សារអេឡិចត្រូនិច
កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ ២០​ប្រភេទ ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​​ទី២៧​ នៅ​មីយ៉ាន់​ម៉ា


រាជធានីភ្នំពេញ ៖ ដោយ​សារ​តែ​កម្ម​វិធី​​ប្រកួត​​កីឡា​​ស៊ីហ្គេម​លើក​ទី​២៧ ​កាន់​តែ​ខិត​ចូល​មក​ដល់​​​ គ្រូ​បង្វឹក​​ និង​ប្រធាន​​សហ​ព័ន្ធ​កីឡា​ក៏​ដូច​ជា​មន្ត្រី​ពាក់​ព័ន្ធ​​ផ្សេងៗ​​​បាន​ជំរុញ​​ឱ្យ​​​កីឡាករ-​កីឡា​ការិនី​​គ្រប់​ប្រភេទ​វិញ្ញាសា​ទាំង​អស់​ខិត​ខំ​ហ្វឹក​ហាត់​​​​​​ថែម​ទាំង​​​បាន​ចំណាយ​ថវិកា​​​ជួល​​គ្រូ​​បរទេស​​ល្អៗ​​​​​មក​បង្ហាត់​​ក្នុង​ន័យ​​​​​ទទួល​បាន​​បទ​ពិសោធន៍​​ល្អៗ​​​​​មុន​នឹង​​ទៅ​​ប្រកួត​​ទៀត​ផង​ ។ ​តាម​​គម្រោង​ប្រភេទ​កីឡា​​ដែល​ត្រូវ​​បញ្ជូន​​ទៅ​ចូល​រួម​​ប្រកួត​​​​​​ស៊ីហ្គេម​លើក​ទី​២៧​​​​ នៅទីក្រុង​​ណៃ​​ពិដោរ​ប្រទេស​​មីយ៉ាន់​ម៉ា​​មាន​ចំនួន​​២០​​ ហើយ​ការ​ប្រកាស​​ជា​ផ្លូវ​ការ​​​នឹង​​ធ្វើ​ឡើង​​ក្នុង​ពេល​​ឆាប់​ៗ​នេះ។

​លោក​​​ វ៉ាត់​ ចំរើន អគ្គ​លេខា​ធិការ​​គណៈ​​កម្មា​ធិការ​​​ជាតិ​អូឡាំ​ពិក​​កម្ពុជា​ បាន​​មាន​ប្រសាសន៍​​ថា មជ្ឈមណ្ឌល​​ជាតិ​ហ្វឹក​ហ្វឺន​​កីឡា​បាន​​គិតគូរ​យ៉ាង​​ល្អិត​ល្អន់​​ដោយ​​​សម្រេច​ធ្វើ​ការ​​ប្រមូល​​​​​ផ្តុំ​​កីឡា​ចំនួន​២០​​​​ប្រភេទ​ ធ្វើ​ការ​​ហ្វឹក​ហាត់​តែ​មិន​មែន​បាន​ន័យ​ថា ​​ប្រភេទ​កីឡា​ដែល​បាន​​ប្រមូល​​ផ្តុំ​នេះ​​​ទៅ​ចូល​រួម​​​ស៊ីហ្គេម​​​ទាំង​អស់​គ្នា​​ឡើយ គឺ​​មជ្ឈម​ណ្ឌល​​​ជាតិ​​ហ្វឹក​ហ្វឺន​​​​​កីឡា​​ និង​​គណៈ​​កម្មា​ធិការ​​​ជាតិ​​​អូឡាំ​ពិក​​បន្ត​ធ្វើ​​ការ​ពិភាក្សា​​គ្នា​​ទៀត​​ ថា​តើ​ប្រភេទ​​កីឡា​ណាគួរ​បញ្ជូន​​ទៅ​និង​​មិន​គួរ​បញ្ជូន​​ទៅ​ ​ដែល​នឹង​​ដឹង​ពិត​​ប្រាកដ​​នា​អំឡុង​​ខែ​មិថុនា ​ខាង​មុខ​ ។ ​​ លោក​​បាន​អះ​អាង​​​បន្ថែម​​ថា ប្រភេទ​​កីឡា​​ប្រកួតជា​ក្រុម​​ទំនង​​ជា​កាត់​បន្ថយ​​ដោយ​បង្កើន​​ចំនួន​ប្រភេទ​​កីឡា​​​​ប្រកួត​​ជា​ឯក​​ត្ត​ជន​​​ដែល​មាន​​សក្តា​នុពល​​វិញ​​ ព្រោះ​​​កន្លង​មក​​កីឡា​ជា​ក្រុម​​របស់​កម្ពុជា ​ហាក់​មិន​ទទួល​​បាន​​ស្នា​ដៃ​​ល្អតាម​ការ​​​​​រំពឹង​ទុក​ឡើយ​។​​​ ទោះ​​យ៉ាង​ណា​ កីឡា​​ប្រកួត​ជា​ក្រុម​​នេះ​ក៏មាន​​​ប្រជា​ប្រិយ​ភាព​​​​ដែរ ដូច​ជា​បាល់​​ទាត់​​ជា​ដើម គឺ​​​យើង​មិន​អាច​​កាត់​បន្ថយ​​បាន​ទេ ព្រោះ​​បាល់​ទាត់​​​ខ្មែរ​យើង​​​ពេលនេះ​​​ក៏​ល្អ​និង​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​​ខ្លាំង​​ពី​គ្រប់​​​​មជ្ឈ​​ដ្ឋាន ។ ​អីុ​ចឹង​​​ហើយ​លោក​​​នៅ​តែ​មាន​​មហិច្ឆ​តា​​​បញ្ជូន​កីឡា​​ទៅ​ចូលរួម​​​ឱ្យ​បាន​ច្រើន​​​ប្រភេទ​​តាម​​​តែ​អាច​​ធ្វើ​​ទៅ​បាន​​ដើម្បី​​ឱ្យ​កីឡា​​​ករ​មាន​​ទឹក​ចិត្ត​​ តែ​យើង​ក៏​​ត្រូវ​​​មើល​​លើ​ថវិកា​​របស់​យើង​​ផង​ដែរ​ ។​

គួរ​បញ្ជាក់​​ថា សម្រាប់​​រដូវ​​កាល​​​ស៊ីហ្គេម​​លើក​នេះ​​​ កម្ពុជា​​សង្ឃឹម​​​បាន​មេដាយ​​​​ច្រើន​​​ជាង​មុន​​លើ​ប្រភេទ​​កីឡា​​មួយ​ចំនួន​​​ដូច​ជា​ចំបាប់​​​ តេក្វាន់​ដូ​ ​ប៉េតង់ ​វ៉ូវីណាម និង​​ប្រភេទ​​​កីឡា​មួយ​​ចំនួន​ទៀត​​ ។ ​ជា​ពិសេស​​ឆ្នាំ​នេះ​​ប្រាក់​​​រង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​អ្នក​​​ទទួល​​បាន​​មេ​ដាយ​​​ក៏មាន​​​ច្រើន​​​ម៉ឺន​​ដុល្លារ​​​​ដែរ ​ក្នុង​នោះ​រាជ​រដ្ឋាភិបាល​​បាន​ប្រកាស​​​ផ្តល់​​ជូន​មេដាយ​​មាស​​២៥លាន​រៀល​​ស្មើ​​​៦​ពាន់​ដុល្លារ​​, មេ​ដាយ​​ប្រាក់​១៦លាន​​រៀល​ស្មើ​៤ពាន់​​​ដុល្លា​រ និង​មេដាយ​សំរឹទ្ធិ៨លាន​រៀល​​ស្មើ​២ពាន់​ដុល្លារ​ ​។ ក្រៅ​ពី​​នោះ​សណ្ឋា​គារ​​ណាហ្គា​​វើល​​​សន្យា​​ផ្តល់​មេដាយ​​១​គ្រឿង​​៣ពាន់​​ដុល្លារ​​, ក្រុម​ហ៊ុន​​​ស្រា​បៀរ​​​អង្គរ​មេដាយ​​​មាស​​​៦ពាន់​​​ដុល្លារ​ ប្រាក់​​​៤​ពាន់​​ដុល្លារ និង​សំរឹទ្ធិ​​​២​ពាន់​ដុល្លារ​ ​។ ​ជា​មហា​កិត្តិ​យស​ផង​ដែរ សម្តេច​​​​តេជោ​ ហ៊ុន សែន​ ជា​រៀង​​រាល់​​លើក​​តែង​​ផ្តល់​​រង្វាន់​​ដោយ​​​ផ្ទាល់​​ដល់​​អ្នក​​ទទួល​​​មេដាយ​​មាស​៣ពាន់​​​ដុល្លារ ​ប្រាក់​​២ពាន់​ដុល្លារ និង​សំរឹទ្ធិ​​​១ពាន់​ដុល្លារ​ ។​

​សរុប​​​គ្រាន់​តែ​មេ​ដាយ​​មាស​​១​គ្រឿង​​​បាន​រង្វាន់​​ជិត​២ម៉ឺន​​​ដុល្លារ​​ទៅ​ហើយ​ ម៉្លោះ​​ហើយ​កីឡា​​ករ​​-កីឡា​ការិនី​​​ទាំ​ង​អស់​​​​ពិត​ជា​មាន​ទឹក​ចិត្ត​​​ខិត​ខំ​ហ្វឹក​ហាត់​​ដើម្បី​​ដណ្តើម​​មេ​ដាយ​​​យក​មក​​​ជូន​ជាតិ​ឱ្យ​ទាល់​តែ​បាន​​​ដោយ​​​សា​រតែ​​មា​នការ​គាំ​ទ្រ​​លើក​ទឹក​ចិត្ត​​ពីគ្រប់​​មជ្ឈ​ដ្ឋាន​​ ពិសេស​​​ពីសំណាក់​​សម្តេច​​តេជោ​ នាយក​​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​​ណា​ចក្រ​​កម្ពុជា ៕