សារអេឡិចត្រូនិច
ប្រជាពលរដ្ឋ​ខ្មែរ មិនសូវ​ចាប់អារម្មណ៍ ចូល​ទស្សនា​សារមន្ទីរ​ជាតិ​


ភ្នំពេញ: វត្ថុ​បុរាណ រួមទាំង​វត្ថុ​ដ៏​មានតម្លៃ​ជាច្រើន​ទៀត ដែល​សុទ្ធសឹង​ជា​វត្ថុ​មិនអាច​កាត់ថ្លៃ​បាន ដែល​ត្រូវបាន​គេ​ប្រមូល​ពី​គ្រប់ទិសទី ក្នុងប្រទេស និង​ខិតខំ​ប្រមូល​មកពី​ប្រទេស​ដទៃទៀត យកមក​រក្សាទុក​និង​ដាក់​នៅក្នុង​សារមន្ទីរ​ជាតិ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្មេងៗ ជំនាន់ ក្រោយៗ បាន​ស្គាល់ បានដឹង និង​សម្រាប់​ទុក​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្រាវជ្រាវ ពី​វត្ថុ​ដ៏​មានតម្លៃ​នេះ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មិនសូវ​ជា​ចាប់អារម្មណ៍ ចូលទៅ​ទស្សនា​នៅ​សារមន្ទី​ជាតិ នេះ​ទេ​។​

​សារមន្ទីរ​ជា​តោ​បាន​ស្ថិតនៅ​ក្បែរ​ព្រះបរមរាជវាំង​នា​ឧ​ត្ត​រ​ទិស​។ ទោះបីជា​សារមន្ទីរ​ជាតិ ជា​កន្លែង​រក្សាទុក​នូវ​ត្ថុ​បុរាណ មិនមែនជា​កន្លែង​កំសាន្ត ដូចជា​ទីតាំង​ផ្សេង​ក៏ដោយ ប៉ុន្តែ​សារមន្ទីរ​ជាតិ មាន​ដាក់តាំង កេរ្តិ៍ដំណែល​ជាច្រើន ដែល​ដូនតា​យើង​បាន​បន្សល់ទុក ស្ទើរតែ​គ្រប់​សម័យកាល ដូច្នេះ​គួរតែ​ប្រជាជន​ខ្មែរ​យើង ជាពិសេស​យុវវ័យ ងាក​មក​យកចិត្តទុកដាក់​ឲ្យ​បានល្អ ព្រោះ​វត្ថុ​ទាំងនេះ បើ​មាន​លុយ​ទិញ ក៏​ពិបាក​នឹង​រក​ទិញ​បានដែរ​។

​អ្នកគ្រប់គ្រង​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​នេះ រាប់រយ​នាក់ ចំណែក​ភ្ញៀវ​ក្នុងស្រុក ដែលជា​ភ្ញៀវ ជាតិ​យើង​វិញ​មិនសូវមាន​ទេ​។ សូម្បីតែ​អ្នកខ្លះ​ដែលមាន​ផ្ទះ​នៅជាប់​របង​សារមន្ទីរ​ក៏ដោយ ក៏​មិនដែល​ឈាន​ជើង ចូលទៅ​មើល​នូវ​អ្វី​ដែលជា​សម្បត្តិ​វប្បធម៌ ដ៏​មាន​តំលៃ​នៅ​ខាងក្នុង​នោះដែរ​។

​បើតាម​ការសាកសួរ​សិស្ស និស្សិត យុវជន អ្នកធ្វើការ​មួយចំនួន អំពី​សារមន្ទីរ​នេះ មាន​អ្នកខ្លះ​ឆ្លើយថា មិនដែល​ស្គាល់​ទេ​។ អ្នកខ្លះ​ស្គាល់​តែ​ទីតាំង ប៉ុន្តែ​មិន​ធ្លាប់​ចូល​។ អ្នកខ្លះ​ធ្លាប់​ចូល​ដែរ តែ​ចូល​យូរ​ឆ្នាំ​មកហើយ​។ សរុបសេចក្តី​មក បានសេចក្តីថា ទាំង​សិស្ស និស្សិត ទាំង​យុវជន និង​អ្នកធ្វើការ ពួកគេ​មិនបាន​យកចិត្តទុកដាក់ និង​ស្វែងយល់ នឹង​ចាប់អារម្មណ៍​អំពី​ទីនោះ​ឡើយ​បើទោះជា​ទី​មានតម្លៃ​ពុំ​អាច​កាត់​ស្មាន​បាន​ក៏ដោយ​។​

​យុវជន ជា សម្បត្តិ បាន​ចាក​ចេញពី​ស្រុកកំណើត មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ ហើយ​បច្ចុប្បន្ន គេ​ទទួលបាន​ការងារ ដ៏​សមរម្យ​មួយ​។ បើ​គិត​ទៅ​រយៈពេល ជិត​ដប់ឆ្នាំ​ទៅហើយ គឺ សម្បត្តិ មិនដែល​បាន​ចូលទៅ សារមន្ទីរ​ទេ ដោយ​រូបគេ​បាន​និយាយ​យ៉ាងខ្លី​ថា  “​មិនដែល​ចូលទៅ​ផង អត់​មានអី​មើល​ផង​”​។​

​មិនថាតែ សម្បត្តិ ដែលជា​អ្នក​មកពី​ខេត្ត​ឆ្ងាយ​ទេ ដែល​មិន​ធ្លាប់​ចូលទៅ​កាន់​សារមន្ទីរ​ជាតិ​នោះ សូម្បីតែ យុវជន​ឈ្មោះ លី មករា ជា​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ​នេះ​ផ្ទាល់ ក៏​មិនដែល​បាន​ចូល​ដែរ​។ មករា បាន​លើក​ហេតុផល​ថា  “​កាលពីមុន​ជាប់​រៀន គ្មាន​ពេល​ទៅ​ទេ ហើយ​ពេល​ក៏​ជាប់​រកស៊ី​ទៀត ហើយ​ទីនោះ​វា​មិន​រត់​ទៅណា​ផង ថ្ងៃ​ណា​ចូល​មើល​ក៏បាន​”​។​

​ចំណែក​លោក ឯក សុវណ្ណារិទ្ធ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ដឹងថា  “​វត្ថុ​បុរាណ​អ្នកណា​ក៏​ស្រលាញ់​ដែរ ហើយ​សារមន្ទីរ​ជាតិ ពិតជា​កន្លែង​រក្សាទុក​នូវ វត្ថុ​ទាំងនេះ​យ៉ាងច្រើន ខ្ញុំ​ធ្លាប់​ចូល​មើល​ម្តង កាលពី​ជាង​១០​មុន​។ បច្ចុប្បន្ន ជាប់​ការងារ​ផង ហើយ​ថ្ងៃ​ឈប់សម្រាក គឺ​នាំ​ប្រពន្ធ​កូន ទៅ​កំសាន្ត នៅតាម​រមណីយដ្ឋាន​ផ្សេង ដោយ​មិនបាន​ចាប់អារម្មណ៍ នឹង​កន្លែង​មួយ​នេះ​ទេ​”​។​

​ដូច្នេះ​តើ​ស្ថាប័ន​ពាក់ព័ន្ធ​ណាខ្លះ ដែល​គួរ​បំផុស ដល់​សិស្ស និស្សិត ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បាន​ស្គាល់ និង​បាន​ចូលទៅ​ទស្សនា រួមទាំង​ការយកចិត្តទុកដាក់​លើ​ទីតាំង​មួយ​នេះ​។

​អគារ​សារមន្ទីរ​ជាតិ មាន​ទីតាំង​ស្ថិត​នៅជាប់​ខាងជើង របង​ព្រះបរមរាជវាំង បើក​ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច រៀងរាល់ថ្ងៃ​។ ចំពោះ​សិស្ស និស្សិត ព្រះសង្ឃ និ​ប្រជាពលរដ្ឋ ដែល​មកពី​ខេត្ត​ឆ្ងាយៗ គឺ​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ទេ​។ រីឯ​ភ្ញៀវ​ជាតិ ម្នាក់​ត្រូវ​បង់ថ្លៃ​សំបុត្រ  ចំនួន​៥០០​រៀល និង​ភ្ញៀវ​បរទេស ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនា តំលៃ ៥​ដុល្លារ​។​

​សារមន្ទីរ​ជាតិ ជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ និង​ជា​សារមន្ទីរ​រក្សាទុក​នូវ​រ​ត្ថុ​បុរាណ របស់​មាន​តំលៃ​ជាច្រើន​ស្ទើរតែ​គ្រប់​សម័យកាល សារមន្ទីរ​ជាតិ​ត្រូវបាន កសាងឡើង​ក្នុង​ឆ្នាំ ១៩១៧ និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះបាទ ស៊ីសុវត្ថិ ក្នុង​ឆ្នាំ​១៩២០​។

​សារមន្ទីរ​ជាតិ ជាក​នែ្ល​ង​រក្សាទុក​វត្ថុ​បុរាណ​ជាច្រើន​ដែលមាន​តម្លៃ​បំផុត​របស់​ពិភពលោក ដោយ​ទាក់ទង​ទៅនឹង​ស្ថាបត្យកម្ម​ខាង​សាសនា និង​សិល្បៈ​ខ្មែរ ជាច្រើន​សម័យកាល ដែលជា ក្តេ​រ៍​ដំណែល​ដ៏​មានតម្លៃ និង​ជាការ​ឆ្លុះ​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ ទេសចរណ៍​។ សារមន្ទីរ​ជាតិ មាន​ទីធ្លា​បួន​ផ្នែក ខណ្ឌ​ចែក​ពីគ្នា​ដោយ​សួនច្បារ ផ្ទុក​នូវ​វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ​។

​សារមន្ទីរ​នេះ​ក៏មាន​តួនាទី​បម្រើ​ឲ្យ​វិស័យ​សាសនា​ផងដែរ ព្រោះ​មាន​រក្សាទុក​នូវ​រូបចម្លាក់ ព្រះពុទ្ធ និង​រូបចម្លាក់ បែប​សាសនា​ហិណ្ឌូ សំខាន់ៗ​ជាច្រើន រួមមាន​ពុទ្ធបដិមារ​ក្រោយ​សម័យអង្គរ ដែល​អង្គការ​យូណេស្កូ​បាន​ជួយ​គាំទ្រ បាន​បើក​ឡើង​នៅ​ឆ្នាំ​២០០០ ជា​អគារ ដែល​រចនា​តាម​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ខ្មែរ ហើយ​បាន​ដាក់តាំង​វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ ដែលជា​ស្នាដៃ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ពិភពលោក​រួមមាន រូបចម្លាក់ សេ​រ៉ា​មិ​ក សំរិទ្ធ និង​របស់របរ​ដែល​មាន​តាំង​ពីមុន​សម័យ​បុរេប្រវត្តិ រហូតដល់​មុន​កំឡុងពេល និង​ក្រោយពេល​អាណាចក្រ​ខ្មែរ​៕