សារអេឡិចត្រូនិច
ភ្ញៀវទេសចរ​អាច​ចលនា​ការនាំចេញ​អង្ករ​ពី​កម្ពុជា​


ភ្នំពេញ: ​ក្នុង​ឆ្នាំ​២០១៣​នេះ មាន​ភ្ញៀវទេសចរមក​ទស្សនា ក្នុងប្រទេស​កម្ពុជា ប្រមាណ​ជា​៤​លាន​នាក់ នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បង្ហាញ​គុណភាព​អង្ករ​ផ្កាម្លិះ ទៅដល់​អង្គទូត និង​ភ្ញៀវ​អន្តរជាតិ កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ នៅ​ភោជនីយដ្ឋាន​ម្លិះ​។​

លោក ថោង ខុន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ឆ្នាំ​២០១៣​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​៤​លាន​១​សែន​នាក់​ដែល​មក​ទស្សនា នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ភ្ញៀវទេសចរ​ទាំងអស់នោះ​ត្រូវ​ញ៉ាំ​អង្ករ​ក្រអូប (​ផ្កាម្លិះ​) របស់​កម្ពុជា​ប្រហែលជា មួយ​ម៉ឺន​តោន​។ នៅ​ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​មាន​ផែនការ​ទទួលបាន​ភ្ញៀវទេសចរ​បាន​ប្រមាណ​ជា​៧​លាន ៥​សែន​នាក់ អ៊ីចឹង​កម្ពុជា ត្រូវការ​អង្ករ​ផ្កាម្លិះ សម្រាប់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​ក្នុងប្រទេស​កម្ពុជា ប្រហែលជា​២​ម៉ឺន​តោន​។ 

​លោក​រដ្ឋមន្ត្រី​បន្ថែមថា​វិស័យ​អង្ករ​បាន​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​ថែមទៀត​ព្រោះថា​កាលណា​ភ្ញៀវ​បរទេស​ដែល​បាន​ញ៉ាំ​អង្ករ​ខ្មែរ​រួចហើយ​គេ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ របស់គេ​ពេលនោះ​មិត្ត​ភ​ត្តិ​ចង់សាកល្បង និង​ភ្លក់​រសជាតិ​អង្ករ​កម្ពុជា​ពួកគេ​ និង​មករក​ទិញនៅ​កម្ពុជា ពេលនោះ​ហើយ​ភ្ញៀវ​ទេស​ក្នុងប្រទេស​កម្ពុជា​នឹងមាន​ការកើនឡើង​។​ មិន​ត្រឹម​ទទួល​បានតែ​ភ្ញៀវ​នៅក្នុង​ទីក្រុង​ឬ​តំបន់​ទេ​ចរណ៍​តែប៉ុណ្ណោះ​ទេ គឺ​នៅពេលដែល​ពូកគេ​ចង់ដឹង​ពី​កន្លែង​ផលិត​ផ្ទាល់​ពួកគេ​អាច​ចុះ​ដល់​កន្លែង​ផលិត​ផ្ទាល់​តែម្តង​ ហើយ​នៅពេល​នោះគេ​នឹង​ចុះ​ទៅតាម​តំបន់​ទេសចរណ៍​ជនបទ​របស់​យើង ធ្វើ​ឲ្យ​មានកំ​ណើ​រ​ទេសចរន៍​តំបន់​ជនបទ​ផងដែរ​៕