សារអេឡិចត្រូនិច
ក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប. ​ពិភាក្សា​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​


ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប​ បាន​រួម​ប្រជុំ​ជា​សម្ងាត់​កាល​ពីថ្ងៃ​ទី​៥ មីនា​ ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ចំពោះ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​លើក​ទី៣​ របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មុន ។​ប្រទេស​រុស្ស៊ី​ដែល​នា​ខែ​នេះ​ឡើង​ធ្វើ​ប្រធាន​ប្តូរ​វេន​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប​ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​ពិភាក្សា​គ្នា​ក្រៅ​​ផ្លូវការ​នោះ​ក្រោយ សេចក្តី​ថ្លែង​ការណ៍​របស់​ទី​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ ដែល​ថា​ប្រទេស​របស់​ខ្លួន​នឹង​បដិសេធ​ចោល​នា​ថ្ងៃ​ទី​១១​ មីនា​ខាង​មុខ​នេះ​នូវ​សន្ធិ​សញ្ញា​យុទ្ធសន្តិ​ភាព​បញ្ចប់​សង្គ្រាម​កូរ៉េ ។​

គម្រោង​ដំណោះ​ស្រាយ​ដាក់​ទណ្ឌ​កម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប​ សំដៅ​ដាក់​ទោស​កូរ៉េ​ខាងជើង​ ដោយ​សារ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​​លើក​ទី​៣​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របៀប​វារៈ​ដោយ​ក្រុង​វ៉ាស៊ីនតោន ។​ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​ដល់​បណ្តា​អ្នក​កាសែត​របស់​ឯកអគ្គ​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប​ ​លោកស្រី​ ស៊ូសាន​ រ៉ៃ​ ក្រោយ​កិច្ច​ប្រជុំ​រយៈពេល​ខ្លី​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​មក ។​

លោកស្រី​រ៉ៃ ថ្លែងថា​ ដូច​ខ្ញុំ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ​អញ្ចឹង​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ត្រូវ​ផ្តល់ចម្លើយ​គួរ​ឱ្យ​ជឿជាក់​ និង​ខ្លាំង​មួយ​ដើម្បី​រារាំង​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​ ព្រម​ទាំង​ការ​បន្ត​សកម្មភាព​ធ្វើ​ឱ្យ​រីក​សាយ​នុយ​ក្លេ​អ៊ែរ​ ។​យោង​តាម​លោក​ស្រីស៊ូសាន​ រ៉ៃ​ ​ថា​ គម្រោង​ដំណោះ​ស្រាយ​នោះ​នឹង​ត្រូវ​អនុម័ត​នា​សប្តាហ៍​នេះ ៕​