សារអេឡិចត្រូនិច
សំរាម​កំពុង​បំផ្លាញ​សោភ័ណភាព​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​


កែប: សំរាម​កំពុង​បំផ្លាញ​សោភ័ណភាព អនាម័យ និង​បរិស្ថាន​ក្រុង​ទេសចរណ៍​ឆ្នេរកែប យ៉ាង​ពេញបន្ទុក ខណៈដែល​តំបន់​មួយ​នេះ​ជា​គោលដៅ​ដ៏​សំខាន់​របស់​បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​លំហែ​អារម្មណ៍​។ ប៉ុន្តែ​មន្ត្រីខេត្ត​បាន​បញ្ជាក់ថា​បញ្ហា​នេះ​បាន​កែលម្អ​ហើយ​មិនមាន​សំរាម​ទៀត​ទេ​។​

​បន្ទាប់ពី​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​បញ្ចប់​ដែល​ពោរពេញ​ដោយ​មោទនភាព​ព្រោះតែ​កំណើន​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ខេត្ត​កែប​មានការ​កើនឡើង​នោះ លទ្ធផល​អវិជ្ជមាន​បាន​បន្សល់ទុក​នូវ​ពាក្យ​រិះ គន់​ពី​សំណាក់​ភ្ញៀវ​ទាំងឡាយ​ដែល​បន្ត​ចូល​កម្សាន្ត​សម្រាប់​ថ្ងៃ​បន្តបន្ទាប់ គឺ​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ ព្រោះតែ​ភាព​គ្មាន​សណ្តាប់ធ្នាប់​កើតចេញពី​គំនរ​សំរាម​តាមផ្លូវ​សាធារណៈ ការ​ហៀរ​ចេញ ពី​ក្នុង​ធុង​ទាំង​មិនមាន​អ្នក​ដឹកជញ្ជូន និង​ការ​អណ្តែត​ប្រសាច​សំរាម​លើ​ផ្ទៃ​ទឹកសមុទ្រ​។ ជាមួយនឹង​ទិ​ដ្ឋភាព​បែបនេះ ការចូល​រក​ទិញ​អាហារ​បរិភោគ​ និង​ការចុះ​ហែល​ទឹក​លេង​ហាក់​ត្រូវបាន​កាត់បន្ថយ​បរិមាណ​ជាមួយនឹង​ការព្រួយបារម្ភ​លើ​បញ្ហា​សុខភាព, ​ការខ្វះ​អនាម័យ​ចំពោះ​បរិស្ថាន​មិនល្អ​ទាំងនោះ​។​

លោក​ហេង សែ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​សម្អាត​ក្រុងកែប​យូរ​ឆ្នាំ​មកហើយ បាន​ឆ្លើយ​បញ្ជាក់​យ៉ាងខ្លី​ថា​ការងារ​របស់ លោក​បាន​បញ្ចប់​ហើយ បើ​ចង់​ច្បាស់​សូម​សួរ​ទៅ​អាជ្ញាធរខេត្ត​។ កម្មករ​របស់លោក​ប្រមូល​សម្អាត​អស់ពី​គ្រប់​គោលដៅ​ត្រឹម​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣​។​
​    ​
​បំភ្លឺ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ លោក​អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា​ការ​សល់​សំរាម​នោះ​ដោយសារ​ឆ្លង​ឆ្នាំ​ប្តូរ​វេន​គ្នា​។ អ្នកប្រមូល​កាលពី​ឆ្នាំមុន ដល់​បញ្ចប់​ម៉ោង គេ​ក៏​ឈប់​ប្រមូល​។ ពេលនេះ​អ្នកថ្មី​គេ​ចាប់ផ្តើម​ប្រមូល​ហើយ​ចំពោះ​សំរាម​ដែល​បន្សល់ទុក​កាលពី​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣​នោះ ហើយ​លោក​សង្ឃឹមថា​អ្នកថ្មី​ធ្វើ​ប្រសើរ​ជាង​អ្នក​មុន​។​

លោក​អ៊ឹង ឆាយ បញ្ជាក់ថា​មកដល់​ថ្ងៃនេះ​ធ្វើ​ស្អាត​អស់ហើយ ចំពោះ​ការ​និយាយថា​មាន​សំរាម​នៅសល់ និង​មាន​អណ្តែត ទឹក​នោះ​លោក​មិន​បានទទួល​ព័ត៌មាន​ទេ​។ អ្នកណា​រាយការណ៍​នេះ​មិន​ច្បា​ស់សោះ បញ្ហា​សំរាម កុំ​ថា​តែ អភិបាលខេត្ត អភិបាលក្រុង គ្រប់ផ្នែក​ទាំងអស់​មិន​អាច​ប្រហែស​បានទេ ទាំង​នៅតាម​ផ្លូវ ឬ​សំរាម​ហើរ តាម​ខ្យល់ សំរាម​នៅក្នុង​ទឹក គឺ​មិនមាន​ដាច់ខាត​!​។ ព័ត៌មាន​នេះ​លេចចេញ​ពី​ណា​សូម​ប្រា​ប់លោក រួមទាំង​ប្រាប់​ឈ្មោះ​អ្នករាយ ការណ៍​ផង ព្រោះ​ជា​ព័ត៌មាន​បំផ្លើស លោក​មិន​ចូលចិត្ត​បែប​ហ្នឹង​សោះ ពីព្រោះ សំរាម​ជាការ​យកចិត្តទុកដាក់​បំផុត​របស់​ថ្នាក់ដឹកនាំ​ខេត្ត​៕