សារអេឡិចត្រូនិច
ចិន ​បង្ហាញមុខ​មេដឹកនាំ​ជំនាន់​ថ្មី ​របស់ខ្លួន


ប្រតិភូ​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​ចិន​មកជួបជុំ​គ្នា​នៅ​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ផ្ទេរអំណាច​ទៅ​ឲ្យ​ក្រុម​មេដឹកនាំ​ចិន​ថ្មី​របស់ខ្លួន​។​

​លោក ស៊ី ជីន​ពីង ( Xi Jinping )​នឹងត្រូវ​បាន​ជំនួស លោក ហ៊ូ ជីន​ថាវ ក្នុង​តំណែង​ជា​ប្រធានាធិបតី​ចិន​នៅ សមាជ​នៃសភា​ប្រជាជន​ចិន​ប្រចាំឆ្នាំ​(NPC) ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​។

​ក្នុងការ​ផ្ទេរអំណាច​នេះ លោក លី កេគាំង នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ចិន ដោយ​ជំនួស លោក វេន ជា​បាវ។​

លោក ហ្សង់ ព្យែរ កាបេស្តង់ សាស្ត្រា​ចារ្យនយោបាយ​នៅ​សកល​វិទ្យាល័យ​Baptist​ក្នុង​ទីក្រុង​ហុងកុង បាន​​និយាយថា ការតែងតាំង លោក ស៊ី ជីន​ពីង ជា​ប្រធានាធិបតី​ចិន​ជា​ផ្លូវការ​នេះ នឹង​បញ្ចប់​ភាពមិនច្បាស់លាស់​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​​បន្ទាប់ពី​មានការ​តែង លោក ស៊ី ជីន​ពីង ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ខែវិច្ឆិកា​មក​នោះ​។

​លោកហ្សង់ ព្យែរ កាបេស្តង់ បាន​និយាយថា“ មាន​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ជិត​៥​ខែ​ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ជាប់គាំង​ដំណើរការ​​ដោយសារតែ​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​នេះ មិនអាច​បន្ត​ដំ​ណើ​រការ​របៀប​នៃ​ការដឹកនាំ​ដូច​កាលពី​ពេលមុនៗ​”​។​

​តំណែង​របស់ លោក ស៊ី ជីន​ពីង នៅក្នុង​បក្ស​កុម្មុយនីស្ត​ចិន​នេះ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ចាប់ផ្តើម​ឡើងកាន់​អំណាច់​ដ៏​ពិ​ប្រាក​ដក​របស់លោក​​ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​របស់លោក​ដែល​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ នឹង​កាន់តែ​ផ្តល់​តួនាទី​សំខាន់ៗ​ជាច្រើន​ថែមទៀត​ដល់ លោក ស៊ី ជីន​ពីង ដោយ​រួមទាំង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ទៅ​ក្រៅប្រទេស​ផងដែរ​៕