សារអេឡិចត្រូនិច
ស្ត្រី​ឥណ្ឌា​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ​ដើម្បី​ការពារ​ខ្លួន​ ពី​ពួក​ចាប់រំលោភ​


ជាមួយនឹង​អង្គរក្ស​ជាក់ស្តែង ប៊ូ​តុង​ចុច​បំភ័យ និងផែនទី​ដើម្បី​បង្ហាញ​ចំណុចកើតហេតុ​នៃ​ការបំពាន ស្ត្រីៗ​នៅក្នុង​ទីក្រុង​ប្រទេស​ឥណ្ឌា​ បាននិងកំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​សម្រាប់​ការពារ​ខ្លួន បន្ទាប់ពី​មានការ​រំលោភ​បូក​ដ៏​ព្រៃផ្សៃ​ក្នុង​ទីក្រុង​ញូ​វ​ដេលី​រួចមក។​

ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី និងវេ​ប​សាយ​សុវត្ថិភាព​បាន​កើនឡើង ចាប់តាំងពី​ការវាយប្រហារ​ដ៏​អាក្រក់​ក្នុង​ខែធ្នូ​ឆ្នាំមុន ក្នុងនោះ​និស្សិត​អាយុ ២៣ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់រំលោភ​ពី​សំណាក់​ពួក​យូ​កូ​ង​ស្រវឹងស្រា​នៅតាម​ផ្លូវ​ទៅផ្ទះ​របស់​នាង ​ពី​ចំណុច​រោងកុន​មួយ​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា។​

​បន្ទាប់ពី​កំហឹង និងការតវ៉ា​បាន​ផ្ទុះឡើង ស្ត្រី​ពាណិជ្ជករ​បួន​នាក់​បាន​បង្កើត​វេ​ប​សាយ Safecity.in ជា​វេ​ប​សាយ​មួយ​សម្រាប់​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ដើម្បី​បញ្ចេញ​កំហឹង​របស់​ពួកគេ។​

​វេ​ប​សាយ​នេះ​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ចេះ "​ការពារ​ខ្លួន​ពី​ពួក​ចាប់រំលោភ​" តាមរយៈ​ការរាយការណ៍​អំពី​ឧបត្តិហេតុ​នៃ​ការបំពាន និង រំលោភ មាន​ចាប់ពី​សម្រែក​មិន​ពេញចិត្ត រហូតដល់​ការចាប់រំលោភ ដែល​ត្រូវបាន​គេ​បន្ថែម​ចូលទៅក្នុង​ផែនទី​តាម​អន​ឡាញ និងបញ្ជូន​ទៅកាន់​អ្នក​ដែល​ស្នើ​ឲ្យ​មានការ​ប្រកាសអាសន្ន។​

​វេ​ប​សាយ​នេះ​បាន​ភ្ជាប់​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ថ្មី​ឈ្មោះថា  SafeTrac បង្កើតឡើង​ដោយ​ក្រុមហ៊ុន  KritiLabs ដែលមាន​ប៊ូ​តុង SOS ដើម្បី​ប្រកាស​សញ្ញា​អាសន្ន និងធ្វើ​ឲ្យ​មិត្តភក្តិ ឬ​សាច់ញាតិ​បានដឹង​ពី​ការធ្វើដំណើរ​របស់​អ្នកប្រើប្រាស់៕