សារអេឡិចត្រូនិច
Facebook, Amazon និង Google នឹង​រួមដៃគ្នា​បង្កើត​ កម្មវិធី​ហ្គេម​ដែល​វិភាគ​ទិន្នន័យ​ជំងឺមហារីក​


ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​អង្គការ​ជំងឺមហារីក ​របស់​អង់គ្លេស​មួយ​បាន និងកំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មកពី Amazon, Facebook និង Google ដើម្បី​រចនា និងអភិវឌ្ឍន៍​ហ្គេម​ទូរស័ព្ទ​មួយ ក្នុង​បំណង​បង្កើនល្បឿន​ស្រាវជ្រាវ​រក​ថ្នាំ​ជំងឺមហារីក​ថ្មីៗ​ជាច្រើន ។​

គម្រោងការ ដឹកនាំ​ដោយ​អង្គការ Cancer Research UK នេះ មានន័យថា នរណា​ដែលមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង ចំណាយពេល​ប្រាំ​នាទី​ដើម្បី​លេង​ហ្គេម នឹង​អាច​តាមដាន​ទិន្នន័យ​វិទ្យាសាស្ត្រ​ដ៏​សំខាន់ ​ក្នុងពេល​ដំណាលគ្នា​ខណៈ​កំពុង​លេង​ហ្គេម​ទូរស័ព្ទ ។​

​កម្មវិធី​ហ្គេម​ទូរស័ព្ទ​នេះ នឹង​ពឹង​លើ​អ្នកលេង​រកមើល​ទម្រង់​ជាច្រើន​ប្រកបដោយ​ភាពប៉ិនប្រសព្វ​នៅក្នុង​ទិន្នន័យ​ដែល​ប្រព័ន្ធ​ស្វ័យប្រវត្តិ​តែងតែ​រក​មិនឃើញ តាមរយៈ​ការ​ប្រែក្លាយ​ដំណើរការ​នេះ​ឲ្យ​ទៅជា​ហ្គេម​មួយ ។​

​ជំហាន​ដំបូង​គឺ​សម្រាប់​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ អ្នកលេង​ហ្គេម អ្នក​រចនា​ម៉ូដ​ក្រា​ហ្វិ​ច និង អ្នកជំនាញ​ដទៃទៀត​ចំនួន ៤០ នាក់ ដែល​ចូលរួម​ក្នុង​កម្មវិធី "GameJam" ចុង​សប្តាហ៍​មួយ ដើម្បី​ប្រែក្លាយ​ទិន្នន័យ​ហ្សែ​ន​មិនទាន់​ពិសោធន៍​របស់​អង្គការ​ខាងលើ​ឲ្យ​ទៅជា រូបមន្ត​ហ្គេម​មួយ​សម្រាប់​អ្វីដែល​គេ​ហៅថា "​អ្នកវិទ្យាសាស្ត្រ​ដែលជា​ពលរដ្ឋ​" ក្នុងពេល​អនាគត​នោះ ។​

​លោក Carlos Caldas មកពី​វិទ្យាស្ថាន Carlos Caldas របស់​អង្គការ Cancer Research UK បាន​និយាយថា  "​យើង​បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​វិវត្តន៍​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​យល់ដឹង​ពី​មូលហេតុ​ដែល​ហ្សែ​ន​មហារីក​វិ​វត្ត​ខ្លួន ។ ប៉ុន្តែ​គន្លឹះ​នានា​ថា​ហេតុអ្វី​បានជា​ថ្នាំ​មួយចំនួន​នឹងមាន​ប្រសិទ្ធិភាព និង ថ្នាំ​មួយចំនួន​គ្មាន​ប្រសិទ្ធិភាព​នោះ គឺ​ស្ថិតក្នុង​ទិន្នន័យ​ដែល​ចាំបាច់​ត្រូវធ្វើ​ការវិភាគ​តាមរយៈ​ភ្នែក​របស់​មនុស្ស​ផ្ទាល់ ហើយ​ប្រការនេះ​អាច​ចំណាយពេល​រាប់​ឆ្នាំ​ឯណោះ​" ។

​លោក​បន្តថា "​តាមរយៈ​ការប្រើប្រាស់​នូវ​អំណាច​ស​មោហ​ភាព​របស់​អ្នកវិទ្យាសាស្ត្រ​ដែលជា​ពលរដ្ឋ យើង​នឹង​ជម្រុញ​ល្បឿន​ស្រាវជ្រាវ​រកមើល​វិធី​ថ្មីៗ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង ព្យាបាល​ជំងឺមហារីក​ឲ្យ​កាន់​តែមាន​ភាពច្បាស់លាស់​ជាង​មុន​" ។​

​ក្រោយពី​កម្មវិធី GameJam ដែល​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី ១​ដល់ ៣ មីនា ២០១៣ នោះ ទីភ្នាក់ងារ​មួយ​នឹង​បង្កើត​ហ្គេម​គំរូ​មួយ​ឲ្យ​ទៅជា​ហ្គេម​ពិត​ជាក់ស្តែង ហើយ​ក្រុម​ស្រាវជ្រាវ​នេះ​នឹង​ចាប់​ផ្តើមចេញ​កម្មវិធី​ហ្គេម​នេះ​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៣ នេះ ៕