សារអេឡិចត្រូនិច
តើ​កម្ពុជាគួរ​បង្កើត China town ដើម្បី​ទាក់ទាញ​ទេសចរ​ចិន ឬក៏​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​?


ភ្នំពេញ: ​ប្រជាជន​ចិនដែល​រស់នៅ​ក្រៅប្រទេស​ចិន ក្នុង​តំបន់​ណាមួយហើយ​មាន​ចំនួន​ច្រើន បាន​ប្រមូលផ្តុំបង្កើតជា​ភូមិ​ចិន ឈ្មោះថា China town​។ តាម​ឯកសារ China town ត្រូវបាន​បង្កើតឡើង​មុនគេ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ឆ្នាំ​១៥៩៤​។

​តៗ​មកទៀត Chinatown ត្រូវបាន​បង្កើត​ឡើងជា​ហូរហែ ពាសពេញ​ពិភពលោក​។ ក្នុងនោះ ប្រទេស​ជាប់​ព្រំដែន​កម្ពុជា រួមមាន វៀតណាម ថៃ និង​ឡាវ ក៏មាន Chinatown យូរ​ឆ្នាំ​មកហើយ​។ រីឯ​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ានក៏មាន​បង្កើត Chinatown គឺ​នៅ​ភូមា​, ឥណ្ឌូនេស៊ី​ និងសឹង្ហ​បុរី ជាដើម​។ Chinatown ក៏​មាននៅ​អឺរ៉ុប​, អាស៊ី ,​ កាណាដា និង​ល្បីល្បាញ​ជាងគេ នៅ​អាមេរិក​។

Chinatown ដើមឡើយ គ្រាន់តែ​បង្កើតឡើង​ដោយ​និគម​ចិន ដើម្បី​ថែរក្សា​ប្រពៃណី វប្បធម៌ និង​ទំនៀម​ទំលាប់​របស់​ជនជាតិ​ចិន ដែល​រស់នៅ​ក្រៅប្រទេស​កំ​ណើ​ត​។ ក៏ប៉ុន្តែ​ក្រោយមកទៀត Chinatown ត្រូវ​ប្រែក្លាយជា​តំបន់​ប្រវត្តិសាស្ត្រ​ចិន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទេសចរណ៍​។

​តាម​ឯកសារ Chinatown នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅពេល​សព្វថ្ងៃ គឺជា​តំបន់​ទាក់​ទាញ​ទេសចរ​ដ៏​ពេញនិយម ពិសេស​ជា​កន្លែង​លក់​ម្ហូបអាហារ​ចិន​ដ៏​ពេញនិយម​មួយ នៅពេល​យប់​។

​នៅ Chinatown ក្នុង​ទីក្រុង​បាងកក មាន​ហាង​ទំនិញ លក់​របរ​មានតម្លៃ ហាង​លក់​មាស ភោជនីយដ្ឋាន​ចិន នៅ​អម​សង្ខាង​ផ្លូវ រួមទាំង​មាន​វិហារ​ចិន នៅ​ទីនោះ​ទៀតផង​ដែរ​។ 

​អំឡុងពេល​មានបុណ្យ​ទាន​តាម​ប្រពៃណី​ចិន​ធំៗ ដូចជា បុណ្យចូលឆ្នាំ​ចិន ជាដើម គឺ​នៅ Chinatown ត្រូវបាន​ជនជាតិ​ចិន ប្រារព្ធ​ធ្វើ​យ៉ាង​អធិកអធម​។​

​សម្រាប់​កម្ពុជា ដែលជា​សមាជិក​អាស៊ាន ក្នុងចំណោម​សមាជិក​អាស៊ាន ១០ ប្រទេស កាលពី​ខែមិថុនា ឆ្នាំ​២០១៣ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាស​ពី​គំនិត​ផ្តួចផ្តើម បង្កើត "​ទីក្រុង​ចិន Chinatown" នៅ​រាជធានី​ភ្នំពេញ​។

​តាម​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ គម្រោង​បង្កើត Chinatown ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចិន ឲ្យ​ចូលមក​កម្ពុជា ច្រើនឡើង​ថែមទៀត​។ អ្នកទេសចរ​ចិន ដែល​លោក​ថោង​ខុន អះអាងថា ចូលចិត្ត​ទិញ​ទំនិញ​ច្រើនជាង​អ្នកទេសចរ​បរទេស​ដ​ទៃទៀត​។​

​គម្រោង​បង្កើត Chinatown នៅ​ភ្នំពេញ មិនទាន់​ត្រូវបាន​កំណត់ពេល និង​ទីកន្លែង​ច្បាស់លាស់ ដើម្បី​សាងសង​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​ទំនើបៗ តាមបែប​ចិន នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ថោង ខុន លើកឡើងថា នៅ​ប្រទេស​យើង​សព្វថ្ងៃ ខ្វះ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ល្អ​ប្រណិតៗ រួមទាំង​ការដឹកជញ្ជូន​ប្រកបដោយ​ផាសុខភាព នៅឡើយ​។​

​យ៉ាងណាក៏ដោយ គម្រោង​បង្កើត Chinatown នៅ​ភ្នំពេញ ត្រូវបាន​លោក ថោង​ខុន ប្រាប់​អ្នកកាសែត​ថា ក្រសួង ទេសចរណ៍ កំពុងតែ​សិក្សា ហើយ​គ្រោង​នឹង​ស្នើ​ទៅកាន់​រាជរដ្ឋាភិបាល ព្រោះថា តាម​លោក​រដ្ឋមន្ត្រី Chinatown គឺជា​តំបន់​ទាក់ទាញ​អ្នកទេសចរ​ខ្លាំងណាស់​។​

​របាយការណ៍​ក្រសួងទេសចរណ៍ បង្ហាញថា នៅ​ឆ្នាំ​២០១២ ប្រជាជន​ចិន ប្រមាណ ៨៣ លាន​នាក់ ក្នុងចំណោម​ប្រជាជន​ចិន​សរុប​ជាង ១.៣៥០ លាន​នាក់ បានចេញ​ទៅធ្វើ​ទេសចរណ៍ នៅក្រៅ​ប្រទេស និង​ចំណាយ​ជាង ១២ លាន​ដុល្លារ​។ ក្នុងនោះ អ្នកទេសចរ​ចិន ៩ លាន​នាក់ បានមក​កំសាន្ត​នៅ​អាស៊ាន ហើយ​ទៅ​ច្រើនជាងគេ នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម និង​សឹង្ហ​បុរី​។

​តាម​របាយការណ៍​ដដែល នៅ​ឆ្នាំ​២០១២ កម្ពុជា​ទទួលបាន​អ្នកទេសចរ​ចិន ប្រមាណ ៣៣០.០០០ នាក់​។ កម្ពុជា​សង្ឃឹមថា នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន មាន​ចំនួន​កើនឡើង​ទ្វេដង នៅ​ចុងឆ្នាំ​២០១៥ និង​អាច​កើន​រហូតដល់ ១,៨ លាន​នាក់ នៅ​ឆ្នាំ​២០១៨​។​

​បើ​ពិនិត្យ​លើ​និន្នាការ​របស់​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា ក្នុងការ​បង្កើត Chinatown គឺ​គេ​ពិបាក នឹង​ប្រឆាំង​តវ៉ា ចំពោះ​គម្រោង​បង្កើត Chinatown នៅ​រាជធានី​ភ្នំពេញ​។ ម្យ៉ាងទៀត នៅ​កម្ពុជា ពិសេស​នៅ​ភ្នំពេញ ជនជាតិ​ចិន បានមក​រស់នៅ និង​បោះទុន​វិនិយោគ កាន់តែ​ច្រើនឡើងៗ នៅ​កម្ពុជា​។ ចិន ក៏​ជា​ប្រទេស​ផ្តល់ជំនួយ និង​មាន​ទំនាក់ទំនង​ការទូត​ល្អ​បំផុត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​សម័យ​សម្តេច​ព្រះ នរោត្តម សីហនុ​។​

​មួយវិញទៀត ការទាក់ទាញ​អ្នកទេសចរ តាមរយៈ Chinatown នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក៏ត្រូវ​បានធ្វើ​ឡើង​យូរ​ឆ្នាំ​មកហើយ​។​

​ប៉ុន្តែ​ក្រុម​អ្នក​អភិរក្សនិយម​វិញ មិន​ចង់​ឲ្យ​មានការ​បង្កើត Chinatown នៅ​ភ្នំពេញ ពិសេស​នៅ​ម្តុំ​ផ្សារ​អូរឫស្សី ដែល​ល្បីល្បាញ​ថា មាន​ចិន​កាត់​ខ្មែរ រស់នៅ​ច្រើន​នោះទេ​។ អ្នក​អភិរក្ស​មួយក្រុម​នេះ យល់ថា ការបង្កើត Chinatown នាំ​ឲ្យ​មាន​ជនជាតិ​ចិន កាន់តែ​ច្រើនឡើងៗ ចូលមក​រស់នៅ​កម្ពុជា​។ ជន​ជាតិចិន​ទាំងនោះ នឹង​ដណ្តើម​មុខរបរ​លក់ដូរ ពិសេស​បើក​ភោជនីយដ្ឋាន ហាង​ទំនិញ និង​កន្លែង​លក់​មាស ដែល​នៅ​ភ្នំពេញ សព្វថ្ងៃ មាន​ចិន និង​ខ្មែរ​កាត់​ចិន បើក​លក់​ច្រើនណាស់​មកហើយ​។​

​អំណះអំណាងមួយទៀតការបង្កើត Chinatown នៅ​ភ្នំពេញក៏​នឹងអាច​​បង្កបញ្ហា​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​មួយកម្រិត​ទៀត ខណៈដែល​ភ្នំពេញសព្វថ្ងៃ ពិសេស​នៅ​ទីប្រជុំជន និង​នៅ​ម្តុំ​ផ្សារ​លក់ទំនិញរួមទាំង​ភោជនីយដ្ឋាន ជាដើម បាន​បង្ក​ការកកស្ទះ​ចរាចរណ៍ដោយសារតែ​ឡាន​ម៉ូតូ ចត​មិនមាន​សណ្តាប់ធ្នាប់ រួចទៅហើយ​។​

​មួយ​ចំណុច​ទៀត អ្នកទេសចរ​បរទេស ដែល​ចូលមក​ទស្សនា​កម្ពុជា ភាគច្រើន គេ​ចង់​ដើរ​ទស្សនា​ប្រាសាទបុរាណ មាន​ជាអាទិ៍ ប្រាសាទអង្គរវត្ត និង​ប្រាង្គ​ប្រាសាទបុរាណ នៅ​ខេត្តសៀមរាប ប្រាសាទព្រះវិហារ ព្រមទាំង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ បែប​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង​ផ្សេងទៀត​។

​សរុបទៅ គម្រោង​បង្កើត Chinatown នៅ​ភ្នំពេញ ទាមទារ​ឲ្យ​មានការ​សិក្សា​ច្បាស់លាស់​ស៊ីជម្រៅ​។ ទី​១-​ដើម្បី​បង្កើត​ហើយ ទទួលបាន​ជោគជ័យ មានកេរ្តិ៍ឈ្មោះ និង​ដំណើរការ​ដោយ​និរន្ត​ភាព និង​ទី​២​ទៀត ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ទាំង​អ្នកទេសចរ និង​ទាំង​អ្នកលក់ដូរ ជនជាតិ​ចិន​ផង ហើយក៏​មិនមាន​បញ្ហា​កកស្ទះ​ចរាចរណ៍ រំខាន​ដល់​អ្នករស់នៅ​ជិត​តំបន់​នោះ​ផង និង​មិន​រំខាន​ដល់​អ្នកទេសចរ​បរទេស​ផង​។​

​ដូចគ្នានេះដែរ រាជរដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ គួរតែ​គិតគូ​ឲ្យ​បាន​ច្រើនជាង​នេះ លើ​ការពង្រឹង​សេវាកម្ម​បម្រើ​អ្នកទេសចរ​បរទេស កុំ​ឲ្យ​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍ កេង​បន្លំ​ភ្ញៀវ ខិតខំ​អភិវឌ្ឍន៍ និង​ថែរក្សា​តំបន់​ទេសចរណ៍ ប្រាសាទបុរាណ ព្រមទាំង​ពង្រឹង​សន្តិសុខ​ជា​ចំបង សម្រាប់អ្នកទេសចរ ជាដើម។ ទាំងនេះហើយ​ ជាកិច្ចការអាទិភាព ក្នុង​ការ​ទាក់​ទាញ​​អ្នកទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន ឲ្យ​ចូលមក​កំសាន្ត​នៅ​កម្ពុជា​។​

​ការអភិវឌ្ឍ​ និង​កសាង​សណ្ឋាគារ​ប្រណីតៗ នៅតាម​តំបន់​រមណីយដ្ឋាន ប្រកបដោយ​ផាសុខភាព រួមទាំង​ភោជនីយដ្ឋាន​ល្អៗ នៅ​តំបន់​រមណីយដ្ឋាន ការបង្កើតកញ្ចប់​​ដំណើរ​កំសាន្ត​​តាម​តំបន់ភ្នំ ឆ្នេរសមុទ្រ និងប្រជុំកោះ ជាដើម ក៏ជា​ចំណុច​អាទិភាព និង​ជាស​ក្កា​នុព​លដែល​រាជរដ្ឋាភិបាល រួមទាំង​ក្រសួងទេសចរណ៍ មិនត្រូវ​មើលរំលង ទេ សម្រាប់​ផែន​​ការ​​យុទ្ធ​សាស្ត្រ​ ទាក់​ទាញ​អ្នកទេសចរ​ ទៅកំសាន្ត ពិសេសអ្នកទេសចរបរទេស ចូល​មក​កម្ពុជា​​​៕​