សារអេឡិចត្រូនិច
គុនដាវកម្ពុជាទទួលបានលេខ ២៩ ក្នុងទ្វីបអាស៊ី


ភ្នំពេញ​:  ​កីឡា​គុន​ដាវ​កម្ពុជា បានទទួល​បាន​លេខ​២៩ ​ក្នុង​ចំណាត់​អាស៊ី​ ក្នុងការ​ប្រកួត​កីឡា​គុន​ដាវ​យុវជនអាស៊ី​នៅ​ប្រទេស​ថៃ ដែល​ទើបនឹង​បញ្ចប់ទៅ​នាពេល​ថ្មីៗ​នេះ។

ចំណាត់ថ្នាក់​នេះ​បានមកបន្ទាប់ពី​កីឡាករ​កម្ពុជា​យកឈ្នះ​កីឡាករ​មកពី​ម៉ា​កាវ ក្នុង​វិញ្ញាសា​ដាវ​តូច (Foil) បុរស​ក្រោម​អាយុ​១៧  ។​គួរ​បញ្ជាក់ថា ​ក្នុង​វិញ្ញាសារ​នេះមាន​កីឡាករ​ទាំងអស់​៦៤​នាក់ ដែល​មកពី​ប្រទេស​ក្នុង​ទ្វីបអាស៊ី​។​

ចំណែកឯ​វិញ្ញាសាដាវ​ធំ (Epee) ក្រោម​អាយុ​១៧​ឆ្នាំ កីឡាករ​គុន​ដាវ​កម្ពុជា​បានទទួល​ជ័យជម្នះ​លើ​កីឡាករ​ប្រទេស​ថៃ ដោយទទួលបាន​ចំណាត់ថ្នាក់​៣១​ ក្នុងចំណោម​កីឡាករ​៥៨​នាក់​។​

​កីឡាករ​គុន​ដាវ​កម្ពុជា សាន់ សុខ​សីហា បាន​និយាយថា​ ការ​ប្រ​កូត​កីឡា​គុន​ដាវ​យុវជន​អាស៊ី គឺជា​ការប្រកួត​ថ្នាក់​អន្តរជាតិ និង​មាន​កីឡាករ​ដែល​មកពី​ប្រទេស​មហាអំណាច​ជាច្រើន​ដូចជា ប្រទេស​ចិន ប្រទេស​ជប៉ុន ប្រទេស​កូរ៉េ និង​ប្រទេស​អូស្ត្រាលី​បែបនេះ “​វា​ពិតជា​មិនមាន​ភាព​ស្រួល​ក្នុងការ​ដណ្ដើមជ័យជម្នះ​នោះឡើយ​”​។​

​កីឡាករ​រួប​នេះ​បាន​បន្តថា កីឡា​គុន​ដាវ​ជា​ប្រភេទ​កីឡា​ម្យ៉ាង​ដែល​មិន​ត្រឹមតែ​ធ្វើឲ្យមាន​សុខភាព​ល្អ និង​មិត្តភាព​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ជំរុញ​ភាព​ឈ្លា​សវៃ និង ភាព​រហ័សរ​ហួន​ថែមទៀត ពីព្រោះ​កីឡា​ប្រភេទ​នេះ​ប្រើ​ប្រាជ្ញា និង​ភាពវាងវៃជាង​ប្រើ​កម្លាំង​។ ទោះបីជា​កីឡា​នេះ​ប្រើ​ដាវ​ក្នុង​ការប្រកួត​ក៏ដោយ ក៏​វា​មិនបាន​ធ្វើឲ្យ​កីឡាករ កីឡា​ការិនី មាន​របួស​អ្វី​ឡើយ​។​

​ការ​ប្រ​កូត​កីឡា​គុន​ដាវ​យុវជន​អាស៊ី​មាន​កីឡាករ ​កីឡាការិ​នី​និង​ប្រតិភូ​ ព្រមទាំង​គ្រូ​ប​ង្វឹក​សរុប​ចំនួន​៨៦២​នាក់​ដែល​មកពី​៣៣​ប្រទេស​បាន​ចូលរួម ​ព្រឹត្តិការណ៍​នេះ​៕