សារអេឡិចត្រូនិច
បុណ្យកឋិនទាន ចាប់ផ្តើមប្រារព្ធពីថ្ងៃ១​រោច​ ខែ​អស្សុជ


ភ្នំពេញ: កឋិនទាន គឺជា​បុណ្យ​អ្វី​? ​កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ។

បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា កឋិនទានបានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យ មួយខែ​ចុងវស្សា​ន្ត​រដូវ​នេះ ពោលគឺ​មិនត្រូវ​ តាម​ពុទ្ធានុញ្ញាត ។​ ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា អស់​៣​ខែ បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។​

​បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ អាចធ្វើ​កឋិនទាន​បាន​ដូចគ្នា​។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ស​ង្ឈ​ទទួល​កឋិន ហើយ​ភិក្ខុ​ធ្វើ​កឋិន​ត្ថា​រ​កិច្ច គឺ​ក្រាល​គ្រង​....​អនុមោទនា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយចំនួន ដូចជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេងៗ ដែល​កើតមាន​ដល់​សង្ឃ ហើយ​ការ​សម្រាល ទុក្ខ​នេះ​ទៀតសោត ក៏បាន​តែត្រឹម​រយៈកាល ៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ ដែល​ចូល​បុ​រិ​មិ​កាវ​ស្សា អស់​ត្រីមាស បាន​ត្រឹមត្រូវ មិន​ដាច់​វស្សា​នោះឯង​។​

​ម្យ៉ាងទៀត ការធ្វើ​កឋិន លោក​សំដៅ​យកតែ​ចីវរ​បច្ច័យ គឺ​អ្នកធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាចធ្វើ​ស្បង់​មួយ ក៏​អាចធ្វើ​កឋិន​បានដែរ  ព្រោះ​លោក​ទទួល​ក្រាលកឋិន ក្នុងចំណោម​ត្រៃចីវរ (​ស្បង់​១ ចីវរ​១ សង្ឃាដី​១) គឺ​ក្រាល​បានតែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅថា ខូច​កឋិន ឬ កឋិន​ត្ថា​រ​វិបត្តិ​។ ប៉ុន្តែ​ការដែល​អ្នកមាន​សទ្ធា ជា​អ្នកមាន​ធូរធារ ស្តុកស្តម្ភ អាច​នាំ​សម្ភារៈ​ច្រើនៗ ដូចជា ចីវរ​១ ត្រៃ​២ ឬ ៣​ត្រៃ ឬក៏​លើស​ទៅទៀត ក៏​អាច​ទាំង​សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យ​កាន់តែ​សម្បូរបែប​ច្រើនៗ​ទៅទៀត ក៏​រឹតតែ​ប្រសើរ​វិសេស គឺ​បាន​ផល្លានិសង្ស​ដល់​អ្នកធ្វើ​កឋិន កាន់តែច្រើន​លើសលប់ តាម​សម្ភារៈ​បរិក្ខារ គឺ​អានិសង្ស​លាភ ឬ បរិវារ​កឋិន​នោះឯង​។​

​ឯ​ផ្នែក​បដិគ្គាហក គឺ​ភិក្ខុសង្ឃ​ទទួល បើ​ក្រាល​បាន​ត្រឹមត្រូវ ក៏​ទទួលបាន​អានិសង្ស​ដែរ គឺ​បាន​អានិសង្ស ៥​យ៉ាង​ប៉ុណ្ណោះ ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរបែប​យ៉ាងណាក៏ដោយ បដិគ្គាហក នៅតែ​ទទួល​អានិសង្ស​បានត្រឹមតែ ៥​យ៉ាង អស់​រយៈ​៥​ខែ​មាន " អនាម​ន្ត ចា​រោ ធ្វើ​ឲ្យ​ភិក្ខុ​រួច​ពី​អាបត្តិ ក្នុង​ចា​រិ​ត្ត​សិក្ខាបទ​ទី​៦ ក្នុង​អចេលក​វគ្គ​ជាដើម​តែ​ប៉ុណ្ណោះឯង​។​

​ចំណែក​ទាយក​-​ទាយិកា អ្នកធ្វើ​កឋិន ទើប​អានិសង្ស ត្រូវបាន​តិច ឬ​ច្រើន និង​ច្រើន​លើសលប់ ប្រែប្រួល​ទៅតាម​កុសល​ចេតនា បសាទ​សទ្ធា​ទៅតាម​បរិក្ខារ​តិច ច្រើន ល្អ​ប្រណីត ថ្លៃថ្លា​។ ព្រោះហេតុនោះ ទើប​លោក​ពោលថា : ទាន​មានតែ​មួយគត់ ដែល​អាច​ផ្ដល់​អានិសង្ស​ឲ្យ​បាន​ទាំងពីរ​ប៉ែក គឺ​បាន​ផល​ដល់​អ្នកទទួល (​បដិគ្គាហក​) និង​ដល់​អ្នក​ឲ្យ (​ទាយក ទាយិកា​) គឺ​កឋិនទាន​។​

*​កំណើត​កឋិន​
​ដូច​បាន​ជម្រាប​រួចមកហើយ​ថា : កឋិន​មានតែ​ក្នុង​ពុទ្ធសាសនា​ប៉ុណ្ណោះ ក៏​ក្នុង​សាសនា ព្រះសមណគោតម​បរម​គ្រូ​នៃ​យើង ព្រះអង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិន​ត្ថា​រ​កិច្ច​នេះ ក្នុង​រវាង​មជ្ឈិមពោធិកាល ប្រារព្ធ​ចំពោះ​ភ​ទ្ទ​វ​គ្គិ​យ​ភិក្ខុ ទាំង ៣០ អង្គ   (​កន្លែង​ខ្លះ​ថា ភិក្ខុ​ទាំង​៣០​អង្គ​នេះ​ជា​បងប្អូន​នឹង​គ្នា ថា​ជា​បងប្អូន​ប​សេន​ទិ​កោសល​រាជ ដូច​មាន​ដំណើររឿង ជា​និទាន​តទៅ​នេះ : កាលនោះ​ភ​ទ្ទ​វ​គ្គិ​យ​ភិក្ខុ​ទាំង​៣០​រូប​ប្រព្រឹត្ត​អរញ្ញិក​ធុតង្គ​វត្ត (​សមាទានធុតង្គ​នៅ​ព្រៃ​) ។ នៅពេល​មុន​ថ្ងៃ​ចូល​វស្សា លោក​មានបំណង​ទៅ​វន្ទា​លា​ព្រះ​ជា​ម្ចាស់ ដើម្បី​ទៅ​នៅចាំ​វស្សា​កន្លែង​ណាមួយ ។​ ( នេះ​ជា​ទំនៀម​កិច្ច​វត្ត របស់​សហធម្មិកៈ នៅក្នុង​ព្រះពុទ្ធសាសនា​ដែល​រហូតដល់​សព្វថ្ងៃនេះ ភិក្ខុ​សាមណេរ​ទាំងឡាយ​គួរ​ធ្វើ​កិច្ច​វត្ត​ដ៏​ប្រពៃ​នេះ ព្រោះ​ជា​ទំនៀម​ល្អ​តាំងពីដើម​មក ទោះបី​ភិក្ខុ​សាមណេរ នៅក្នុង​វត្ត​ដើម​ក្ដី ឬ​ចេញទៅ​សិក្សា នៅ​អាស្រ័យ​រៀនសូត្រ នៅក្នុង​វត្ត​ដទៃ​ក្ដី ដែល​សុទ្ធតែ​ពុំទាន់​ជា​និស្ស័យ​មុ​ត្ត​កៈ (​រួច​ចាក​និស្ស័យ​) នៅឡើយ ។

ចំពោះ​សាលារៀន ខាង​បព្វជិត ក៏​អនុញ្ញាត​សម្រាក​រៀន​មួយអាទិត្យ មុន​ថ្ងៃ​ចូល​វស្សា​ដែរ ដើម្បី​ភិក្ខុ​សាមណេរ​ទាំងឡាយ និមន្ត​ទៅធ្វើ​កិច្ច​វត្ត ចំពោះ​គ្រូ​ឧបជ្ឈា​យា​ចា​រ្យ​របស់ខ្លួន វន្ទា​លា​ទៅ​ចាំ​វស្សា ឯ​វត្ត​សំណាក់​ដែល​ត្រូវ​នៅ​រៀនសូត្រ​) ។​ ​ប៉ុន្តែ​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣០​អង្គ ដោយ​ដំណើរ​ថ្មើរជើង​ផ្លូវ​ឆ្ងាយ​និមន្ត​មិនទាន់​ដល់​អាវាស​ដែល​ព្រះ​ដ៏​មាន​ ភាគ​គង់នៅ​ផង ត្រូវ​ពេល​ថ្ងៃ​ចូល​វស្សា​មកដល់ ក៏​ព្រមព្រៀងគ្នា នៅចាំ​វស្សា​ក្នុង​ដែន​បា​ថេ​យ្យៈ នា​ក្រុង​សាកេ​ត ត្រង់​កណ្ដាលផ្លូវ​តែម្ដងទៅ ។​

​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត ជេតពន នៅ​ក្រុង​សាវត្ថី ចំ​កាល​វេលា​ចុងរដូវ​វស្សា ជា​សម័យ​ភ្លៀង ជោកជាំ​ជានិច្ច ពព្រិច​រាល់ថ្ងៃ ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​៣០​អង្គ ទទឹកជោក​ទាំង​ស្បង់​ចីវរ​សង្ឃាដី ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​មួយអង្គៗ គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) លុះដល់​ហើយ​ចូលគាល់​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​ទទឹកជោក ។​

​ជា​ទំនៀម​ព្រះពុទ្ធ​បរមគ្រូ តែង​ទទួល​ធម្ម​ប្បដិសណ្ឋារៈ​សួរនាំ​រាក់ទាក់​សុខទុក្ខ អំពី​ការរស់នៅ​ក្នុង​វស្សា​៣​ខែ អាហារ​ភោជន និង​ការ​ព្រមព្រៀងគ្នា​យ៉ាងណាៗ ។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ព្រះតម្រិះ​ថា ប្រសិនបើ​តថាគត បានអនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដល់​ភិក្ខុសង្ឃ ពីមុន​រួចមកហើយ សមបើ​លោក​ទាំងនេះ មិន​ជួប​ការលំបាក​យ៉ាង​ហឹ្ន​ង​ទេ ។ ហើយ​កឋិន​នេះ ព្រះពុទ្ធ​ពី​អតីត ក៏បាន​អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​

​ព្រោះ​ដំណើរ​នេះ ទើប​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ សម្ដែង​ធម្មិក​ថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថា​រ​កិ​ច្ចនេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅចាំ​វស្សា រួចហើយ​ទទួល​ក្រាលកឋិន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​៥ ប្រការ​នឹង​សម្រេច ​ដល់​ភិក្ខុ​ទាំងឡាយ ដែល​បាន​ក្រាល (​អនុមោទនា​) កឋិន​រួចហើយ    ។​ ដូច្នេះ កឋិន​ត្ថា​រ​កិ​ច្ចនេះ គឺ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវ័ក​ចាប់តាំងពី​ពេល​នោះមក ។​

៙​អ្នកធ្វើ​កឋិន​មុនគេ​ក្នុងសម័យ​ពុទ្ធកាល​
​បន្ទាប់ពី​បានដឹងថា ព្រះពុទ្ធ​អង្គ អនុញ្ញាត​ឲ្យ​សាវ័ក​ទទួល​កឋិន​ត្ថា​រ​កិច្ច ព្រះបាទ ប​សេន​ទិ​កោសល បាន​ផ្ដើមធ្វើ​កឋិនទាន​មុនគេ​បង្អស់​ក្នុងសម័យ​ពុទ្ធកាល ។ កាលនោះ ព្រះមហា​កច្ចាយន​ត្ថេ​រ ជា​ប្រធាន បានទទួល​ក្រាល​គ្រង​កឋិន ឲ្យ​សម្រេច​គ្រប់ប្រការ ។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​បានទេ​សនា ក្នុង​ពិធីបុណ្យ​នោះ ដោយ​ទ្រង់​សរសើរ អំពី​អានិសង្ស​នៃ​កឋិនទាន​ជា​អនេកបរិយាយ ។​

​ក្នុង​ធម្មទេសនា ព្រះអង្គ​លើក​អតីតនិទាន​កាល​ព្រះអង្គ​យោនយកកំណើត​កើតជា នរ​ជី​ទុគ្គ​បរម​ពោធិសត្វ បាន​ជួយ​វេយ្យាវច្ចៈ ខ្វល់ខ្វាយ​ក្នុង​អង្គ​កឋិនទាន​របស់ កុដុម្ពិកៈ​ម្នាក់ នាំទៅ​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ប​ទុ​មុ​ត្ត​រៈ ដែល​ពេលនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជាត​ត្ថេ​រ អគ្គសាវ័ក ព្រះ​អង្គជា​អ្នក​ក្រាល​គ្រង ។ ឯនរ​ជីវ​ទុគ្គត​បរម​ពោធិសត្វ នៃ​យើង​បាន ពុទ្ធព្យាករណ៍ ពី​ពេល​នោះមក ដោយសារ​បាន​ជួយ​ចាត់ចែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជា្ញ​ស្មារតី ក្នុង​ពិធីបុណ្យ​នោះ ។ ឯ​ប៉ែក​ខាង​បព្វជិត​វិញ ព្រះ​ភិក្ខុ​នាម​នារ​ទ​ត្ថេ​រ កាលបើ​បាន​ស្ដាប់​នូវ​ព្រះ​ធម្មទេសនា​របស់​ព្រះ​បរមគ្រូ ក្នុង​បុណ្យ​របស់​ព្រះបាទ​សេន​ទិ​កោសល​មហារាជ ហើយ​មាន​សេចក្ដី​ជ្រះថ្លា ក៏​ទៅ​បបួល​ញាតិ​សាច់សា លោហិត​របស់លោក ធ្វើ​កឋិនទាន​មួយ​ដង្ហែ ទៅ​ថ្វាយ​ព្រះ​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះអង្គ​ទ្រង់​សរសើរ​ទាន​នេះ ហើយ​ទ្រង់​ក៏​លើកយក​អតីតនិទាន កាល​ព្រះអង្គ​នៅ​ជា​ស្ដេច​ចក្រពត្តិ នាម​វិ​ជិត​រាជ ជាធំ​លើ​ទ្វីប​ទាំង​បួន​បាន​នាំ​កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោ​ណ្ច​ញ្ញៈ ដែរ ។​

​ចំណែក​ផល្លានិសង្ស​ធ្វើ​កឋិន សូម​ពិនិត្យមើល​អតីតនិទាន​ខាងលើ ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​ទេសនា សរសើរ​ជា​អនេក បរិយាយ និង​នាំ​អតីតនិទាន​ទាំងពីរ​រឿង​នោះ ឲ្យ​បានច្បាស់លាស់​ចុះ ។ ក្រៅពីនេះ អានិសង្ស​ដូចដែល​យើង​បាន​ជម្រាប ​ខាងលើ​ហើយ​ថា​: ផល​បុណ្យ​របស់​អ្នកធ្វើ​កឋិន ត្រូវបាន ទោះ​គ្រហស្ថ​ក្ដី បព្វជិត​ក្ដី គឺ​ផ្អែកទៅលើ​ចេតនា​ទាំងបី​របស់​អ្នកធ្វើ​ផង ប្រកបដោយ​សទ្ធា និង​បញ្ញា​សម្បយុត្ត​ផង ទាំង​សម្ភារៈ​កឋិន ថ្លៃថ្លា​ឧ​ត្ត​ម​ប្រណីត សម្បូរបែប​ ផង ។ កាលណា​ពិនិត្យ​លើ​គុណធម៌​ទាំង​ប៉ុណ្ណោះ លោកអ្នក​អាច​យល់បាន​ថា មាន​អានិសង្ស​តិច ច្រើន​ប្លែក​គ្នា ពី​កឋិន​នីមួយៗ ។​

​បើ​ពោល​ដោយ​រួបរួម​យ៉ាងខ្លី​មក​ថា : អ្នកមាន​បសាទ​សទ្ធា បានធ្វើ​កឋិនទាន រមែង​ទទួលបាន : ​សុរូប​តា មាន​រូប​ស្អាត ធ្វើ​ឲ្យ​បុរស​ស្ត្រី ឃើញ​ហើយ​ស្រលាញ់​ពេញចិត្ត ជា​រូប​មាន​សម្ផស្ស គេ​ស្ម័គ្រស្មាគម​និយម​មេត្រីភាព ។​ ​សុវណ្ណ​តា មាន​សម្បុរ​ស្អាត ម៉ដ្ឋខៃ ពុំមាន​ស្លាកស្នាម​ឬ​ប្រជ្រុយ​ជាដើម មិន​ខ្មៅ​ស្រិល មិន​សស្គុស មិន​ពពាល​ពព្រុស គឺ​សម្បុរ​ល្អ​គួរ​ជាទី​ចាប់ចិត្ត​នៃ​អ្នកផង​ទាំងឡាយ ។​ ​សុស​ណ្ឋា​នា មាន​ទ្រង់ទ្រាយ​.​កម្ពស់ រាងរៅ សមសួន​តាម​កាលសម័យ​នៃ​អាយុកប្ប​និ​មួយៗ ។​

​ច​ក្ត​វ​ត្តិ​រាជា​.​ហោ​តិ ត្រូវ​បានជា​ស្ដេច​ចក្រពត្រាធិរាជ ប្រកបដោយ​ទសពិធ រាជធម៌ ក្នុង​ជាតិ​ណាមួយ​ដាច់ខាត ។​

​ផល​ចុងក្រោយ​គឺ​: ​ឯ​ហិ​ភិក្ខុ :​និង​បាន​ជួប​ព្រះ ប្រទះ​ធម៌ ក្នុង​អវសាន​ជាតិ ហើយ​សម្រេច​អរហត្តមគ្គ អរហត្តផល ដល់​ព្រះ​និ​ពា្វ​ន ។ បើ​ស្ត្រីភេទ ក៏​នឹង​បាន​លុះ​មគ្គផល ក្នុង​ជាតិ​ជាទីបំផុត​មិន​ខាន ៕​