សារអេឡិចត្រូនិច
ប្រតិបត្តិករទេសចរណ៍សន្យា មិនដំឡើងថ្លៃសេវាកម្មរបស់ខ្លួន នៅថ្ងៃបុណ្យសមុទ្រ ដើមខែធ្នូ


កំពត: តំណាង​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ បាន​អះអាង​ពី​ការមិន​ដំឡើងថ្លៃ​ហួសហេតុ សម្រាប់​ឱកាស នៃ​ពិធីបុណ្យ​សមុទ្រ និង​មហាសន្និបាត​ពិភពលោក​លើក​ទី​ប្រាំបួន របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ដែល​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​។

​នេះ​ជាការ​ឆ្លើយតប​របស់​អ្នករក​ទទួលទាន​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ផ្នែក​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​មានការ​បញ្ជ្រាប​ដោយ​មន្ត្រី​គ្រប់គ្រង​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​។​

​ដោយ​នាំយក​នូវ​ប្រសាសន៍​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏ដូចជា ការណែនាំ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ខេត្ត លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រតិបត្តិ​ករ​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​ពីរ ប្រព្រឹត្តឡើង​នៅ​ខេត្ត​កែប និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​ពិភពលោកលើក​ទី​ប្រាំបួន ធ្វើ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ នឹង​ឈាន​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ​។ ដូច្នេះ​អ្វីដែល​បងប្អូន​អាជីវករ និង​អ្នករក​ទទួលទាន ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ទាំងអស់ ចាំបាច់​ត្រូវ​យល់ដឹង​នូវ​វិធី​បដិសណ្ឋារកិច្ច​ភ្ញៀវ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​បំផុត​។

​លោក​បន្តថា បញ្ហា​អនាម័យ ការលើកកម្ពស់​គុណភាព​ផលិតផល​ទេសចរណ៍ ត្រូវតែ​យកចិត្តទុកដាក់ ពិសេស​លើ​តម្លៃ​ទំនិញ​សព្វសារពើ ក៏ដូចជា​បន្ទប់​ស្នាក់នៅ ហាម​ដំឡើងថ្លៃ​សេវាកម្ម​ហួសហេតុ ទោះបី​ភ្ញៀវ​ចូល​ស្នាក់​ជា​លក្ខណៈ​គ្រួសារ ដែលមាន​ចំនួន​សមាជិក​ច្រើនជាង​ថ្ងៃ​ធម្មតា​ក្តី​។​

​ឆ្លើយតប​ចំពោះ​ខ្លឹមសារ​ខាងលើ តំណាង​ប្រតិបត្តិ​ករ បាន​អះអាងថា ពិតណាស់​ហើយ​ដែល​ក្នុង ពិធីបុណ្យ​ខាងមុខ​នឹងមាន​ភ្ញៀវ​មក​ច្រើន ទាំង​ការឆ្លងកាត់​ទាំង​ការចូល​ទិញ​ទំនិញ និង​ការ​ស្នាក់នៅ តែ​ពួកគាត់​ធានាថា នឹងមិន​ដំឡើង ថ្លៃ​ហួសហេតុ ដូច​បណ្តា​កន្លែង​ដទៃ ដែល​ធ្លាប់​កើតមាន រហូត​លេចចេញ​នូវ​ពាក្យរិះគន់​ជារឿយៗ​នោះឡើយ​។

​ក្នុងនាម​អ្នកទទួលបាន​ផលចំណេញ​ពី​វិស័យ​ទេសចរណ៍ ពួកគាត់​នឹងចូលរួម​ក្នុងការ​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខេត្ត មិនឱ្យ​ទទួលរង​នូវ​ពាក្យរិះគន់ ព្រោះតែ​ការ​កេង​យកចំណេញ​ហួសហេតុ​នោះទេ ព្រោះ​ទាំងនេះ ជា​ដង្ហើមរស់​របស់​ពួកគាត់​សម្រាប់​រយៈពេល​យូរអង្វែង​។
​    ​
​គួរ​បញ្ជាក់ថានៅ​ទូទាំង​ខេត្តកំពត មាន​សណ្ឋាគារ​ចំនួន ៧ ស្មើនឹង ៨៧០ បន្ទប់ ផ្ទះសំណាក់​ចំនួន ៧៦ ស្មើនឹង ៩២៣ បន្ទប់ និង​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ៥៧ កន្លែង​។ ខេត្តកំពត ជា​ចំណុច ដែល​ភ្ញៀវទេសចរ​ភាគច្រើន តែង​ឆ្លងកាត់​ស្នាក់អាស្រ័យ មុននឹង​ធ្វើដំណើរ​ឆ្ពោះទៅ​គោលដៅ​ផ្សេងៗ ដូចជា កែប បូកគោ និង​ក្រុងព្រះសីហនុ ជាដើម​។

​ផ្តើមចេញ​ពីនេះ ការបញ្ជ្រាប​ចំណេះដឹង​ដល់​ប្រតិបត្តិ​ទេសចរណ៍ ជា​បញ្ហា​សំខាន់បំផុត ដើម្បីឱ្យ​ការងារ​រក​ទទួលទាន​របស់​ពួកគាត់ បាន​ជោគជ័យ​យូរអង្វែង​៕