សារអេឡិចត្រូនិច
អាមេរិក​ និង​កូរ៉េខាងត្បូង​ ចាប់ផ្តើម​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​


ទាហាន​អាមេរិក​រាប់ពាន់​នាក់​បាន​មកជួបជុំ​គ្នា​នៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​សំរាប់​ការចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំឆ្នាំ​​នៅពេល​ភាព​តានតឹង​កើនឡើង​ខ្ពស់​នៅ​ឧបទ្វីប​កូរ៉េ​បន្ទាប់​ពី​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៣​។​

​ការហ្វឹកហាត់​ទ័ពអាកាស ជើងគោក​និង​ទ័ពជើងទឹក​ដែល​មានឈ្មោះ​ថា​Foal Eagle​នឹង​ប្រព្រឹត្ត​ទៅ​ដល់​ថ្ងៃ​៣០​មេសា ដោយមាន​​ការចូលរួម​ពី​ទាហាន​អាមេរិក​ជាង​១០.០០០​នាក់​ជាមួយនឹង​ពលទាហាន​កូរ៉េខាងត្បូង​ក្នុង​ចំនួន​ច្រើនជាង​។​

​នាយទាហាន​ម្នាក់​ត្រូវបាន​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហាប់​ស្រង់​សម្តី​ដែល​បាន​និយាយថា​"​កងកម្លាំង​ទាហាន​ជំនួយ​អាមេរិក​កំពុង​​ចេញពី​បន្ទាយ​នៅ​អាមេរិក ប៉ាស៊ីហ្វិក​និង​ជប៉ុន​និង​ឆ្ពោះទៅ​កាន់​កូរ៉េខាងត្បូង​។​សមយុទ្ធ​នេះ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជើងគោក អា​កាស​និង​ការបុក​ច្រាំង​ឡើង​គោក​"​។​

​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ហ្វឹកហាត់​តាម​កុំព្យូទ័រ​ឈ្មោះថា Key Resolve​ចាប់ពី​ថ្ងៃ​១១​ដល់​២១​មីនា​ដោយ​មាន​ការចូលរួម​ពី​​ទាហាន​អាមេរិក​៣.៥០០​នាក់​និង​កូរ៉េខាងត្បូង​១០.០០០​នាក់​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ថ្កោលទោស​សមយុទ្ធ​ទាំងនេះ​ដោយ​ចាត់ទុក​វា​ជា​ការហាត់​សម​សំរាប់​ការឈ្លានពាន តែ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​និយាយថា​វា​ស្ថិត​ក្នុង​លក្ខណៈ​ការពារ​ខ្លួន​៕