សារអេឡិចត្រូនិច
ប្រេង​ឆៅ​​ធ្លាក់​ថ្លៃ ​​​ដោយ​សារ​​មាន​ក្ដី​បារម្ភ​​ពី ​ការកាត់បន្ថយ​​ការ​ចំណាយ​​របស់​អាមេរិក


តម្លៃ​ប្រេង​ឆៅ​​បានធ្លាក់​ចុះ​​ជា​ច្រើ​ន​សប្ដាហ៍​​​ នៅគ្រា​​​​ដែល​រដ្ឋាភិបាល​​អាមេរិក​​​ សម្រេច​កាត់​បន្ថយ​​​ការ​ចំណាយ​ដែល​​មាន​ផល​ប៉ះពាល់​​​ដល់​វិស័យ​សេដ្ឋកិច្ច​ ។ ​ការ​កាត់បន្ថ​យ​ចំណាយ​​​​​៨៥​​​ពាន់​លាន​ដុល្លារ​​​ដែល​ចូលជា​​ធរមាន​កាលពីថ្ងៃសុក្រ សប្ដាហ៍​កន្លង​ទៅ​​ លោក​អូបាម៉ា​​ថ្លែង​ថា ​​ នឹង​ប៉ះពាល់​​​​ដល់​បុគ្គល​​​ម្នាក់​ៗ​​​​ព្រមទាំង​​សេដ្ឋកិច្ច​​ទាំងមូល ។​​

តម្លៃ​​​​ប្រេង​ឆៅ​​ប្រភេទ​ Light,Sweet សម្រាប់​​​ចែក​ចា​យ​​ខែមេសា នៅក្នុង​ទីក្រុង​ញូ​វ​យ៉ក​បាន​​ធ្លាក់​ចុះ​១,៣៧​ដុល្លារ​​​​ ឬ​​១,៤៨​%​មក​នៅ​​​៩០,៦៨​​ដុល្លារ​​​ក្នុងមួយបារ៉ែល​ ។ ចំណែក​​​ប្រេង​ឆៅ​ប្រភេទ​​ Brent North Sea  របស់​​​អង់​គ្លេស​​​ធ្លាក់​ចុះ​​​ ៩២​​សេន ឬ​​​០,៨២%​​មកនៅ​​​​១១០,៤៦​ដុល្លារ​​ក្នុងមួយបារ៉ែល​​ ។​

សន្ទស្ស​ន៍វាស់​វែង​សេដ្ឋកិច្ច​​​អាមេរិក​​ (PMI) ​បាន​កើនឡើង​ពី​​​​៥៣,១%​ នៅក្នុង​ខែ​មករា ​ដល់​​​៥៤,២​%​ ​នៅក្នុងខែកុម្ភៈ​ ដែល​នេះ​ជាកម្រិត​​​មួយ​ខ្ពស់​​​បំ​ផុត​​​ចាប់​ពីខែមិថុនា ​ឆ្នាំ​​២០១១ ​នៅ​ពេល​ដែល​​​​សន្ទស្សន៍​សេដ្ឋកិច្ចបាន​កើន​ដល់​​​៥៥,​៨%​​​​ នេះបើ​​យោ​ង​តាម​​វិទ្យាស្ថាន​​គ្រប់គ្រង​​​ការ​ផ្គត់​ផ្គង់​​​​ (ISM) ​។ សកម្ម​ភាព​​ផលិត​​កម្ម​ទទួល​​​បានទិន្ន​ផល​​​ផ្ដល់​ការ​ងា​រ​​​​ល្អ​ច្រើន​​​ចាប់​តាំង​ពីដំណើរ​​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​​​បានបញ្ចប់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​​២០០៩ ។

ការ​ចំណាយលើ​ទំនិញ​ប្រើ​ប្រាស់​​នៅ​ក្នុងខែ​មករា បាន​កើន​ឡើង​​ទោះបី​​ជា​ប្រាក់​​ចំណូល​ធ្លាក់​ចុះ​​​ក៏​ដោយ​​​ ។​​​ ក្រសួងពាណិជ្ជកម្ម​​​អាមេរិក​​រាយ​ការ​ណ៍ថា ប្រាក់​ចំណូល​​​សម្រាប់មនុស្ស​​ម្នាក់​បាន​ធ្លាក់​ចុះ​​​៣,៦%​​​នៅក្នុងខែ​មករា ​បើ​ធៀប​នឹង​កំណើន​​​២,៦%​​​កាលពី​ខែមុន​ៗ​​ ខណៈ​ដែល​ការ​ចំណាយ​​លើ​ការ​ប្រើប្រាស់​​របស់បុគ្គល​​​ម្នាក់​​ ៗ​​ កើន​​០,​២% ៕​ ​