សារអេឡិចត្រូនិច
នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ត្រៀម​កែ​លម្អ​ទំនាក់​ទំនង​ជាមួយ ​កូរ៉េ​ខាង​ត្បូង​


នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ស៊ីនហ្សូ​អា​បេ​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​៥ មីនា​ថា លោក​រៀប​ចំ​ខ្លួន​ពិភា​ក្សា​តាម​​ទូរ​ស័ព្ទ​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ លោក​ស្រី​ PARK GEUN-HYE ជាមួយ​ឆន្ទៈ​សម្រាល​​ភាព​តាន​តឹង​ក្នុង​​ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំង​២ ។ នៅ​មុខ​សភា​ជប៉ុន​ លោក​អា​បេ​មាន​ប្រសា​សន៍​ថា លោក​នឹង​ឆ្លៀត​ឱកាស​នៃ​ការ​ចូល​កាន់​​តំណែង​របស់​រដ្ឋា​ភិបាល​ថ្មី​នៃ​​ប្រទេស​ទាំង​២​ដើម្បី​កសាង​ទំនាក់​ទំនង​នានា​ ដែល​​មាន​ទិស​ដៅ​​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​កូរ៉េ​ខាង​ត្បូង ។

ពេល​ជួប​ជាមួយ​អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជប៉ុន​លោក​ហ្វូ​ស៊ី​រ៉ូ​ណូ​កាហ្គា កាល​ពី​​ថ្ងៃ​ទី​៤ មីនា​កន្លង​មក​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ក៏​សម្តែង​ផងដែរ​​ពី​ឆន្ទៈ​​របស់​លោក​កែ​ល​ម្អ​ទំនាក់​ទំនង​រវាង​ក្រុង​តូ​ក្យូ​ និង​ក្រុង​សេ​អ៊ូល ដែល​ទំនាក់​ទំនង​នោះ​មាន​ភាព​តាន​តឹង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ជា​ពិសេស​​មក​ពី​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ទំនាស់​ដែន​ដី​។ ក្រុង​តូ​ក្យូ​ក៏​ដូច​ជា​ក្រុង​សេ​អ៊ូល​​ដែរ សុទ្ធ​តែ​ទាម​ទារ​​អធិប​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​ ដែល​កូរ៉េ​ខាង​​ត្បូង​ហៅ​ ដុក​ដូ  DOKDO រួច​ជប៉ុន​ហៅ​ប្រជុំ​កោះ​ តា​កេ​ស៊ី​​ម៉ា ស្ថិត​ក្នុង​សមុទ្រ​ជប៉ុន​​ដោយ​ប្រជុំ​កោះ​នេះ​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​កូរ៉េ​ខាង​ត្បូង ។

ចាប់​តាំង​ពី​ការ​វិល​មក​​កាន់​អំណាច​វិញ​របស់​លោក​អាបេ​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២​មក ជប៉ុន​អះ​អាង​​ជា​ថ្មី​ច្រើន​លើក​ ពី​ឆន្ទៈ​កែ​លម្អ​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ ក៏​​ប៉ុន្តែ​ប្រទេស​ទាំង​២​ហាក់​ដូច​ជា​ប្រកាន់​វិធាន​ការ​ជាក់​ស្តែង​តិច​តួច​ក្នុង​ន័យ​នេះ ៕