សារអេឡិចត្រូនិច
ក្រុម​ហ៊ុន​Ford នឹង​លក់​រថយន្ដ ​នៅ​ក្នុង​ប្រ​ទេស​មី​យ៉ាន់​ម៉ា


ក្រុម​ហ៊ុន ​Ford Motor Co បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ចែក​ចាយ​រថយន្ដ​ធុន​តូច​ និង​រថយន្ដ​ដឹក​ទំ​និញ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ នេះ​បើ​យោង​តាម​ប្រ​ធាន​ដៃ​គូ​ក្នុង​តំ​បន់​របស់​ក្រុម​ហ៊ុន​ Ford ។​ ការិ​យា​ល័យ​តាំង​បង្ហាញ​រថយន្ដ​លើក​ដំ​បូង​របស់​ក្រុម​ហ៊ុន​ នឹង​ត្រូវ​បើក​ដំ​ណើរ​ការ​នៅ​ក្នុង​ទី​ក្រុង​រ៉ង់​ហ្គូន​ នៅ​ដើម​ខែ​ឧ​សភា​ខាង​មុខ​ ។​ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ Ford លោក​នៀល​ ម៉ែក​ខា​ធី​ ថ្លែង​ថា​ ក្រុម​ហ៊ុន​កំ​ពុង​បង្កើន​ល្បឿន​ដើម្បី​ហក់​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ ហើយ​មាន​ក្រុម​ហ៊ុន​ចែក​ចាយ​នៅ​ក្នុង​ស្រុក​ ប៉ុន្ដែ​លោក​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ទេ​​ ។​

ស្រប​ពេល​ជា​មួយ​នេះ​ ក៏​មាន​ក្រុម​ហ៊ុន​ស្លាក​សញ្ញា​ល្បី​ៗ​របស់​អា​មេ​រិក​ជា​ច្រើន​ទៀត​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ចែក​ចាយ​ផលិត​ផល​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ​ ក្នុង​នោះ​មាន​ដូច​ជា​ ក្រុម​ហ៊ុន​ Pepsi Co,Coca-Cola,GE,Caterpillar និង​ក្រុម​ហ៊ុន​ភេស​ជ្ជៈ​ Carlsberg ជា​ដើម​ ។​ ចាប់តាំង​ពី​មាន​កំ​ណែ​ទម្រង់​ន​យោ​បាយ​ និង​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ប្រ​ទេស​ពី​របប​ដែល​គ្រប់​គ្រង​ដោយ​យោធា​ ហើយ​អា​មេ​រិក​បាន​ដក​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​មក​នោះ​ ធ្វើ​ឱ្យ​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ប្រែ​មុខ​មាត់​ថ្មី​ក្លាយ​ជា​ប្រ​ទេស​ដែល​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ច្រើន​ពី​សំ​ណាក់​ក្រុម​ហ៊ុន​ និង​វិ​និ​យោគិន​បរទេស​ ដើម្បី​វិ​និ​យោគ​នៅ​ក្នុង​ប្រ​ទេស​អា​ស៊ី​អា​គ្នេយ៍​មួយ​នេះ​​ ។​​

ប្រ​ទេស​មី​យ៉ាន់​ម៉ា​ បាន​បន្ធូ​រ​បន្ថយ​ការ​នាំ​ចូល​រថយន្ដ​កាល​ពី​ចុង​ឆ្នាំ​២​០​១​១​ ដែល​ជា​ការ​ប្រែ​ផ្លាស់​ដង​ផ្លូវ​នៅ​ក្នុង​ទី​ក្រុង​ពា​ណិជ្ជ​កម្ម​រ៉ង់​ហ្គូន​ដ៏​​ស្ងាត់​ជ្រ​ងំ​ទៅ​ជា​ទី​ក្រុង​ដែល​មាន​សកម្ម​ភាព​មមា​ញឹក​ ។ បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ រថយន្ដ​ចាស់​ៗ​ផលិត​នៅ​ជប៉ុន​មួយ​ចំ​នួន​នៅ​តែ​មាន​វត្ត​មាន​ខ្លាំង​ដ​ដែល​នៅ​តាម​ដង​ផ្លូវ​នា​នា​នៅ​មី​យ៉ាន់​ម៉ា ៕