ចៅហ្វាយក្រុងបាងកក អរគុណអ្នកគាំទ្របន្ទាប់ពីឈ្នះអាណត្តិទី២
ថ្ងៃ ចន្ទ ទី ៤ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១១:០២
គណបក្សប្រឆាំងថៃបានរក្សាការគ្រប់គ្រងក្រុងបាងកកកាលពីថ្ងៃអាទិត្យនៅពេលលោកស៊ូខុមបាន ផារីបាត្រាបានជម្នះការស្ទង់មតិអវិជ្ជមាននិងឈ្នះការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងបាងកកសំរាប់អាណត្តិទី២។
លោកបានបំបាក់ការប្រជែងយ៉ាងខ្លាំងពីលោកពង់សាផាត ពង់ចារ៉ឺនមកពីគណបក្សកាន់អំណាចភឿថៃក្នុងការប្រកួតប្រជែងយ៉ាងតឹងតែងដែលវារំលេចអោយឃើញការបែកបាក់ជាតិដ៏ជ្រាលជ្រៅ។
នៅមុនការបោះឆ្នោត ពួកប្រជាធិបតេយ្យបានទទូចអោយពួកវណ្ណៈកណ្តាលភាគច្រើននៅក្រុងបាងកកបោះឆ្នោតប្រឆាំងការកាន់កាប់នយោបាយផ្តាច់មុខរបស់គណបក្សភឿថៃតាមរយៈបោះឆ្នោតគាំទ្រគណបក្សប្រឆាំងសំរាប់តំណែងចៅហ្វាយក្រុងនេះ។ភឿថៃកាន់កាប់កៅអីសភា២៦៥ក្នុងសភាដែលមាន៥០០កៅអី។
នៅស្នាក់ការគណបក្សប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃអាទិត្យ លោកស៊ូខុមបាន បានខំទប់ទឹកភ្នែកនៅពេលលោកអរគុណអ្នកគាំទ្រ។
វាជាការឈ្នះលើកទី៤ជាប់ៗគ្នាសំរាប់គណបក្សប្រជាធិបតេយ្យក្នុងការប្រកួតប្រជែងយកតំណែងអភិបាលក្រុងនេះ។
នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃម្សិលមិញក៏បានអបអរលោកស៊ូខុមបានចំពោះជោគជ័យរបស់លោក ដោយលោកស្រីបានមានប្រសាសន៍ថា "គណបក្សភឿថៃ និងរដ្ឋាភិបាលនឹងគាំទ្រដោយរីករាយអភិបាលក្រុងបាងកកនិងមានបំណងធ្វើការជាមួយលោកស៊ូខុមបាន"។
ក្នុងពេលជាមួយគ្នា បេក្ខជនគណបក្សភឿថៃលោកពង់សាផាតបានទទួលស្គាល់បរាជ័យនិងក៏បានអបអរគូប្រជែង ស៊ូខុមបាន៕