សារអេឡិចត្រូនិច
សៀមរាប​តាំង​ភ្លើងពណ៌​ទទួល​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​


សៀមរាប: ​ដំណាច់ឆ្នាំ​២០១៣ ឈានចូល​ឆ្នាំ​២០១៤​នេះ អាជ្ញាធរ​ខេត្ដ​សៀមរាប​បានរៀបចំ​ជាស្រេច​បាច់​រួចអស់ ហើយ ​នូវ​ការតុបតែង​លំអរ ភ្លើងពណ៌​ចំរុះ ដើម្បី​ត្រៀម​ទទួល​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំនេះ​។
​    ​
​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា ការតុបតែង​រៀបចំ​តាំង​ភ្លើងពណ៌ បានរៀបចំ​រួចស្រេច​អស់​ទៅហើយ ហើយក៏​បាន​បើក​បំភ្លឺ​លំអរ​ក្នុង​ក្រុង​សៀមរាប​ជា​រៀងរាល់​យប់​ដែរ ដែល​មើលទៅ​ហាក់បីដូច​ជាមាន​ភាពស្រស់​បំព្រង ខុសពី​បណ្ដា​ឆ្នាំមុនៗ​។​
​    ​
​លោក​ឃឹម ប៊ុន​សុង បាន​និយាយទៀតថា ខេត្ដ​សៀមរាប ការកែលំអរ​សោ​ភណ្ឌ​ភាព​ទីក្រុង ជាពិសេស​នៅពេល​យប់ ដោយមាន​ការ​តែង​នូវ​ភ្លើងពណ៌​ចំរុះ​បែបនេះ ជា​ភាព​ទាក់ទាញ​មួយ​យ៉ាងសំខាន់​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​គេ​ចូលមក​កំសាន្ដ​នៅក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ​។​
​    ​
​លោក​ឃឹម ប៊ុន​សុង បាន​បន្ដទៀតថា ភ្លើង​ត្រូវបាន​ដាក់តាំង​លំអរ​ក្នុង​ក្រុង​សៀមរាប គឺ​នៅ​តំបន់់​ផ្លូវជាតិ​លេខ​៦ ត្រង់​មុខ​ព្រះរាជដំណាក់​, ​ផ្លូវ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​, ​ផ្លូវ​អម​សងខាង​ស្ទឹង​សៀមរាប​,​ តំបន់​ផ្សារ​ចាស់​, ​តំបន់​ផ្លូវ​ស៊ីវ​ត្ថា​,​ និង​បើក​បំភ្លឺ​ភ្លើង​តាម​ទីសាធារណៈ​,​ តាមផ្លូវ​នានា​ក្នុង​ក្រុង ជាពិសេស​ផ្លូវ​ទៅកាន់​ប្រាសាទ​អង្គរ​,​ ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​ទៅកាន់​ព្រលាន​យន្ដ ហោះ​អន្ដរជាតិ​។​
​    ​
​ក្រៅពី​ការតុបតែង​ភ្លើងពណ៌​គ្រប់​ប្រភេទ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ដ​សៀមរាប ក្រុង​សៀមរាប​ទាំងមូល​ពោរពេញ​ទៅដោយ​ភ្លើង​ចំរុះ​ពណ៌ ដែល​ក្រុមហ៊ុន​, ​ភោជនីយដ្ឋាន​,​ ទីភ្នាក់ងារ​ទេសចរណ៍ បានដាក់​តាំងធ្វើ​ឱ្យ​ក្រុង​សៀមរាប​កាន់តែ​ផ្ដល់​សម្រស់​ស្រស់ត្រកាល ខុសពី​ពេលណាៗ​ទាំងអស់​។ នេះ​គឺជា​លើក​ទី​១​ដែល​ក្រុង​ទេសចរណ៍​មួយ​នេះ​មានការ​ដាក់តាំង និង​មានការ​រៀបចំ​ដ៏​ឆើតឆាយ ។ ​រាប់​ឆ្នាំ​មក ហើយ​មិនដែល​មានការ​រៀបចំ​បែបនេះ​ទេ​៕