សារអេឡិចត្រូនិច
ធនាគារ​កូរ៉េ​ខាង​ត្បូង​ទិញ​មាស​​ បន្ថែម​ប្រហែល ២០​តោន​ ខណៈ​ពេល​រុស្ស៊ី និង​កាហ្សាក់​ស្ថាន ​ក៏​បង្កើន​ការ​ទិញ​មាស​ដែរ


ធនាគារ​កូរ៉េ​​ខាង​ត្បូង​ (BOK) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ មីនា​ ថា​ បាន​ប្រមូល​ទិញ​មាស​ជាង​​ ២០​តោន​ កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ​ ខណៈ​ពេល​រដ្ឋា​ភិបាល​រុស្សុី​ និង​កាហ្សាក់​ស្ថាន​ ក៏​ទិញ​មាស​ដ៏​សន្ធឹក​សន្ធាប់​ដែរ​ ។ នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ ធនា​គារ​កូរ៉េ​ខាង​ត្បូង​ (BOK) ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​១៩៥០​ និង​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សេអ៊ូល​ បាន​បង្កើន​ការ​គ្រប់​គ្រង​មាស​កាល​ពី​ខែ​មុន​ ដោយ​ប្រមូល​ទិញ​មាស​បាន​ជាង​២០​តោន​  និង​បច្ចុប្បន្ន​ធនា​គារ​មាន​មាស​សម្រាប់​តម្កល់​កើន​ឡើង​២៤%​បន្ថែម​ទៀត​ គឺ​មាន​ចំនួន​សរុប​១០៤,៤​តោន​ ។

លើស​ពី​នេះ​ ការ​បង្កើន​ផលិត​ផល​មាស​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​កាល​ពី​ខែ​កុម្ភៈ​ កន្លង​មក​ចាត់​ទុក​ថា​ ជា​ការ​ប្រមូល​ទិញ​មាស​លើក​ទី​៥​របស់​ធនា​គារ​កូរ៉េ​ខាង​ត្បូង​ ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១១​ មក​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ការ​ប្រមូល​ទិញ​មាស​ដ៏ធំ​នៅ​​ដំណាក់​កាល​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​កើត​ឡើង​ប៉ុន្មាន​ខែ​កន្លង​មក​ហើយ​ក្រោយ​ពេល​ BOK កុម្មង់​​ទិញ​មាស​់​ដល់​ទៅ​៣០​តោន​ កាល​ពី​ចុង​ឆ្នាំ​មុន​ ។

សកម្ម​ភាព​ចុង​ក្រោយ​ដែល​កើត​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង​ចាត់​ទុក​ថា​ ជា​ការ​បង្កើត​នូវ​ហេតុ​ការណ៍​ដ៏​ចម្លែក​ ព្រោះ​ការ​ប្រមូល​ទិញ​មាស​របស់​ BOK កើត​ឡើង​ក្នុង​អំឡុង​ពេល​ថ្លៃ​មាស​លើ​ទីផ្សារ​ពិភព​លោក​នៅ​ដើម​ឆ្នាំ​នេះ​ ស្ថិត​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​ ​មក​ ។

កាល​ពី​មុន​នេះ​ ប្រធានា​ធិប​តី​រុស្ស៊ី លោក​ វ៉្លា​ឌី​មៀរ​ពូទីន​ បាន​ចេញ​បញ្ជា​ដល់​ធនាគាររុស្ស៊ីឱ្យ​បង្កើន​ការ​គ្រប់​គ្រង​មាស​តម្កល់​បន្ថែម​ទៀត​ចំនួន​១២,២​តោន​ កាល​ពី​ខែ​មករា​ កន្លង​ទៅ​ ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​ក្រុង​មូស្គូ​ មាន​មាស​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​សរុប​៩៧០​តោន​ ជា​ចំនួន​កើន​ខ្ពស់​ជាង​ការ​គ្រប់​គ្រង​កាល​ពី​ឆ្នាំ​មុន​ប្រហែល​៨,៥​% ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ តាម​ទិន្ន​ន័យ​របស់​មូលនិធិ​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ (IMF) បង្ហាញ​ថា​ រដ្ឋា​ភិបាល​កាហ្សាក់​ស្ថាន​ ដែល​ជា​ដែន​ដី​ដ៏​សម្បូរ​ប្រេង​ និង​ឧស្ម័ន​ធម្ម​ជាតិ​នៅ​មជ្ឈិម​ប្រទេស​ បាន​យក​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​រ៉ែ​ និង​ថាម​ពល​របស់​ខ្លួន​មក​ទិញ​មាស​តម្កល់​ ធ្វើ​ឱ្យ​បរិមាណ​កើន​ឡើង​ដល់​៤១​%​ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២​ ដោយ​ទិញ​មាស​បន្ថែម​ចំនួន​១,៥​តោន​កាល​ពី​ដើម​ឆ្នាំ​ ធ្វើ​ឱ្យបរិមាណ​មាស​បម្រុង​របស់​កាហ្សាក់​ស្ថាន​សរុប​មាន​ជាង​១១៦,៨​តោន​ ៕