សារអេឡិចត្រូនិច
ស្មា​ត​ហ្វូ​ន​តូច​បំផុត​ របស់​ពិភពលោក​ ត្រូវ​បានដាក់​បង្ហាញ​ ក្នុងប្រទេស​ជប៉ុន


វា​មើលទៅ​ដូចជា​ប្រដាប់​ក្មេង​លេង ប៉ុន្តែ​ក្រុមហ៊ុនទូរស័ព្ទ​ជប៉ុន Willcom បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ទូរស័ព្ទ​ចល័ត​តូច​ជាងគេ​បំផុត​របស់​ពិភពលោក ។ ដោយមាន​ប្រវែង​ត្រឹមតែ ៣២ × ៧០ × ១០,៧ មិល្លី​ម៉ែត្រ និង ទម្ងន់ ៣២ ក្រាម ទូរស័ព្ទ WX06A មាន​អេក្រង់​ប្រភេទ OLED ពណ៌​ធម្មជាតិ​ទំហំ​មួយ​អ៊ី​ញ​ ដែល​គេ​រកឃើញ​ភាគច្រើន​នៅក្នុង​នាឡិកា និង អង់​តែ​ន​មួយ។​

បច្ចុប្បន្ន ទូរស័ព្ទ​នេះ​អា​ចរក​បានតែ​ក្នុងប្រទេស​ជប៉ុន​ប៉ុណ្ណោះ និងមាន​ទម្ងន់​ត្រឹម ១ ភាគ ៤ នៃ​ទូរស័ព្ទ iPhone ។ ទោះយ៉ាងណា ដោយសារតែ​ទំហំ​ដ៏​តូច​របស់​វា ទូរស័ព្ទ​នេះ​ពុំមាន​កាមេរ៉ា​នោះទេ ថ្វីបើ​វា​អាច​ប្រើ​ដើម្បី​បញ្ជូន​អ៊ីមែល​បាន​ក៏ដោយ។​

​លោក តា​កូ ហ៊ី​យ៉ាម៉ា ប្រធាន Eibitto ដែល​ផលិត​ទូរស័ព្ទ​ខាងលើ បាន​និយាយថា អង់​តែ​ន​ទូរស័ព្ទ​មួយ​ត្រូវ​បានដាក់​ប​ញ្ចូល​ដើម្បី​ធ្វើ​ឲ្យ​ការទទួល​របស់​ទូរស័ព្ទ​នេះ​មាន​ភាពប្រសើរឡើង។​

ទូរស័ព្ទ​នេះ​នឹងមាន​លក់​លើ​ទីផ្សារ​ក្នុងប្រទេស​ជប៉ុន​ក្នុង​ខែធ្នូ ទោះយ៉ាងណា តម្លៃ​នៅ​មិនទាន់​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ ។ អាយុកាល​របស់​ថ្ម​ទូរស័ព្ទ​នេះ​ក៏​អាច​ប្រើ​បានយូរ​ដោយសារតែ​ទំហំ​របស់​វា​ដែរ ពោលគឺ​វា​អាច​ប្រើ​សម្រាប់​និយាយបាន ២ ម៉ោង និងទុកចោល​បាន ៣០០ ម៉ោង។​

​ទូរស័ព្ទ​នេះ​ក៏​ដំណើរការ​បានតែ​លើ​ប្រព័ន្ធ​ទូរស័ព្ទ PHS របស់​ជប៉ុន​ប៉ុណ្ណោះ​នា​ខណៈ​ពេលនេះ ដូច្នេះ​នឹងមិន​ដំណើរការ​នៅ​កន្លែង​ផ្សេង​ឡើយ​ក្នុង​ភិ​ព​ភ​លោក​នេះ៕