សារអេឡិចត្រូនិច
ស៊ី​ហ្គេម​​លើក​ទី ២៧ នៅ​មី​យ៉ាន់​ម៉ា ​កម្ពុជា​មានគម្រោង​រក​មេដាយ​​ឱ្យ​បាន​ ៦៨​គ្រឿង​


រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៣ នៅ​ទី​ស្នាក់ការ​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​មាន​រៀប​ចំ​ការ​ប្រជុំ​​ពិភាក្សា​​លើការ​ដណ្តើម​មេ​ដាយ​នៅ​ ស៊ី​ហ្គេម​​លើក​ទី​២៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​មាន​​ការ​​អញ្ជើញ​ចូល​រួម​ពី​លោក​​រដ្ឋ​មន្ត្រី​​​ ថោង ​ខុន ប្រធាន​​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា ​លោក​វ៉ាត់ ​ចំរើន អគ្គ​លេខា​ធិការ ​សមាជិក​ប្រតិ​បត្តិ​​ ​និង​​តំណាង​​សហ​ព័ន្ធ​កីឡា​ជា​ច្រើន​រូប​ទៀត ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​រដ្ឋ​មន្ត្រី​ថោង ​ខុន ​បាន​រំលឹង​ឡើង​វិញ​​ពី​ចំនួន​មេ​ដាយ​ដែល​ដណ្តើម​បាន​ពី​ស៊ី​ហ្គេម​​ លើក​ទី​២៦ ហើយ​លោក​បាន​ស្នើ​ឱ្យ​សហ​ព័ន្ធ​ដែល​ធ្លាប់​​ទទួលបាន​មេ​ដាយ​នោះ ត្រូវ​តែ​ខិត​ខំ​រក​មេ​ដាយ​ឱ្យ​បាន​ច្រើន​ជាង​លើក​មុន​តាម​រយៈ​ការ​ពង្រឹង​សមត្ថ​ភាព​​អត្ត​ពលិក​និងការ​​ហ្វឹក​ហាត់​ជា​ដើម ។ ​ប្រភេទ​កីឡា​ដែល​លោកសំណូម​​ពរ​មាន​​កីឡា​ប៉េ​តង់​កាលពី​ ស៊ី​ហ្គេម​​ លើក​មុន​បាន​មេដាយ​មាស​២​គ្រឿង​ ប្រាក់​២គ្រឿង​ និង​សំរឹទ្ធិ​១​គ្រឿង​​។ ​លោក​បញ្ជាក់ថា​​ បើ​អាចទៅ​រួច​​​លើក​នេះ​គួរ​តែ​បន្ថែម​មេដាយ​មាស​១​ប្រាក់​២​ និង​​សំរឹទ្ធិ​២​ទៀត ។ ​កីឡាវាយ​កូន​បាល់​​កាល​ពី​ឆ្នាំ​២០១១ បាន​​​​មេ​ដាយ​​សំរឹទ្ធិ​១​​​គ្រឿង​​នោះ​​​លើក​នេះ​​លោក​​ប្រធានអូឡាំ​ពិក​​សំណូម​ពរ​ឱ្យ​ខិត​ខំ​រក​មេដាយ​ប្រាក់​ឱ្យ​បាន​១គ្រឿង​​ និង​​បង្កើន​មេ​ដាយ​សំរឹ​ទ្ធិ​ឱ្យ​បាន​២​គ្រឿង​បន្ថែម​ទៀត​ ។ ប្រភេទ​កីឡា​ Shorinjikempo ដែល​បាន​មេ​ដាយ​មាស​១ ប្រាក់​១ សំរឹទ្ធិ​៦ កាល​ពី​​​ប្រកួត​នៅ​​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ​២០១១ នោះ​​លោក​​សំណូម​ពរ​ឱ្យ​លើក​នេះ​បង្កើន​ចំនួន​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹ​ទ្ធិ​មួយ​ចំនួន​ទៀត ។ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​កាល​ស៊ី​ហ្គេម​​ ​លើក​មុន​បាន​មេ​ដាយ​ប្រាក់​១​ និង​សំរឹទ្ធិ​៣ នោះ​លោក​សំណូម​ពរ​ឱ្យ​ឆ្នាំ​​២០១៣​នេះ​បង្កើន​​ចំនួន​មេ​ដាយ​ប្រាក់​ឱ្យ​បាន​១​គ្រឿង​បន្ថែ​ម​ទៀត ។ ​ប្រភេទ​កីឡា​វ៉ូ​វី​ណាម​ដែល​ទទួល​បាន​មេ​ដាយ​​មាស​៥​ប្រាក់​១២​ ​សំរឹទ្ធិ​៣ ​លោក​សំណូម​ពរ​ឱ្យ​បង្កើន​មេ​ដាយ​មាស​​១ និងមេដាយ​សំរឹទ្ធិ​៣​​គ្រឿង ​បន្ថែម​​ទៀតសម្រាប់​ ស៊ី​ហ្គេម​​លើក​នេះ ។

ចំពោះ​កីឡា​ចំបាប់​ដែល​ទទួល​បាន​មេ​ដាយ​សំរឹទ្ធិ ៤​គ្រឿង​នោះ ​លោក​រដ្ឋមន្ត្រី​ថោង ខុន ​សំណូម​ពរ​ឱ្យ​បា​ន​មាស​១​គ្រឿង ​ប្រាក់​២ ​សំរឹទ្ធិ​២​ទៀត ​។ ​កីឡា​វូ​ស៊ូ​ដែលបាន​មេដាយ​សំរឹទ្ធិ​​១​គ្រឿង​នោះលោក​​សម្រេច​ឱ្យ​បន្ថែម​ចំនួន​មេ​ដាយ​សំរឹទ្ធិ​​ឱ្យ​បាន​២​ទៀត​នៅ​លើក​នេះ ។ ​សម្រាប់​ប្រដាល់​ដែល​ធ្លាប់​បាន​មេ​ដាយ​សំរឹទ្ធិ​៣​នោះ​ លោក​សំណូម​ពរ​ឱ្យ​បង្កើន​ចំនួន​មេ​ដាយ​សំរឹទ្ធិ​៣​បន្ថែម​ទៀត​។

លោក​ឧត្តម​សេនីយ៍​​ព្រហ្ម ឌិន ​ដែល​ជា​អនុ​ប្រធាន​ទី​១​ សហ​ព័ន្ធ​កីឡា​​ប៊ូល​​និ​​ង​​ប៉េ​តង់​​​កម្ពុជា​​ទទួល​ស្គាល់​​ថា ​កីឡាករ​ កីឡាការិនី​​ប៉េ​តង់​ភាគ​ច្រើន​ចាស់​ៗ​​ហើយ​តែពួកគេ​នៅ​មាន​សមត្ថ​ភាព​​​ទើប​លោក​មាន​ជំនឿ​​ចិត្ត​ច្រើន​ក្នុងការ​ស្វែង​រក​មេ​ដាយ​​បាន​​តាម​ការគ្រោង​ទុក​​ ។ បញ្ហា​នេះ​លោក​ហែម សំណាង ​ដែល​ជា​អគ្គ​លេខា​ធិការ​ខេម​រ​សហ​ព័ន្ធ​តេក្វាន់​ដូក៏​មានជំនឿ​ចិត្ត​ថា​អាច​ទៅ​រួច​ដែរ ។ ​លោក​ធិន ​វិចិត្រ ​ដែលជា​អគ្គ​លេខា​ធិការ​សហ​​ព័ន្ធ​កីឡា​ចំបាប់​បាន​ពន្យល់​ថា ​កាល​ ស៊ី​ហ្គេម​​ ​២០០៩ នៅ​ឡាវ ​កីឡា​ចំបាប់​បាន​មេ​ដាយ​​មាស​ដោយ​សារ​តែ​បា​នទៅ​ហាត់​នៅ​ក្រៅ​ប្រទេស ។ ​សម្រាប់​លើក​នេះ​បើ​រៀបចំ​និង​ត្រៀម​ខ្លួន​​​​​​​បាន​ល្អ​ដូច​កាល​ឆ្នាំ​២០០៩​នោះ​លោក​ជឿ​ថា​ ​នឹងបាន​មេដាយ​មាស​ម្តង​ទៀត ។ ចំពោះ​ប្រដាល់​​ដែល​ធ្លាប់​ទទួល​បាន​មេ​ដាយ​សំរឹទ្ធិ​៣ ​​​ហើយ​​លោក​​ប្រធាន​អូឡាំពិក​សំណូម​ពរ​ឱ្យ​បង្កើន​ចំនួន​មេដាយ​សំរឹទ្ធិ​៣​បន្ថែម​ទៀតនោះ​លោក​ឧត្តម​សេនីយ៍​តែម ​ម៉ឺន​ ដែល​ជា​ប្រធាន​សហ​ព័ន្ធ​ ក៏​បាន​អះ​អាង​ពីការ​ខិតខំ​សម្រេច​ឱ្យបាន​ដែរ ។

​គួរ​បញ្ជាក់​ផងដែរថា ​កាល​​ពី​ស៊ី​ហ្គេម​​លើក​ទី​២៦​នៅ​ឥណ្ឌូ​ណេស៊ី​ កម្ពុជា​​រក​​បាន​មេ​ដាយ​៥០​គ្រឿង​តែ​លើក​នេះ​ជា​យុទ្ធ​សាស្ត្រ​គឺ​បង្កើន​ឱ្យ​បាន​ដល់​៦៨​គ្រឿង​គឺមាស​១៣​គ្រឿង ​ប្រាក់​២២​គ្រឿង ​និង​សំរឹទ្ធិ​៣៣​គ្រឿង​បន្ថែម​ទៀត ៕