សារអេឡិចត្រូនិច
៣​ថ្ងៃ ឆ្លង​ឆ្នាំ​សកល ភ្ញៀវ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​សៀមរាប​មាន​ជិត ៩​ម៉ឺន​នាក់


សៀមរាប: រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០១៣ និង​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​ចូលមក​ខេត្តសៀមរាប តាម​ច្រកទ្វារ​អន្តរជាតិ​អាកាសយានដ្ឋាន​មាន​ចំនួន ៨៧ ១៥០​នាក់ ពោលគឺ​កើន ២៤,៣២% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២​។    

​របាយការណ៍​ប៉ាន់ស្មាន​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប ដែល​បានមកពី​ការ​បូកសរុប​របស់​ច្រកទ្វារ​អន្តរជាតិ អាកាសយានដ្ឋាន និង​ស្ថិតិ​របស់​សណ្ឋាគារ​នានា នៅ​ឆ្នាំ​២០១៣ រយៈពេល​បី​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២៥ ១៥០​នាក់​កើនឡើង ៦,៧០% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២  និង​ភ្ញៀវ​ជាតិ​មាន​ចំនួន ៦២ ០០០​នាក់ កើនឡើង ៣៣,២៦% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២​កន្លងទៅ​។

​វត្តមាន​របស់​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​ឆ្លង​ទ្វីប ដើម្បី​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅលើ​ដែនដី​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពិតជា​មិនធម្មតា​នោះទេ សម្រាប់​ការ​វាស់​ជម្រៅ​មនោសញ្ចេតនា ដែល​ប្រកបដោយ​ការស្រឡាញ់​រាប់អាន​ចំពោះ​វប្បធម៌​ខ្មែរ​៕