សារអេឡិចត្រូនិច
សម្តេចតេជោ “យើងចង់ធ្វើយ៉ាងណា កុំឱ្យទេសចរណ៍ ទន្ទ្រានវប្បធម៌”


ភ្នំពេញ: អង្គការ​ទេសចរណ៍​ពិភពលោក បាន​ស្នើសុំ​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លើ​គោលដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​សំណើ​នោះ និង​បានផ្តល​អនុសាសន៍​ថា យើង​ចង់​ធ្វើយ៉ាងណា​កុំឱ្យ ទេសចរណ៍ ទន្ទ្រាន​វប្បធម៌​។ តែ​ផ្ទុយទៅវិញ គឺ​អភិរក្ស​វប្បធម៌ ដើម្បី​ទាក់ទាញ​ទេសចរណ៍​។ ​​សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​គាំទ្រ​សំណើ របស់​អង្គការ​ទេសចរណ៍​ពិភពលោក នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែតុលា នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី​ជាមួយ​ លោក    តា​លី​ប រី​ហ្វា​យ (Taleb Rifai) អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​។​
​    ​
​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា ៖ លោក​បណ្ឌិត តា​លី​ប រី​ហ្វា​យ បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ លោក បានឃើញ​ប្រទេស​កម្ពុជា មានការ​ផ្លាស់ប្តូ​ដ៏​ពិតប្រាកដ ហើយ​កម្ពុជា​បានក្លាយ​ទៅជា​ទិសដៅ ទេសចរណ៍​ដ៏​ពិតៗ និង​មាន​ប្រជាជន​ជាច្រើន​ដែល​បាននិងកំពុង​និយាយ​ពី​កម្ពុជា​ថា មាន សេដ្ឋកិច្ច​ល្អ និង​នយោបាយ​ល្អ ព្រមទាំង​កំពុងតែ​កសាង​នូវ​កម្ពុ​ជាមួយ​ដ៏​ស្រស់ស្អាត​នៅលើ​ពិភពលោក​។
​    ​
​លោក តា​លី​ប បានលើកឡើង​នូវ​ចំណុច ៣ សុំ​ការគាំទ្រ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទី​១ គឺ​ការរៀបចំ​ប្រជុំ​ការងារ​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមសហការ​ជាមួយនឹង​អង្គការ​យូណេស្កូ ដែលមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ​រួម​នឹង​វិស័យ​ឯកជន​ផងដែរ , ទី​២.​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដោយ​លោក​បាន​មាន ប្រសាសន៍ថា នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង ជាពិសេស​បង្កើត​នូវ​មជ្ឈមណ្ឌល​មួយ​ដែលមាន​ឈ្មោះថា The Center Excellent  ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឱ្យមាន​កំរិតស្តង់ដា​តែមួយ និង ទី​៣.​គឺ​ការបង្កើត​ក្រុមប្រឹក្សា​រក​ទីផ្សារ ដែល​ក្នុងនោះ មាន​ពាក់ព័ន្ធ​ច្បាប់​សម្រាប់​ការបង្កើត​នេះ​ផងដែរ​។​
​    ​
​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ទោះបី​ជាមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏ដោយ ក៏​កម្ពុជា​នៅតែមាន​សក្តានុពល​នៅឡើយ ហើយ​វិស័យ​ទេសចរណ៍​បាន​ចូលរួមចំណែក​ជំរុញ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។ សម្តេច​បាន​មាន ប្រសាសន៍ថា យើង​ចង់​ធ្វើយ៉ាងណា​កុំឱ្យ​ទេសចរណ៍​ទន្ទ្រាន​វប្បធម៌​។ តែ​ផ្ទុយទៅវិញ គឺ​អភិរក្ស​វប្បធម៌​ដើម្បី​ទាក់ទាញ​ទេសចរណ៍​។ ក្នុងន័យនេះ សម្តេច​បាន​ថ្លែងអំណរគុណ និង​សូម​គាំទ្រ​នូវ​ចំណុច​ទាំង ៣ ដែល​លោក តា​លី​ប បានលើកឡើង​៕