សារអេឡិចត្រូនិច
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សូម​ឲ្យ​អ្នកចូលរួម​ធ្វើបាតុកម្ម​នៅ​សៀមរាប​ចៀសវាង​ហិង្សា អាណាធិបតេយ្យ ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​


ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រំពឹងថា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១០ ធ្នូ ខាងមុខនេះ មិន​ប៉ះពាល់​ដល់​តំបន់​ទេសចរ​ណ៍ដ៍​ធំ​នេះ​ទេ បើ​ការធ្វើ​បាតុកម្ម​នោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល ហើយ​លោក​បាន​សូម​ឲ្យ​អ្នក​ដែល​ចូលរួម​ធ្វើបាតុកម្ម​រក្សា​ឲ្យ​បាន​នូវ​ភាពថ្លៃថ្នូរ ចៀសវាង​បង្ក​ភាព​អាណាធិបតេយ្យ ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​ជាតិ​។​

​លោក​ថោង ខុន បាន​ថ្លែង​បែបនេះ នៅក្រៅ​សិក្ខាសាលា​ពិភាក្សា​ស្វែងយល់​អំពី​ទស្សនវិស័យ​សម្រាប់​ប្រសិទ្ធភាព​ថាមពល​ក្នុងប្រទេស​កម្ពុជា និង​ឥណ្ឌូចិន នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​លោក​រដ្ឋមន្ត្រី​និយាយថា ការធ្វើ​បាតុកម្ម​គឺ​អនុលោម​ទៅតាម​ច្បាប់​អនុញ្ញាត ។​ស្រុក​ប្រជាធិបតេយ្យ​ណា​ក៏មាន​បាតុកម្ម​ដែរ ប៉ុន្តែ​បាតុកម្ម​ធ្វើ​ម៉េច​ឲ្យ​វា​អហិង្សា ធ្វើទៅ​តាមច្បាប់​ដែល​រដ្ឋាភិបាល និង​រដ្ឋអំណាច​អនុញ្ញាត​។ លោក​ជឿថា បាតុកម្ម​ដែល​ស្ថិតនៅក្នុង​កម្រិត​នៃ​ច្បាប់​អនុញ្ញាត​វា​ចូលក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ វា​មិន​ប៉ះពាល់​ដល់​តំន​ប់ទ​ទេសចរ​ណ៍ដ៍​ធំ​នេះ​ទេ​។

​លោក​ថោង​ខុន​សង្កត់ធ្ងន់ថា​សូម​ធ្វើ​ម៉េច​ឲ្យ​បងប្អូន​ដែល​ចូលរួម​ធ្វើបាតុកម្ម រក្សា​ឲ្យ​បាន​នូវ​ភាពថ្លៃថ្នូរ ភាព​មាន​សណ្តាប់ធ្នាប់ ចៀសវាង​បង្ក​ហិង្សា បង្កើត​ភាព​អាណាធិបតេយ្យ​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​។ ហើយ​ការមិន​គោរព​ច្បាប់​គឺជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាជ្ញាធរ​នឹង​អនុវត្ត​ទៅតាម​ច្បាប់​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​បើសិនជា​យើង​ធ្វើ​អនុវត្ត​ទៅតាម​ច្បាប់ ទៅតាម​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ គ្មាន​អំពើហិង្សា​អត់​អី​ទេ ប៉ុន្តែ​បើ​មាន​អាច​ប៉ះពាល់ ពីព្រោះថា វា​បង្កើត​ទៅជា​តំបន់​មួយ​ដែល​គ្មាន​សន្តិសុខ​។ ភ្ញៀវទេសចរ​គេ​អត់​ខ្វល់​ទេ ហើយ​ភ្ញៀវទេសចរ​ភាគច្រើន​គេ​យល់​អំពី​លទ្ធ​ប្រជាធិបតេយ្យ គេ​ឃើញ​បាតុកម្ម​គេ​អត់​ខ្វល់​ទេ ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​គេ​។ កន្លងមក​មាន​បាតុកម្ម​នេះ បាតុកម្ម​នោះ វា​អត់​មាន​បញ្ហា​អី​ដល់​ទេ​ចរណ៍​ទេ​។ ប៉ុន្តែ​ធ្វើ​ម៉េច​បញ្ហា​សន្តិសុខ បញ្ហា​សណ្តាប់ធ្នាប់​ជា​បញ្ហា​ធំ​ណាស់​។

យើង​ជា​ខ្មែរ​ទាំងអស់គ្នា យើង​ត្រូវ​គិត​ប្រជាធិបតេយ្យ ប៉ុន្តែ​ប្រជាធិប តេយ្យ​ត្រូវ​គិត​ធ្វើ​ម៉េច​ធានា​សណ្តាប់ធ្នាប់​ដល់​ស្រុកទេស ព្រោះ​ខ្មែរ​ត្រូវមាន​ខួរក្បាល​ខ្មែរ ធ្វើ​ប្រជាធិបតេយ្យ​ធ្វើទៅ ធ្វើ​អី​ធ្វើទៅ ប៉ុន្តែ​ធានា​សណ្តាប់ធ្នាប់​”​។​ ​សូមរ​ម្លឹ​ថា នៅ​ថ្ងៃទី​១០ ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែ​ការធ្វើ​បាតុកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ទៅធ្វើ​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍​ដ៏​ធំ​៕