សារអេឡិចត្រូនិច
នៅតំបន់បឹងទន្លេសាបខេត្ដ សៀមរាបមានកន្លែងកម្សាន្ត សម្រាប់ភ្ញៀវទេសចរ ៣ សំខាន់ កំពុងទាក់ទាញ


ខេត្តសៀមរាប: អាជ្ញាធរ បាន​និយាយថា នៅ​ខេត្ដ​សៀមរាប ក្រៅពី​តំបន់​ទេសចរណ៍វប្បធម៌ ដូចជា​ប្រាសាទ​អង្គរវត្ដ និង​រមណីយដ្ឋាន មួយចំនួនទៀត ដែលជា​ការទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ដ៏​សំខាន់​នោះ គេ​ពិនិត្យឃើញថា នៅ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ដ​សៀមរាប មាន​គោលដៅ​ទេសចរណ៍​ចំនួន​៣ ដែល​ធ្វើការ​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់ ហើយ​ភ្ញៀវ​កំពុងតែ​ចាប់អារម្មណ៍​ថែម​ទៀតផង​។

តំបន់​រមណីយដ្ឋាន​បឹង​ទន្លេសាប​ដ៏​សំខាន់​ទាំង​៣ របស់​ខេត្ដ​សៀមរាប ដែល​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ដ៏​សំខាន់​នោះ​គឺៈ ទី​១ តំបន់​រមណីយដ្ឋាន​ចុង​ឃ្នៀ​ស ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​,​ទី​២ តំបន់​កំពង់​ភ្លុក ស្ថិតនៅក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​ទី​៣ តំបន់​មាត់ទឹក​មេ​ជ្រៃ ស្ថិតនៅក្នុង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក​។

គេ​បាន​ពណ៌នា​ថា រមណីយដ្ឋាន​ចុង​ឃ្នៀ​ស​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំងជាងគេ ព្រោះថា​តំបន់​នោះ​មាន​ដែន​ទឹកធំ​ល្វឹងល្វើយ ហើយ​ភ្ញៀវទេសចរ​អាច​ជិះ​កាណូត​កម្សាន្ដ មើល​ភូមិ​បណ្ដែត​ទឹក មើល​ព្រៃព្រឹក្សា ហើយ​គយគន់​ទឹកទន្លេ​សាប​នៅ ប៉ែក​ខាងក្រោម​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​។

ដោយឡែក នៅ​តំបន់​កំពង់​ភ្លុក គឺ​ភ្ញៀវទេសចរ អាច​ទៅ​កម្សាន្ត ដោយ​ការ​ជិះទូក កាណូត​ដូចគ្នា ហើយ​ភ្ញៀវ​ជិះ​គយគន់ មើល​ផ្ទះ​បណ្ដែត​ទឹក ហើយ​អ្វីដែល​ប្លែក​ជាងគេ​បំផុត​នោះ​គឺ មាន​ព្រៃគុហ៍ ដើម​រាំង ដែលមាន​អាយុកាល​រាប់រយ រាប់សិប​ឆ្នាំ​មក ហើយ​នោះបាន​ដុះ​ប្រជ្រៀត​គ្នា នៅលើ​ផ្ទៃ​ទឹក គួរឱ្យ​ចាប់អារម្មណ៍ និង​ធ្វើឱ្យ​ភ្ញៀវទេសចរ ស​សម្លឹង​ទេសភាព​មិន​ដាក់​ភ្នែក ជាមួយ​នឹ ង​ការថត​ទេសភាព​ទាំងនោះ​ថែម​ទៀតផង​។​

ចំពោះ​តំបន់​មេ​ជ្រៃ ដែលជា​តំបន់​ទី​៣ វា​មាន​ភាព​ខ្សោយ​បន្ដិច​នូវ​ភ្ញៀវទេសចរ ប៉ុន្ដែ​ទីនោះ​នឹងធ្វើ​ការទាក់ទាញ​ភ្ញៀវទេសចរ មិន​ចាញ់​តំបន់​២​ខាងលើ នៅពេល​ឆាប់ៗ​ខាងមុខ ព្រោះថា តំបន់​មេ​ជ្រៃ បាន​បង្កើតឡើង​នៅក្រោយ​គេ ហើយ​មិនទាន់​ធ្វើឱ្យ ភ្ញៀវទេសចរ បានដឹង​សុសសាយ​នោះទេ​។ តំបន់​មេ​ជ្រៃ​នោះដែរ គឺ​ការកម្សាន្ដ​របស់​ភ្ញៀវ គឺធ្វើឡើង​នៅលើ​កាណូត ឬ​ទូក ដែល​ភ្ញៀវ អាច​ជិះ​កម្សាន្ដ​មើល​ព្រៃព្រឹក្សា​ដ៏​ធំ​ល្វឹងល្វើយ នៅ​តំបន់​នោះ​។​

គេ​បានឱ្យដឹងថា តំបន់​ទាំង​៣ គឺ​បាន​ស្រូប​ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់ បន្ទាប់ពី​ភ្ញៀវទេសចរ​ទាំងនោះ បានមក​ទស្សនា​កម្សាន្ដ នៅ​តំបន់​សៀមរាប​-​អង្គរ តំបន់​ប្រាសាទ​កោះ​កេរ តំបន់​ប្រាសាទបឹងមាលា និង​បន្ទាប់មក ពួកគេ​ចុងក្រោយ ទៅ​កម្សាន្ដ​នៅ​តំបន់ ចំនួន​៣​ខាងលើ ព្រោះថា តំបន់​ទាំង​៣​ប្លែក​ខុសពី​គេ ដោយ​ទីនោះ​មាន​ភូមិ​បណ្ដែត​ទឹក មាន​សត្វ​ស្លាប មាន​ព្រៃព្រឹក្សា មាន​ព្រៃគុហ៍ ដើម​រាំង និង​មាន​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ ដែល​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក មិនមាន​គូ​ប្រដូច​ឡើយ​។​

លោក​គោ​ស៊ុំ សារឿ​ត បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ​ថា តំបន់​ទាំង​៣ គឺជា​ភាព​ទាក់ទាញ​មួយ​ដ៏​សំខាន់់ ហើយ​ជា​តំបន់​ដ៏​កម្រ ដែល​កម្ពុជា​យើង​មាន និង​មាន​ភ្ញៀវទេសចរ គេ​ចាប់អារម្មណ៍​បំផុត​។ ជាមួយគ្នា​នោះ លោក​គោ​ស៊ុំ សារឿ​ត ក៏បាន​ស្នើឱ្យ​ស្នង ការ​នគរបាល​ខេត្ដ​សៀមរាប ត្រូវ​ណែនាំ​ដល់​នគរបាល​បុ​សិ៍្ដ​រដ្ឋបាល មាន​ភារកិច្ច​ការពារ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ភ្ញៀវទេសចរ​ទាំងនោះ ឱ្យមាន​ប្រសិទ្ធភាព ព្រោះថា ភ្ញៀវទេសចរ​ខ្លះ បាន​ទៅ​ស្នាក់នៅ និង​ហូបចុក នៅ​រមណីយដ្ឋាន​នោះ​តែម្ដង​៕