សារអេឡិចត្រូនិច
អ្នក​សង្កេត​ការណ៍​អ.ស.ប ​២១នាក់​​​ ត្រូវ​បាន​​ពួក​ឧទ្ទាម​ស៊ីរី​ចាប់​


ពួកឧទ្ទាម​ស៊ីរី​កាលពី​ថ្ងៃ​ទី​៦ ​មីនា ​បាន​ចាប់​​អ្នក​​សង្កេត​ការណ៍​របស់​កម្លាំង អ.ស.ប ​ប្រចាំ​នៅ​​ខ្ពង់​រាប​​ហ្គោ​ឡង់​ជាប់​ព្រំដែន​អ៊ីស្រា​អែល​២១​នាក់ ​ដែល​នេះជា​លើក​ដំបូង​ហើយ​ក្នុងសង្គ្រាម​នៅ​ស៊ីរី ។ ខណៈដែល​ជម្លោះ​នៅស៊ីរី​ហៀប​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៣ អ.ស.ប ​បាន​ប្រកាស​ម្យ៉ាងទៀត​ថា ​ជន​ភៀស​ខ្លួន​ស៊ីរី​នា​ពេល​នេះ​បាន​ឡើង​ដល់​ក្បែរ​១លាន​នាក់​ហើយ​​ដែល​ឆ្លង​កាត់​ព្រំ​ដែន​ចូល​​បណ្តា​ប្រទេស​​ជិត​ខាង​ដែល​​ប្រកា​រ​នេះ​ក្លាយ​ជា​​គ្រោះ​មហន្ត​រាយ​ខាងមនុស្ស​ធម៌​មួយ ​។

​បណ្តាអ្នក​នាំ​​​ពាក្យ​អ.ស.ប ​គូ​ស​បញ្ជាក់​នៅ​ក្រុង​ញូវ​យ៉ក​ថា ​យុទ្ធ​ជន​ប្រដាប់​អាវុធ​ប្រមាណ​ជា​៣០​នាក់ ​បាន​ឃាត់​​ហើយ​ចាប់​ខ្លួន​អ្នក​សង្កេត​ការណ៍​២១​នាក់​នៃ​កង​កម្លាំង​ទទួល​បន្ទុក​សង្កេត​មើល​ការ​មិន​គោរព​កិច្ច​សន្យា​នៅ​ខ្ពង់​រាប​​ហ្គោឡង់ ​FNUOD ដែល​បំពេញ​បេស​ក​កម្ម​ផ្គត់​ផ្គង់​តាម​ធម្មតា​មួយ ​។ អ.ស.ប​ ពុំ​បាន​បញ្ជាក់​ពីសញ្ជាតិ​​របស់​ពួក​អ្នក​សង្កេត​ការណ៍​ទាំង​នេះ​ទេ ក៏​ប៉ុន្តែ​អង្គ​ការ​សិទ្ធិមនុស្ស​ស៊ីរី OSDH អះ​អាង​ថា ​ពួក​គេ​ជា​​ជន​ជាតិ​ហ្វ៊ី​លីពីន​ ។

យោង​តាម​OSDH ថា​ពួក​អ្នក​ចាប់​ពង្រាត់​ទាម​ទារ​ជាថ្នូរ​នឹងការដោះ​លែង​​ពួក​អ្នក​​សង្កេត​​​ការណ៍​ទាំង​នេះ​ទៅ​នឹងការដក​ថយ​នៃ​កង​ទ័​ព​ស៊ី​រី ចេញពីច្រក​ទាំងឡាយ​នៃតំបន់​ហ្សា​ម​​ឡា ។ ​ក្នុង​វីដេ​អូ​​មួយ​ចេញ​ផ្សាយ​ដោយ​ពួក​បះ​បោរ​យុទ្ធ​ជន​ឧទ្ទាម​ម្នាក់រហូត​ដល់​ចោទ​ប្រកាន់​ FNUOD ​ថា​ជួយ​ដល់​កង​ទ័ពស៊ីរី​ទៀត​ផង ។ ក្នុងសេចក្តី​ថ្លែ​ង​ការណ៍​​មួយ​អនុម័ត​ជា​​​ឯក​​​​ច្ឆ​ន្ទ​​​សមា​ជិក​ទាំង​១៥​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប ​បាន​ថ្កោល​ទោសយ៉ាងម៉ឺង​ម៉ាត់​ចំពោះ​​ការ​​ឃុំ​ទុក​អ្នក​សង្កេត​ការណ៍​​ទាំង​នោះដោយ​ពួក​ប្រ​ឆាំង​​ប្រដាប់​អាវុធ​ស៊ីរី ​ហើយ​ទាម​ទារ​ឱ្យ​ដោះ​លែង​ពួកគេ​ជា​បន្ទាន់​និងដោយ​គ្មាន​លក្ខខណ្ឌ ។

​ផ្នែក​មួយ​ធំ​នៃ​ខ្ពង់​រាប​​ហ្គោ​ឡង់​កាន់​កាប់​ដោយ​អ៊ីស្រាអែល​ចាប់តាំង​ពី​ឆ្នាំ​១៩៦៧ មក​ហើយ ​FNUOD ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤មក​​ទទួល​​បន្ទុក​ឱ្យ​មាន​ការគោរព​​បទ​ឈប់​​បាញ់​គ្នា​​រវាង​អ៊ីស្រា​អែល​​និង​ស៊ីរី​ ។ ​កង​កម្លាំង​នេះ​មាន​​សមាជិក​​ជា​ទាហាន​១.០០០​នាក់​ម​ក​​​​ពី​ប្រទេស​៥គឺ​អូ​ទ្រីស ​ក្រូអាស៊ី ​ឥណ្ឌា​ ជប៉ុន​និង​ហ្វ៊ី​លីពីន ៕