សារអេឡិចត្រូនិច
ទស្សនា​កោះ​ឡាំ​កា​វីប្រទេស ​ម៉ាឡេស៊ីជាមួយនឹង​ការ​ជិះ ​កន្ត្រក​ខ្សែកាប


ភ្នំពេញ: បន្ទាប់ពី​បញ្ចប់​ដំណើរ​ស្វែងរក ក្រុម​អ្នកសារព័ត៌មាន តារា​សំដែង តំណាង​ក្រុមហ៊ុន​ទេសចរណ៍កម្ពុជា និង​មកពី បណ្តា​ប្រទេស អាស៊ាន បាន​បន្តដំណើរ​កំសាន្ត ទៅកាន់​កោះ​ឡាំង​កា​វី (Langkawi) ជាមួយនឹង​ការធ្វើដំណើរ អស់​រយៈពេល ជិត​១០​ម៉ោង តាមរយៈ​រថយន្តក្រុង រួច​បន្តដំណើរ ដោយ​កាណូត​ល្បឿន​លឿន ទស្សនា​ផ្ទៃ​ទឹកសមុទ្រ ប្រជុំ​កោះ​នានា ជាច្រើន ទើបបាន​ឈាន​ជើង​ឡើងទៅ​ដល់​កោះ​។​

​កោះ​ឡាំង​កា​វី គឺជា​ដែនកោះ ដែលមាន​សម្រស់​ស្រស់ ស្អាត​ពី​ធម្មជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី គួរ​ជាទី ទាក់ទាញ​ដល់​អ្នកទេសចរ​ឱ្យ ទៅ​កម្សាន្ត​សម្រាក​លម្ហែកាយ​នៅ​ទីនោះ លាតសន្ធឹង​យ៉ាង​ធំ​ទូលាយ​ប្រកបដោយ​សន្តិសុខ មិត្តភាព និងសម្រស់​ធម្មជាតិ យ៉ាង​ស្រស់ស្អាត ដែល​អ្នកទេសចរ អាច​កម្សាន្ត​ជាមួយ​ឆ្នេរសមុទ្រ ទស្សនា​កោះ​ជាច្រើន អ្នកទេសចរ​អាច​ជិះទូក​កម្សាន្ត​តាម​កោះ មើល​ព្រះអាទិត្យ រៀប​លិច ជិះទូក​ក្តោង ស្ទូចត្រី​ជាដើម​។ កោះ​ឡាំង​កា​វី ប្រៀបបាន​ទៅនឹង​កោះ​នា​ស្ថាន​សួគ៌ា ដែល​អ្នក​ទៅដល់ ហើយ​មិន​ចង់​ត្រឡប់មកវិញ​។​

​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០០៧ កោះ Langkawi ត្រូវបាន​គេ​ចុះ​ក្នុង​បញ្ជី​ទេសចរពិភពលោក​ដោយ​អង្គការ​យូណេស្កូ​។ តំបន់​ចំនួន​បី ដែល​ដាក់ ជា​តំបន់​អភិរក្ស នៅក្នុង​កោះ Langkawi គឺ Geopark Machincang Cambrian Geoforest (​កន្ត្រក ខ្សែកាប​អគ្គិសនី​) សួន KILIM GEOFOREST PARK (​ទស្សនា​សត្វ​ឥន្ទ្រី​ក្រហម​) និង Dayang Bunting ថ្ម​ម៉ាប ទាំងបី នេះ​គឺជា​តំបន់​ទេសចរណ៍ ដ៏​ពេញនិយម​ជាងគេ​បំផុត នៅក្នុង Langkawi Geopark​។​

​ទឹកដី​នៃ​កោះ​ឡាំង​កា​វី ពោរពេញ​ទៅដោយ​ទេសភាព​ខៀវស្រងាត់ មាន​វាលស្រែ ភ្នំ និង កោះ​ជាច្រើន​ដុះ​នៅ ក្នុង​សមុទ្រ បានធ្វើឱ្យ​យើង​មាន​ក្តីរំភើប​ទៅនឹង​សម្រស់​នៃ​ទឹកដី​កោះ នេះ​ខុសប្លែក​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ដែលជា​ទីក្រុង​សេដ្ឋកិច្ច  និងហិរញ្ញវត្ថុ​ពោរពេញ​ទៅដោយ​ផ្លូវថ្នល់​ច្រើន​ខ្វាត់ខ្វែង​លើ​ក្រោម និង អគារ​ធំៗ​ខ្ពស់​ទំនើបៗ​។​

​ក្រោយពី​ឡើងទៅ​ដល់​លើ​កោះ​ឡាំង​កា​វី អ្នកចូលរួម​ទាំងអស់ បាន​បន្តដំណើរ​តាម​រថយន្តក្រុង ប្រហែលជា​៤០​នាទី ទើប​ទៅដល់ Mat Cincang Cable Car ជា​កន្លែង​ជិះ​កន្ត្រក ខ្សែកាប ដើរ​ដោយ​ចរន្តអគ្គិសនី ទៅដល់​កំពូលភ្នំ ដែល​ក្នុង​មួយ​កន្ត្រក អាច​ជិះ​បាន​ពី​៤-៦​នាក់ នៅពេល​កំពុង​ជិះ​ឡើងធ្វើ​ឲ្យ​មាន អារម្មណ៍​ព្រឺព្រួច ប៉ុន្តែ​មាន​អារម្មណ៍ សប្បាយរីករាយ និង រំភើប​ដោយសារ​នៅ​ពី ក្រោម​យើង​អាច​មើលឃើញ នូវ​ទេសភាព ព្រៃភ្នំ ទឹកជ្រោះ និង សមុទ្រ​បាន​យ៉ាងច្បាស់​។ ពេលទៅដល់​លើ​កំពូលភ្នំ ដែលមាន​កម្ពស់ ៧០០​ម៉ែត្រ ប្រៀបធៀប​ទៅនឹង​នីវ៉ូ​សមុទ្រ គឺមាន​អាកាសធាតុ​ត្រជាក់ ជួន​ពេល​ទៅនឹង​ថ្ងៃ​រៀប​លិច ដ៏​ស្រស់ត្រកាល​។ នៅលើ​កំពូលភ្នំ​នេះ ពេល​មេឃ​ស្រឡះ​ល្អ គេ​អាច​មើលឃើញ ព្រំប្រទល់​សមុទ្រ នៃ​ប្រទេស​ថៃ និង ប្រទេស​ឥណ្ឌូណេស៊ី ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមការងារ CEN បុគ្គលិក​កាសែត​រស្មី​កម្ពុជា បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និង​បុគ្គលិក ទូរ​សទស្ស​ន៍​បាយ័ន ក្រុមហ៊ុន​ទេសចរណ៍ អ្នកនិពន្ធ រួមទាំង​ចំនួន​ពីររូប​ទៀត ត្រូវបាន ក្រុមប្រឹក្សា​ផ្សា​ព្វ​ផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ដែលជា​ផ្នែក​មួយ​នៃ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី រួមជាមួយ​ស្ថានទូត ម៉ាឡេស៊ី និង​បានការ​ឧបត្ថម្ភ​ទាំងស្រុង​ពី Tourism Malaysia និង​មានការ សហការ ពី​ក្រុមហ៊ុន Malaysia Airlines បាន​អ​ញ្ជើញ ពួកគេ​ទៅ​ចូលរួម​កម្មវិធី “​ដំណើរ​កំសាន្ដ​អាស៊ាន ស្វែងរក នៅ​ប្រទេស​ម៉ាឡេស៊ី ២០១៣” Asean Explore Quest Malaysia2013 នៅ​ប្រទេស​ម៉ាឡេស៊ី និង​មានការ​ចូលរួម​ពី​បណ្ដា ប្រទេស​ផ្សេងៗ​ប្រចាំ​អាស៊ាន​។

​ក្នុង​រយៈពេល​ដំណើរ​កំសាន្ត​នេះ អ្នក​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម ដោយ​មួយ​ប្រទេស​មាន​ចំនួន​៩​នាក់ គឺ​បាន​ឆ្លងកាត់​ចំនួន​៤​រដ្ឋ មាន Kulalampor, Perak, Kedah, និង Pelis (Langkawi) ដោយ​ប្រទេស​ម៉ាឡេស៊ី មាន​ទាំងអស់ ចំនួន​១៣​រដ្ឋ ដើម្បី​ឲ្យ​អ្នក ដែល​ចូលរួម​នោះ ទៅ​ដក​បទពិសោធន៍​ផ្ទាល់ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ម្យ៉ាងទៀត​គឺ​ដើម្បី​បង្កើន កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ជាមួយ​បណ្តា ប្រទេស​អាស៊ាន​។ នៅ​ឆ្នាំ​២០១៤ ប្រទេស​ម៉ាឡេស៊ី នឹង​ក្លាយជា​ម្ចាស់ផ្ទះ Asean Tourism Forum 2014​។​

​ក្នុង​ដំណើរ​ដែល​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Tourism Malaysia រយៈពេល​៧​ថ្ងៃ (១១​វិ​ចិ្ឆ​កា​-១៧​វិ​ចិ្ឆ​កា​) នេះ​គឺមាន​ធ្វើដំណើរ​តាម​រថភ្លើង តាម​ឡាន តាម​កាណូត និង​តាម​យន្តហោះ ដោយមាន​ទស្សនា តំបន់​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី រួមទាំង​មានការ​ស្នាក់ នៅ តាម​ផ្ទះ ប្រជាជន​ម៉ាឡេស៊ី ដើម្បី​ស្វែង​ពីរ​បៀ​បរស់ របស់​ប្រជាជន​នៅតាម​ទីជនបទ ទស្សនា ព្រៃកោងកាង ឆ្នេរសមុទ្រ និង​ការ​ទស្សនា​សត្វ​ឥន្ទ្រី​ក្រហម ដែល​ភាសារ​ម៉ាឡេស៊ី​ហៅថា Langkawi៕​