សារអេឡិចត្រូនិច
ម៉ាស៊ីន Scanner របស់​រថយន្ត Volvo ចាប់​ហ្វ្រាំង​អូ​តូ​ នៅពេល​មាន​កង់​ឆ្លងកាត់​ផ្លូវ​របស់​វា


​រថយន្ត Volvo បានប្រកាស​ឲ្យ​ដឹង​ពី​ម៉ាស៊ីន Scanner មួយ​ដែល​អាច​ចាប់​ហ្វ្រាំងរថយន្ត នៅពេលដែល​វា​រកឃើញ​អ្នកជិះ​កង់​បត់ ឬ ក៏​ជិះ​យោល​យោគ​នៅលើ​ផ្លូវ​របស់​រថយន្ត​នេះ ។​

ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត​នេះ​និយាយថា កាមេរ៉ា និង បច្ចេកវិទ្យា​បញ្ជា​តាម​រ៉ា​ដា​របស់​រថយន្ត​នេះ អាចជួយ​សង្គ្រោះ​មនុស្ស​រាប់រយ​នាក់ បន្ទាប់ពី​វា​ត្រូវ​ចេញលក់​នៅក្នុង​ខែឧសភា​ខាងមុខនេះ ។​

បច្ចេកវិទ្យា​នេះ​អនុញ្ញាត​ឲ្យ​រថយន្ត​ខ្លួន​វា​ផ្ទា​ល់អាច​ស្វែងរក និង កំណត់​មើល​អ្នកជិះ​កង់​ដែល​ធ្វើដំណើរ​ចូលក្នុង​ផ្លូវ​របស់​រថយន្ត និង ប្រតិកម្ម​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​ការចាប់​ហ្វ្រាំង ប្រសិនបើ​អ្នកបើកបរ​មិនបាន​ចាប់ភ្លឹក​ថា​មាន​អ្នកជិះ​កង់​បាន​ទាន់ពេលវេលា ។​

អ្នកបើកបរ​នឹងត្រូវ​ផ្តល់នូវ​សម្លេង​ប្រកាសអាសន្ន​ដ៏​ខ្លាំង និង សញ្ញា​ព្រមាន​ពណ៌​ក្រហម​ភ្លឺ​ចិញ្ចាច​នៅលើ​កញ្ចក់​មុខ​រថយន្ត ។ ប្រព័ន្ធ​ស្វែងរក​អ្នកជិះ​កង់​ដ៏​ថ្មីស្រឡាង​នេះ​មាន​ម៉ាស៊ីន Radar Scanner ដែល​គេ​ដាក់​នៅក្នុង​ក្បាំងមុខ​រថយន្ត​, មាន​កាមេរ៉ា​ដាក់​នៅ​ពីមុខ​កញ្ចក់​សម្រាប់​ឆ្លុះ​មើលទៅ​ខាងក្រោយ និង មាន​ប្រអប់​គ្រប់គ្រង​មួយ​បញ្ជា​ដោយ​កុំព្យូទ័រ ។​

ក្រុមហ៊ុន Volvo បាន​និយាយថា បច្ចេកវិទ្យា​នេះ​នឹងមាន​នៅក្នុង​ពាក់កណ្តាល​ខែឧសភា ក្នុង​រថយន្ត​ស៊េរី ២០១៣ ដូចជា​រថយន្ត  Volvo V40, S60, V60, XC60, V70, XC70 និង ម៉ូ​ដែល S80 ៕