម្ពាធ​ឈាម​បន្ទាន់ គឺ​គ្រោះថ្នាក់​ណាស់ និង​ចាំបាច់​ត្រូវ​ចូល​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ក្នុង​បន្ទប់​ថែទាំ​ពិសេស​។ បញ្ចូល​សេរ៉ូម និង​ឈាម ក៏ដូចជា​សូលុយស្យុង​ជំនួស​ឈាម ជា​វិធី​ព្យាបាល​ដំបូង ត្រូវបាន​អនុវត្ត​សម្រាប់​អ្នកជំងឺ​សឹងតែ​ទាំងអស់​។​

​ចំណែក​ស្ថានភាព​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ​នោះ ហាក់ដូចជា​ពុំ​មាន​អ្វី​គ្រោះថ្នាក់​ពេក​ទេ​។ មិនតែប៉ុណ្ណោះ នៅ​មាន​អ្នក​ចាត់ទុកថា អ្នក​មាន​សម្ពាធ​ឈាម​ទាប នៅ​អាយុ​វែង​ជាង​អ្នក​មាន​សម្ពាធ​ឈាម​ធម្មតា​។ អ្នក​មាន​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ ច្រើន​ឧស្សាហ៍​ងងុយគេង អស់កម្លាំង វិលមុខ ព្រិល​ភ្នែក ឬម្តងម្កាល ត្រូវ​សន្លប់​។ ពិសេស​គឺ​ពេល​ផ្លាស់ប្តូរ​កាយវិការ​ប្រថុចញ៉ុច​។ រោគសញ្ញា​ទាំងនេះ លេចឡើង​ដោយសារ​ថយចុះ​បរិមាណ​ចរាចរ​ឈាម​នៅ​ខួរក្បាល បេះដូង ថ្លើម និង​បណ្តា​ផ្នែក​ផ្សេងៗ​ក្នុង​សរីរាង្គ​។ ស្ថានភាព​ចុះ​សម្ពាធ​ឈាម​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​នៅ​អ្នកធ្វើការ​ហួស​កម្លាំង ត្រូវ​ស្ត្រេ​ស ច្របូកច្របល់​អ័រម៉ូន ខ្វះ​ជីវជាតិ ទឹកនោម​ផ្អែម​។​

៣)•​អ្នកជំងឺ​ចុះ​សម្ពាធ​ឈាម​រ៉ាំរ៉ៃ គួរ​ទទួល​ទាន​អ្វី​?
​រឿង​ដំបូង គឺ​គួរ​មាន​របប​ធ្វើការ និង​សម្រាក​សមស្រប​។ គួរ​ទទួល​ទាន​អាហារ​សម្បូរ​ថាមពល និង​វីតាមីន​។ មាន​អ្នកខ្លះ​ចាត់ទុកថា អ្នកជំងឺ​គួរ​ទទួល​ទាន​ប្រៃ​បន្តិច ដើម្បី​បង្កើន​បរិមាណ​ចរាចរ​ឈាម​ក្នុង​សរីរាង្គ អាស្រ័យ​ដោយ​ប្រសិទ្ធភាព​រក្សា​ទឹក​របស់​អំបិល​។ ប៉ុន្តែ​រឿង​នេះ ក៏​គ្រោះថ្នាក់​ណាស់​ដែរ ព្រោះ​នឹង​បង្ក​ឱ្យ​លើសឈាម​ពេល​គេង​។​

​ជ្រើសរើស​វិញ្ញាសា​កីឡា​មួយ​សមស្រប​នឹង​សុខភាព ដូចជា​ដើរ ហែល​ទឹក ឬ​ហាត់ Yoga ។ ការ​ទទួលទាន​ទឹក​គ្រប់ ពិសេស​គឺ​ពេល​ធាតុ​អាការ​ក្តៅ ក៏​រួមចំណែក​បន្ថយ​គ្រោះថ្នាក់​ចុះ​សម្ពាធ​ឈាម​នៅ​មនុស្ស​មួយចំនួន​។ ហើយ​រឿង​សំខាន់​បំផុត​មួយ ដែល​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ពួក​យើង ពុំ​សូវ​យកចិត្តទុកដាក់​នោះ គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព តាម​កាលកំណត់ ៦​ខែម្តង​។ នេះ​ជា​និន្នាការ​ថ្មី​សំដៅ​បង្ការ​ជំងឺ​ក្នុង​សង្គម​ទំនើប​៕​