សារអេឡិចត្រូនិច
មហាសេដ្ឋី​អូស្ត្រាលី ​បញ្ចេញ​គម្រោង​សង់​នាវា Titanic ថ្មី​


មហាសេដ្ឋី​អូស្ត្រាលី លោក ឃ្លី​វ ផាល់​ម័​រ បានបង្ហាញ​គម្រោងការ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​សាងសង់​នាវា Titanic ចម្លង​ឲ្យ​ដូចគ្នា​បេះបិទ​មួយ បូករួម​ទាំង​ទូក​សង្គ្រោះ​ជីវិត​ជាច្រើន។

​ជាង​មួយ​សតវត្សរ៍​បន្ទាប់ពី​នាវា​ដើម ដែល​គេ​សន្ម​តថា​ជា​នាវា​បើក​លើ​មហាសមុទ្រ​មិនចេះ​លិច បាន​បុក​ជាមួយនឹង​ផ្ទាំង​ទឹកកក រួច​លិច​ចូលក្នុង​សមុទ្រ​អា​ត្ល​ង់​ទិច​ខាងជើង​នោះ លោក​ផាល់​ម័​រ​ គិតថា​ពេលវេលា​បានមក​ដល់​ហើយ​ដើម្បី​បញ្ចប់​ដំណើរ​ដែល​មិនទាន់​សម្រេច​ទៅ​បុរី​ញូវយ៉ក។​

​លោក​ផាល់​ម័​រ បា​ន​និយាយ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ព្រឹ​ត្តិ​ការណ៍​ចាប់ផ្តើម​ជា​ផ្លូវការ​របស់​គម្រោង​ខាងលើ​ថា "Titanic ធ្លាប់ជា​នាវា​ក្នុង​ក្តី​សុបិន ។ ហើយ Titanic II គឺជា​នាវា​មួយ​ដែល​ធ្វើ​ឲ្យ​ក្តី​សុបិន​ក្លាយជា​ការពិត​" ។​

​ដោយមាន​ការបែងចែក​តឹងរ៉ឹង​ដូចគ្នា​ក្នុង​ឆ្នាំ ១៩១២ រវាង​ជន​ឋានៈ​ទីមួយ ទី​ពីរ និង​ទី​បី​ដែរនោះ ក្រុម​អ្នកដំណើរ​នឹង​ទទួលទាន​អាហារ​ទាំង​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​មាន​តុបតែង​លំអ និង នៅ​តុ​វែង​ទូទៅ ។ លោក​ផាល់​ម័​របា​ន​និយាយថា "​នឹង​ពុំ​មានការ​ច្របល់​ចូលគ្នា​រវាង​មនុស្ស​គ្រប់​ឋានៈ​នោះទេ​" ។​

​អ្នកដំណើរ​ក្នុង​ផ្នែក​ប្រណីត​ឡូយឆាយ នឹង​រីករាយ​ជាមួយនឹង​ជណ្តើរ​ឡើង​ដ៏​ស្រស់ស្អាត ព្រមទាំង​អាង​ងូតទឹក និង​អាង​ហែល​ទឹក​តួ​ក​គី​ផលិត​ឡើងវិញ​របស់​ក​ប៉ាល់ Titanic ដើម ។​

​លោក​ផាល់​ម័​របា​ន​និយាយថា កិច្ចសន្យា​មួយ​អាច​នឹងត្រូវ​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន CSC Jinling Shipyard របស់​ចិន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខណៈ​ការសាងសង់​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ ហើយ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៦៕