សារអេឡិចត្រូនិច
ភ្ញៀវទេសចរ​បរទេសមាន​ កំណើន​ហូរ​ចូល​កម្ពុជាតាម ​ច្រក​ប៉ោយប៉ែត​


ខេត្តបន្ទាយមានជ័យ: មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​កត់សម្គាល់ថា ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ភ្ញៀវទេសចរ​បរទេស មាន​កំណើន​ហូរ​ចូលមក​ទស្សនា​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក ជង់ ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ថា ៖ កាលពី​ខែតុលា មុននេះ ភ្ញៀវទេសចរ​បរទេស ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជិត ៤៨.០០០​នាក់​។ លុះដល់​ខែវិច្ឆិកា​នេះ ចំនួន​ភ្ញៀវទេសចរ​បរទេស បាន​ស្ទុះ​ឡើង​មួយកម្រិត​ទៀត​គឺ ១​ថ្ងៃៗ មាន​ភ្ញៀវ​ពី ១.២០០​នាក់ ទៅ ១.៥០០​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ថៃ នៅតែ​នាំមុខគេ​គឺ ចំនួន​ពី ៨.០០០ ទៅ ៨.៥០០​នាក់ ក្នុង​១​ខែៗ​។ ភ្ញៀវទេសចរ​បរទេស លំដាប់​បន្ទាប់​គឺ រុស្សី កូរ៉េ អង់គ្លេស ចិន​។​

​ជាមួយគ្នានេះ លោក​បានធ្វើការ​ប៉ាន់ប្រមាណ​ថា នៅ​ខែវិច្ឆិកា​នេះ អាចមាន​ភ្ញៀវ​បរទេស ចូលមក​កម្ពុជា ពី ៤៨.០០០​នាក់ ដល់ ៥០.០០០​នាក់​។

​លោក​បាន​បន្តថា ៖ រយៈពេល ១០​ខែ ឆ្នាំ​២០១៣​នេះ ភ្ញៀវទេសចរ​បរទេស ចូលមក និង​ចេញ​ទៅវិញ ប្រហាក់ ប្រហែលគ្នា ប្រមាណ​ជាង ៤៧.០០០​នាក់​។ ចំនួន​ភ្ញៀវទេសចរ​ទាំងនេះ មិន​រាប់បញ្ចូល​នូវ​ជនជាតិ​ថៃ មកលេង​នៅកាស៊ី​ណូ​នានា នៅ​ប៉ោយប៉ែត ដែល​ក្នុង​១​ថ្ងៃ មាន​ចំនួន​ពី ៤.០០០​នាក់ ទៅ ៤.៥០០​នាក់ នោះទេ​៕