សារអេឡិចត្រូនិច
អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​​ ២​នាក់​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម​ តែ​លោក​អាសាដ​ជឿ​ជាក់​​លើ​ជ័យ​ជម្នះ​


អភិបាល​ខេត្ត​ម្នាក់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​ នៃ​គណ​បក្ស​បាអាស់​​ កំពុង​កាន់​អំណាច​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ស៊ីរី​ កាល​ពី​ថ្ងៃ​ទី​៥ មីនា នៅ​ក្នុង​ទី​ប្រជុំ​ជន​ខេត្ត​ដំបូង​គេ​មួយ​ដែល​ពួក​ឧទ្ទាម​វាយ​ដណ្តើម​យក​បាន​ តាំង​ពី​ចាប់​ផ្តើម​ជម្លោះ​មក ខណៈ​ប្រធានា​ធិបតី​ លោក​បាចា ​អាល់​អាសាដ​ ជឿ​ជាក់​លើ​ជ័យ​ជម្នះ​របស់​លោក ។ ពួក​ឧទ្ទាម​កាល​ពី​ថ្ងៃ​ទី​៤ មីនា ដណ្តើម​បាន​ជោគ​ជ័យ​​ធំ​បំផុត​មួយ​ដោយ​វាយ​យក​បាន​ទីក្រុង​រ៉ាកា ទីប្រជុំ​ខេត្ត​មាន​ឈ្មោះ​ដូច​គ្នា​នោះ នៅ​ភាគ​ឦសាន​ប្រទេស ។

វីដេ​អូ​មួយ​ចាក់​ផ្សាយ​ដោយ​ពួក​ឧទ្ទាម​បង្ហាញ​អភិបាល​ខេត្ត​រ៉ាកា លោក​ ហាសាន់ ហ្សា​លីលី អង្គុយ​នៅ​កណ្តាល​ពួក​ឧទ្ទាម​ រួម​​ជាមួយ​​លោក​ស៊ូ​ឡី​ម៉ាន់ ​ស៊ូ​ឡី​ម៉ាន់ ​អគ្គ​​លេខា​ធិការ​គណ​បក្ស​បា​អាស់​ប្រចាំ​ខេត្ត ។ នាយក​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ីរី OSDH សិ្នទ្ធ​ពួក​ឧទ្ទាម​លោក​រ៉ា​មី​អាប់​ដែល​រ៉ាហ៍​ម៉ាន​ អះ​អាង​ថា នោះ​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ស៊ីរី​ដែល​ពួក​ឧទ្ទាម​ចាប់​ខ្លួន​បាន​​ចាប់​តាំង​ពី​២​ឆ្នាំ​កន្លង​មក​នេះ ។

លោក​អាប់​ដែល​រ៉ាហ៍​ម៉ាន បន្ត​ថា កង​កម្លាំង​​បន្ថែម​ថ្មីៗ​របស់​កង​ទ័ព​​ត្រូវ​បាន​បញ្ជូន​ឆ្ពោះ​ទៅ​កាន់​ក្រុង​រ៉ាកា ។ គេ​នៅ​ចាំ​មើល​ថា​តើ​កង​កម្លាំង​ទាំង​នោះ​អាច​លើក​ទៅ​ដល់​ក្រុង​នោះ​ដែរ​ឬ​អត់ ហើយ​កង​យន្ត​ហោះ​បាន​ទម្លាក់​គ្រាប់​បែក​លើ​​ទីក្រុង​នេះ ។ ទោះ​បី​មាន​ការ​រុល​ទៅ​​មុខ​នានា​របស់​ពួក​ឧទ្ទាម​ដែល​ត្រួត​ត្រា​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​ប្រទេស​ក្តី​ ក៏លោក​អាសាដ​យល់​ថា ស៊ីរី​នឹង​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ និង​ថា​ពួក​ប្រឆាំង​កំពុង​តែ​លេង​សន្លឹក​បៀ​ចុង​ក្រោយ ។ លោក​បន្ត​ថា ជ័យ​ជម្នះ​ដ៏​មាន​អត្ថ​ន័យ​​នានា​ត្រូវ​​សម្រេច​បាន​ហើយ​យុទ្ធ​សាស្ត្រ​សំខាន់​គឺ​ច្បាស់​លាស់ ។

នៅ​ភាគ​កណ្តាល​ប្រ​ទេស​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៥ មីនា ជិត​ទីតាំង​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​ហូម​ ពេល​កង​ទ័ព​​ និង​ពួក​ជីវ​ពល​​ស្និទ្ធ​រដ្ឋា​ភិបាល​​ ធ្វើ​ការ​វាយ​លុក​៣​ថ្ងៃ​មក​ហើយ ដើម្បី​ដណ្តើម​កាន់​កាប់​ទីតាំងនានា​របស់​ពួក​ឧទ្ទាម​ក្នុង​ទីក្រុង​នោះ ។ យោង​តាម​អង្គ​ការ​ OSDH ថា អំពើ​ហិង្សា​នៅ​ស៊ីរី​នា​ថ្ងៃ​ទី​៥ មីនា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៦​​នាក់ ក្នុង​នោះ​មាន​ជន​ស៊ីវិល​២៨​​នាក់ ទាហាន​៤០​នាក់ និង​ពួក​ឧទ្ទាម​៥៨​នាក់ ៕