សារអេឡិចត្រូនិច
ក្រសួងទេសចរណ៍ និងអាជ្ញាធរ ខេត្ដសៀមរាបព្រមានដល់ ការលក់វត្ថុអនុស្សាវរីយ៍ខ្មែរ ក្លែងក្លាយនៅខេត្តសៀមរាប ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យ ទេសចរណ៍


សៀមរាប: ក្រសួង​ទេសចរ​ណ៍និង​អាជ្ញាធរ​ខេត្ដ​សៀមរាប បាន​កោះប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣​នេះ ជាមួយ​តំណាង​ម​គ្គុ​ទេ​ស្ទក៍​ទេសចរណ៍ និង​អ្នកធ្វើអាជីវកម្ម​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន នៅ​ខេត្តសៀមរាប ដោយ​ព្រមាន​ពី​ការលក់​វត្ថុ​អនុ​ស្សាវ​រី​យ៍របស់​ខ្មែរ ដែលជា​របស់​ក្លែងក្លាយ និង​លក់​ថ្លៃ​កប់​ពពក​។​

​ការព្រមាន​នេះ បានធ្វើ​ឡើង  បន្ទាប់ពី​មាន​ព័ត៌មាន​ជាតិ និង​អន្ដរជាតិ ចុះផ្សាយ​បន្តបន្ទាប់​ថា ប្រទេស​ចិន និង​ជប៉ុន ហាម​មិនឱ្យ​ភ្ញៀវទេសចរ​របស់ខ្លួន​ទិញវត្ថុ​អនុស្សាវរីយ៍​របស់​ខ្មែរ នៅលើ​ទឹកដី​ទេសចរណ៍​ខេត្ដ​សៀមរាប​នោះ​។​

​បាតុភាព​ចំពោះ​ការលក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ និង​មាន​តំលៃ​ខ្ពស់ ហើយ​មាន​បរទេស​មួយចំនួន ឈប់​ទិញ ត្រូវបាន​អង្គប្រជុំ ក្រោម​ការដឹកនាំ​ដោយ​លោក​គោ​ស៊ុំ សារឿ​ត រដ្ឋលេខាធិការ​ក្រសួង​ទេសចរ​ណ៏ និង​លោក​ឃឹម ប៊ុន សុង អភិបាលខេត្ដ​សៀមរាប វាយតំ​លៃ​ថា "​ធ្វើឱ្យមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ដល់​វិស័យ​ទេសចរណ៍ និង​ត្រូវ​រួមគ្នា ស្ដារ​កិ​ត្ដិ​យស​យកមក​វិញ តាម រយៈ​វិធានការ​ច្បាប់​របស់​កម្ពុជា​"​។​

​លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បានលើកឡើង​ថាៈ​"​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​តូច ធំ ក្នុង​ខេត្ដ​សៀមរាប ប​ច្នុ​ប្បន្ន មាន​ចំនួន ១.៣០០​កន្លែង ហើយ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត គឺ​ការលក់​វត្ថុ​អនុស្សាវរីយ៍ ដូចជា​ត្បូង​,​ត្បូង​ពេជ្រ ជា​របស់​ក្លែងក្លាយ ហើយ​លក់​ក្នុង​តំលៃ​ខ្ពស់​ថែម​ទៀតផង​"​។​

​លោក​ង៉ូ​វ សេង​កាក់ បាន​បន្ដថា ការ​ប្រឈម​លក់​វត្ថុ​អនុស្សាវរីយ៍​មាន​ចន្លោះប្រហោង​នៅឡើយ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការលក់​របស់​ក្លែងក្លាយ និង​តំលៃ​ខ្ពស់ ជូន​ភ្ញៀវ​ទេសចរណ៍ ជាពិសេស​ការផ្ដល់​កុំមីស្យុង​(​ថ្លៃ​ទឹកតែ​) ឱ្យមក​មគ្គុទ្ទេសក៍​ទេសចរ​ណ៏ ដែល​នាំ​ភ្ញៀវ​ទៅ​ទិញ ទទួលបាន​តំលៃ​ខ្ពស់​ទៅវិញ​។​

​លោក​ង៉ូ​វ សេង​កាក់ បាន​បន្ដថា កន្លងមក មាន​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​រងគ្រោះ បានដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួងទេសចរណ៍ ប្ដឹង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ខេត្ដ​សៀមរាប អំពី​របស់​ក្លែងក្លាយ ជាពិសេស​ត្បូង​,​ត្បូង​ពេជ្រ​, មាស​។​ល​។ ការប្ដឹង​ផ្ដល់​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួងទេសចរណ៍ ធ្វើការ​ដោះស្រាយ ហើយ​បង្វិល​លុយ​ទៅ​សង ភ្ញៀវទេសចរ​បរទេស​វិញ​។

​ការលក់​ត្បូង​,​ត្បូង​ពេជ្រ​,​មាស ក្លែងក្លាយ​តំលៃ​ខ្ពស់​របស់​កម្ពុជា និយាយ​ជារួម​នៅ​ខេត្ដ​សៀមរាប បានធ្វើឱ្យ​ភ្ញៀវទេសចរ មិនមែន​តែ​ភ្ញៀវទេសចរ​ចិន​មួយ​នោះទេ គឺ​នៅមាន​ភ្ញៀវទេសចរ​ជប៉ុន​មួយទៀត ដែល​គេ​ហាម​ភ្ញៀវទេសចរ​របស់ខ្លួន កុំឱ្យ​ទិញ​វត្ថុ​អនុស្សាវរីយ៍​របស់​ខ្មែរ​។​

​លោក​ង៉ូ​វ សេង​កាក់ បាន​បន្ថែមថា បាតុភាព​នេះ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ពិតមែនតែ​អ្នកធ្វើការ​នៅ​កន្លែង លក់​វត្ថុ​អនុស្សាវរីយ៍ មាន​រហូតដល់​ជិត ៧.០០០​នាក់​ក៏ដោយ​។ ករណី​នេះដែរ ទាមទារ​ត្រូវបង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ ដោយ​ខេត្ដ​សៀមរាប លើ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ ដែល​ភ្ញៀវ​ទិញ​ពី​ក្រុមហ៊ុន​នានា​។​

​ជាមួយនឹង​ការលើកឡើង​នេះ លោក គោ ស៊ុំ​សារឿ​ត រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ បាន​ថ្លែងថាៈ​" ភ្ញៀវទេសចរ​បរទេស​មួយ​នាក់ ជា​មធ្យមគេ​បាន​ចាយលុយ​ចំនួន ៧០០​ដុល្លារ ហើយ​ចំនួន ២៤ ភាគរយទៀត ភ្ញៀវ​គេ​បង្វែរ​មក​ទិញ​វត្ថុ​អនុស្សាវរីយ៍ ​ដើម្បី​ត្រឡប់​ទៅកាន់​ស្រុកកំណើត​គេ​វិញ ប៉ុន្ដែ​បែរជា​មានការ​លក់​វត្ថុ​អនុស្សាវរីយ៍ ដូចជា​ត្បូង​,​ត្បូង​ពេជ្រ ជា​របស់​ក្លែងក្លាយ ហើយ​មាន​តំលៃ​ខ្ពស់ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ ផ្អាក​ទិញ​វត្ថុ​អនុស្សាវរីយ៍​របស់​ខ្មែរ តើ​វា​ជាការ​ល្អ​ឬទេ​?"​។​

​លោក​គោ​ស៊ុំ សារឿ​ត បាន​បន្ដថា ការ​ក្លែងបន្លំ ទាក់ទង​នឹង​វត្ថុ​អនុស្សាវរីយ៍ ក្រសួងមហាផ្ទៃ​និង​ក្រសួងទេសចរណ៍ បាន ដោះស្រាយ​ជូន​ភ្ញៀវទេសចរ​ជាច្រើន ដោយ​ការ​បង្វែរ​លុយ​ទៅឱ្យ​ភ្ញៀវ​ទេសចរណ៍​វិញ ពេលដែល​គេ​ទិញ​របស់​ពី​យើង ដល់​ស្រុក គេ ពិនិត្យឃើញថា ជា​របស់​ក្លែងក្លាយ ហើយ​មាន​តំលៃ​ខ្ពស់​។​

​លោក​គោ​ស៊ុំ សារឿ​ត បាន​បន្ដថាៈ​"​ករណីនេះ យើង​មានច្បាប់​ជា​គោល ក្នុងករណី​ហាង​វត្ថុ​អនុស្សាវរីយ៍​ក្លែងបន្លំ ហើយ​ច្បាប់​ផ្ទៀងផ្ទាត់​ឃើញថា ពិតប្រាកដ​មែន អំពី​គុណភាព ច្បាប់​នឹងត្រូវ​ដាក់ទោស​តាម​ក្រមព្រហ្មទណ្ឌ ទៅលើ​ម្ចាស់​ហាង​តាម​បទល្មើស ជាក់ស្ដែង ដូចជា​បទ​ក្បត់​សេចក្ដី​ទុក​ចិ​ត្ដ​, និង​បទ​ក្លែងបន្លំ​ជាដើម​"​។ ហើយ​ករណី​នេះដែរ លោក​គោ​ស៊ុំ សារឿ​ត បានផ្ដល់​អនុសាសន៍​ឱ្យ​ស្នងការ​នគរបាល​ខេត្ដ ពិនិត្យ​ទៅលើ​កិច្ចការ​ច្បាប់​នេះ​។​

​លោក​គោ​ស៊ុំ សារឿ​ត បាន​លើក​ឧ​ទា​ហរ​ណ៏​ជាក់ស្ដែង​មួយ ប្រាប់​អង្គប្រជុំ​ថា កាលពី​កន្លងទៅ មាន​ជនជាតិ​ហ្វី​លី​ពិន​មួយរូប បាន​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​ទិញ​របស់​មាន​តំលៃ ពី​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​កម្ពុជា ហេតុតែ​គាត់​ស្រលាញ់ ពេញចិត្ដ និង​របស់​មាន​តំលៃ​នោះ​។ នៅពេល​គាត់​ទិញ​ទៅដល់​ប្រទេស​របស់ខ្លួន ហើយ​ពិនិត្យ ទើប​ដឹងថា ជា​របស់​ក្លែងក្លាយ ហើយ​គាត់​ប្ដឹង​មក​កម្ពុជា​។​

​លោក​គោ​ស៊ុំ សារឿ​ត បាន​និយាយថា ជនជាតិ​ហ្វី​លី​ពិន​នោះ គឺជា​អ្នកធំ និង​ជា​អ្នកមាន​លុយ​ថែម​ទៀតផង ដោយ​កម្ពុជា​ដោះស្រាយ ហើយ​កម្ពុជា​ខ្លួនឯង ត្រូវ​ធ្វើការ​ជាមួយ​ម្ចាស់​ហាង រួច​បង្វែរ​លុយ​ខ្លះ​សង​ទៅ​ជនជាតិ​ហ្វី​លី​ពិន​នោះ​វិញ ដើម្បី​បញ្ចប់រឿង​។ ករណីនេះ ផ្ដើមចេញពី​ការមិន​ធានា​គុណភាព​ត្រឹមត្រូវ អំពី​ផលិតផល​របស់​យើង ហើយ​បែរជា​លក់​របស់​ក្លែងក្លាយ និង​មាន​តំលៃ​ខ្ពស់​ទៅវិញ​។ ករណីនេះ លោក​គោ​ស៊ុំ សារឿ​ត ស្នើឱ្យ​មានការ​ស្ដារ​មុខមាត់ កិ​ត្ដិ​នាម កិ​ត្ដិ​យស​ប្រទេស យើង​ឡើងវិញ​។ ដោយ​លោក​បន្ដថា បើ​មិន​ដូច្នោះ​ទេ ទោស​ទាន់​អាចធ្វើ​ទៅបាន មិន​លំបាក​នោះទេ គឺ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តែម្ដង​។​

​លោក​ក៏បាន​លើកឡើង​នូវ​ពាក្យសំដី​របស់​តំណាងរាស្ដ្រ​កម្ពុជា​មួយរូប ដោយ​ឱ្យ​ក្រសួងទេសចរណ៍ ពិនិត្យឡើងវិញ​ដែរ អំពី​អ្វី​ដែលថា ភ្ញៀវ​កូរ៉េ ជិះ​យន្ដហោះ​ពី​កូរ៉េ ចុះ​នៅ​កម្ពុជា ហើយ​កូរ៉េ មិន​ដេក​សណ្ឋាគារ​របស់​កូរ៉េ ហូបបាយ​កូរ៉េ ទិញ​របស់​វត្ថុ​អនុស្សាវរីយ៍​កូរ៉េ យកលុយ​ទៅកាន់​ប្រទេស​កូរ៉េ​វិញ ដោយ​ខ្មែរ​មិន​ទទួលបាន​អ្វី​ទាល់តែសោះ រឿងនេះ​វា​ទំនង​ដែរ​។ អញ្ចឹង​វា​ដូចជា ករណី​វត្ថុ​អនុស្សាវរីយ៍​ខាងលើ​ដែរ ពេលដែល​បរទេស​ឈប់​ទិញ យើង​ក៏​ឈប់​បាន​លុយ​។​

​ការ​ធ្លាយ​ចេញ​នូវ​រឿង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែលមាន​តំលៃ​កប់​ពពក នៅ​ខេត្ដ​សៀមរាប ខ្លះ​គេ​ទំលាក់កំហុស​ទៅលើ​ថៅ កែ​ចិន ដែល​លក់​វត្ថុ​អនុស្សាវរីយ៍ ដែលជា​របស់​ក្លែងក្លាយ ឱ្យ​ភ្ញៀវ​ចិន​ខ្លួនឯង ហើយ​មាន​តំលៃ​ខ្ពស់ ជាពិសេស​បានឱ្យ​កុំមីស្យុង​ឱ្យ មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន ដែល​នាំ​ចិន មក​ទិញ​ឱ្យ​តំលៃ​ខ្ពស់​ទៀត រហូតដល់ ៦០ ទៅ ៧០ ភាគរយ ឯ​ម្ចាស់​ហាង​បានតែ ៣០ ភាគរយ នៃ​តំលៃ​សរុប​។ ទង្វើ​នេះ ត្រូវបាន​គេ​ពណ៌នា​ថា របស់​ក្លែងក្លាយ ដូចជា​ត្បូង​តំលៃពិត​ប្រាកដ ត្រឹមតែ ១០ ដុល្លារ តែ​គេ​លក់​រហូតដល់ ៣០០ ដុល្លារ​ឯណោះ​។ ទោះបីយ៉ាងណា​ក៏ដោយ ការដោះស្រាយ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ពិតមែនតែ​ការប្រជុំ​នោះ បានធ្វើ​ឡើង​ក៏ដោយ​។​

​ជាមួយនឹង​ការវិវាទ រឿង​ភ្ញៀវទេសចរ​ចិន និង​ជប៉ុន ឈប់​ទិញ​វត្ថុ​អនុស្សាវរីយ៍​របស់​កម្ពុ​ជា ក៏​អង្គ​ប្រជុំបាន​ចែក​របាយការណ៍​ជំនួយស្មារតី ដែល​របាយការណ៍​នោះ មាន​១០ ចំណុច​សំខាន់​គឺ​៖

​ទី​១.​ហូ​ម​ស្តេ (Home Stay) ឬ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដូចជា នៅ​កំពង់​ភ្លុក​,​កំពង់​ឃ្លាំង​... អាច​ស្នើសុំ​លិខិតអនុញ្ញាត​ស្នាក់នៅ​ត្រឹម​ប៉ុស្ដិ៍នគរបាល​ឃុំ ឬ​សង្កាត់​។​

​ទី​២.​អាជ្ញាធរ​ខេត្ដ មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម លើ​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ សំរាប់​វិស័យ​ទេសចរណ៍ ស្នើសុំ​ជំរុញ​បន្ថែម ទៀត​លើ​ការជួសជុល​ផ្លូវ ប្រព័ន្ធ​លូទឹក ភ្លើង​បំភ្លឺ​ក្រុង ការគ្រប់គ្រង​សំរាម ដី​ហុយ សណ្ដាប់ធ្នាប់​សាធារណៈ ចំណតរថយន្ដ ការចត ពុំទាន់​មាន​សណ្ដាប់ធ្នាប់​ល្អ នៅតាម​ចិញ្ចើមផ្លូវ​។​

​ទី​៣.​ស្នើសុំ​ដល់​ក្រសួងទេសចរណ៍ ចាត់វិធានការ​ដល់​ម្ចាស់​សណ្ឋាគារ​ណាមួយ ដែល​បាន​ចាត់​ចំណាត់ថ្នាក់់​សណ្ឋាគារ​ដោយ​ខ្លួនឯង ដោយ​សុំឱ្យ​មានការ​ដាក់ពិន័យ​មួយ​ជាក់លាក់​។​

​ទី​៤.​ស្នើ​សុំឱ្យ​ក្រសួងទេសចរណ៍ ពេលធ្វើ​ចំណាត់ថ្នាក់​សណ្ឋាគារ សូម​ធ្វើ​ការកំណត់​ចន្លោះ​តំលៃ​ទៅតាម​កម្រិត​ផ្កាយ របស់​សណ្ឋាគារ​នីមួយៗ ឱ្យបាន​ជាក់លាក់ ជៀសវាង​សណ្ឋាគារ​ផ្កាយ​ខ្ពស់ លក់​បញ្ចុះ​តំលៃ​ទាប ជាង​សណ្ឋាគារ​ផ្កាយ​ទាប​។​

​ទី​៥.​ស្នើសុំ​ឱ្យមាន​ចំណត​រថយន្ដក្រុង ពេល​រាត្រី ដើម្បី​បញ្ចៀស​នូវ​ការកកស្ទះ និង​រក្សា​សុវត្ថិភាព​ចរាចរ និង​រក្សា​នូវ​សោភ័ណភាព​ក្រុង​។​

​ទី​៦.​ស្នើសុំ​រៀបចំ​នូវ​ដី​ចំណីផ្លូវ​មុខ​របង​មន្ទីរពេទ្យបង្អែក​ខេត្ដ ដើម្បី​ធ្វើ​ចំណត​សំរាប់​ចត​កង់ ម៉ូតូ រ៉ឺម៉ក ដោយមាន​អ្នកគ្រប់គ្រង​
​ត្រឹមត្រូវ​។​

​ទី​៧.​ស្នើសុំ​លុបបំបាត់​ក្មេង​សុំទាន លើ​ផ្ទៃ​ទឹក (​តំបន់​ចុង​ឃ្នៀ​ស​) ដែល​កំពុង​ធ្វើ​សកម្មភាព​សុំ​លុយ​ពី​ភ្ញៀវទេសចរ ដោយ​ប្រើ​រូបភាព​ជិះ​ចានដែក បើកកាណូត​លឿន​ប្រដេញ​តាម​ទូក ឬ​យក​ពស់​ពាក់​លើ ក បង្ហាញជូន​ភ្ញៀវ​។​

​ទី​៨.​សូម​ឱ្យមាន​កិច្ចប្រជុំ រវាង​មន្ទីរជំនាញ និង​អាជីវករ ប្រជាពលរដ្ឋ ដើម្បី​រក​វិធានការ​ដោះស្រាយ ចំពោះ​ការប្រមូល​កាកសំណល់​ក្នុង​ក្រុង​។ ស្នើសុំ​ពង្រឹង​ការងារ​ប្រមូល​សំរាម ឱ្យបាន​ទៀងទាត់​។​

​ទី​៩.​ស្នើសុំ​ក្រសួងទេសចរណ៍ ពង្រឹង​ការងារ​សេវាកម្ម នៅ​ច្រកទ្វារ​អន្ដរជាតិ ប៉ោយប៉ែត និង​សៀមរាប​។​

​ទី​១០.​សំណើសុំ​ក្រសួងទេសចរណ៍ បង្កើត​បន្ថែម​សំរាប់​សាលា​បណ្ដុះបណ្ដាល​ផ្នែក​សណ្ឋាគារ​វិជ្ជាជីវៈ ទេសចរណ៍​ផ្សេងទៀត ដែលមាន​កំរិត​ខ្ពស់​។​

​ចំណុច​ប្រឈម​ទាំង​១០ ខាងលើនេះ ត្រូវបាន​លោក​គោ​ស៊ុំ សារឿ​ត និយាយថា ចំណុច​ខ្លះ ត្រូវបាន​ដោះស្រាយ​ចប់ និង​ចំណុច​ខ្លះនៅ​កំពុង​ដោះស្រាយ និង​មាន​វិធានការ​៕​