សារអេឡិចត្រូនិច
នាយក​រដ្ឋមន្ត្រី​ជប៉ុន​​សន្យា ​​លើក​ស្ទួយ​​សេដ្ឋ​កិច្ច​​ជប៉ុន​ឡើង​វិញ​


ក្នុង​សុន្ទរកថា​នយោបាយ​​មួយ​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​​សភា​ជប៉ុន​​នាយករដ្ឋមន្ត្រី​​ជប៉ុន​លោក​ស៊ីន​ហ្សូអាបេ​​បាន​សន្យា​​កាល​ពី​ថ្ងៃទី​២៨ កុម្ភៈថា​​​នឹង​​លើក​ស្ទួយ​​សេដ្ឋ​កិច្ច​​របស់​ប្រទេស​​លោក​ឱ្យ​ស្ទុះ​ឡើង​វិញ ។​​ លោក​អាបេ​ថ្លែង​​ថា រដ្ឋា​ភិបាល​​​របស់​លោក​នឹង​​ផ្តោត​​លើ​ការ​ជំរុញ​​សេដ្ឋ​កិច្ច​​របស់​ជប៉ុន​​​ហើយ​ជំរុញ​​កំណើន​ដោយ​បន្ទន់​​​នយោបាយ​​រូបិយ​វត្ថុ​​ និង​ហិរញ្ញ​វត្ថុ ហើយ​ដោយ​ជំរុញ​ខាង​ផ្នែក​​​ឯក​ជន​ ។

​លោក​ក៏​គូស​បញ្ជាក់​​ផង​ដែរ​ថា ជប៉ុន​​ត្រូវ​អនុម័ត​​នយោបាយ​​​បើក​ចំហរ​​មួយ​ក្នុង​ផ្នែក​កសិកម្ម​ និង​កសាង​ផ្នែក​កសិកម្ម​​ខ្លាំង​មួយ​​ ខណៈ​​​ពេល​ដែល​បណ្តា​​ផលិតផល​​ចេញ​មក​ពីកសិកម្ម​​ជប៉ុន​ក្លាយ​​ទៅ​ជា​ពេញ​​និយម​​លើ​ពិភព​លោក ។

យោង​តាម​​លោក​អាបេ​ថា ​ជប៉ុន​ត្រូវ​​ពង្រឹង​​ប្រកប​ដោយ​យុទ្ធ​សាស្ត្រ​​នូវ​កិច្ច​សហប្រតិបត្តិ​​ការ​សេដ្ឋ​កិច្ច​​ជាមួយ​អាស៊ី​ប៉ាស៊ី​ហ្វិក​​ អាស៊ី និង​អឺរ៉ុប ហើយ​រដ្ឋា​ភិបាល​​នឹង​គ្រោង​​ចូលរួម​​​ក្នុង​ភាព​ជា​ដៃគូ​​ឆ្លង​កាត់​​​បា៉ស៊ីហ្វិក​TPP ​ក្រោមការ​ឧបត្ថម្ភ​​របសសហរដ្ឋ​អាមេរិក​​តែ​ក្រោម​​លក្ខ​ខណ្ឌ​​មួយ​ចំនួន​​ដែល​ទាក់​ទិន​​​ដល់ច្បាប់​គយ ។​ទាក់​ទិន​​នឹង​នយោបាយ​​ការ​បរទេស​​លោក​អាបេ​ថ្លែង​ថា ជប៉ុន​​​​ប្រកាន់​យក​ការ​ទូត​ផ្តោត​​ជុំ​វិញ​​យុទ្ធ​សាស្ត្រ​ បណ្តា​តម្លៃ​​លទ្ធិ​ប្រជាធិបតេយ្យ​​​ និង​ផល​ប្រយោជន៍​ជាតិ និង​ថាសម្ព័ន្ធ​ភាព​ជប៉ុន-​អាមេរិក​ នៅតែ​ជាចំណុច​​កណ្តាល​​​នៃ​នយោ​បាយ​​ការ​បរទេស​ជប៉ុន ៕