សារអេឡិចត្រូនិច
បាល់ទាត់​ជ​ម្រើ​សជាតិ​កម្ពុជា កំដៅ​សាច់ដុំ​ ជាមួយ​ម៉ាឡេស៊ី​


ភ្នំពេញ​: ​ថ្ងៃទី ៦ មីនា​ខាងមុខនេះ​ក្រុមបាល់ទាត់​ជ​ម្រើ​ជាតិ​កម្ពុជា នឹង​លេង​កំដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​របស់​ម៉ាឡេស៊ី ។​

​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​មួយ​របស់​ក្រុម​កម្ពុ​ជាមុន​ការមកដល់​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​AFC Challenge- Cup នា​ចុងខែ​នេះ ។​គួរបញ្ជាក់​ថា ​មុន​ធ្វើដំណើរ​មក​កម្ពុជា​ក្រុម​ម៉ាឡេស៊ី​បាន​ទៅ​ប្រកួត​ជា​មិត្ត​ភាពជា​មួយក្រុម​ជម្រើស​ជាតិ​ឡាវ​ដែល​លទ្ធផល​ស្មើគ្នា ៣ ទល់ ៣ ។​សម្រាប់​ម៉ាឡេស៊ី​គឺជា​ក្រុម​ខ្លាំង​មួយ​ក្នុងចំណោម​ក្រុម​ខ្លាំង​នៅក្នុង​តំបន់​ អាស៊ាន ។​

កម្ពុជា​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ ACF-Challenge-Cup នា​ចុងខែ​នេះហើយ​កម្ពុជា​ស្ថិតនៅ​ពូ​ល E ជាមួយ​ហ្វីលីពីន Turkmenistan និង ព្រុយ​ណេ ។​

​តាម​ការគ្រោងទុក​នោះ​នៅ​ថ្ងៃទី​២២​មីនា​កម្ពុជា​ប្រកួត​ជាមួយ Turkmenistan ថ្ងៃទី​២៤​មីនា​កម្ពុជា​ប្រកួត​ជា​មួយ​ហ្វីលីពីន និង ថ្ងៃទី​២៦​មីនា​កម្ពុជា​ប្រកួត​ជា​មូ​យ​ព្រុយ​ណេ ។​

​លោក​ប្រាក់ សុវណ្ណារ៉ា ​គ្រូបង្វឹក​ជម្រើសជាតិ​ បាន​និយាយថា​ ថ្ងៃទី ៦ មីនា​នេះ​ទោះបី​វា​ជាការ​ប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព​ក៏ដោយ​ក៏​កម្ពុជា​លេង​ឲ្យ​អស់ពី​សមត្ថភាព ចំពោះ​លទ្ធផល​យ៉ាងណាៗ​នោះ​លោក​មិន​ខ្វល់​ទេ​។​លោក​បន្តថា ​លោក​យក​ព្រឹត្តិការណ៍​ប្រកួត​នេះ​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​កីឡាករ​ល្អ​សម្រាប់​លេង​ក្នុង​ជម្រើស ១១ នាក់​ដំបូង ។​

សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ AFC Challenge-Cup ​លោក​ប្រាក់ សុវណ្ណារ៉ា​បាន​និយាយថា​ យើង​ដឹង​ពី​សមត្ថភាព​របស់​យើងៗ​មិនគួរ​លោភលន់​នឹង​ជ័យជំនះ​ពេក​ទេ ។ ក្នុង​ឋា​នៈ​ជា​គ្រូបង្វឹក​លោក​បញ្ជាក់ថា ​ការប្រកួត​ជម្រុះ​នេះ​លោក​ត្រូវការ​ឈ្នះ​តែ​ព្រុយ​ណេ​ប៉ុណ្ណោះ​ចំពោះ​ហ្វីលីពីន និង Turkmenistan យើង​កុំអាល​និយាយ​ដល់ ។​