សារអេឡិចត្រូនិច
សេវាកម្ម​ទេសចរណ៍​ខេត្ត​កែប​ធ្វើឱ្យ​ភ្ញៀវ​ខ្លះ​មិន​សប្បាយចិត្ត


កែប: អាចជា​មោទនភាព​ជ្រុល​ដោយសារតែ​ភ្ញៀវ​មានការ​កើនឡើង​ រៀងរាល់​ពិធីបុណ្យ​ធំៗ​ជា​បន្តបន្ទាប់​អ្នករក​ទទួលទាន​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នៅ​តំបន់​ឆ្នេរសមុទ្រ​កែប បាន និង​កំពុង​បង្ក​ភាពមិន​សប្បាយចិត្ត​ទាំង​របៀប​បដិសណ្ឋារកិច្ច, ​ទាំង​តម្លៃ​ម្ហូបអាហារ​ចំពោះ អតិថិជន​ដែលជា​ឆ្នាំងបាយ​យូរអង្វែង​របស់ខ្លួន​។ បើ​មិន​ការកែ​ទម្លាប់​អាក្រក់​នោះ ហើយ​អ្នកគ្រប់គ្រង ធូររលុង​ផង នោះ​គឺជា​ការ​អត្តឃាត​ក្នុង​មុខរបរ​របស់ខ្លួន​យ៉ាងពិត​ប្រាកដ​។​
​    ​
​អាជីវករ​ក្នុង​ក្រុង​កំពត ខេត្តកំពត​ម្នាក់​បាន​រៀបរាប់ថា កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ជា​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល គាត់​បាន​នាំ​ក្រុមគ្រួសារ​ទៅ​កម្សាន្ត​នៅ​ក្រុងកែប ដោយ​ចូល​ពិសា​អាហារ ក្នុង​តូប​មួយ​ស្ថិត​ចំ​ពីមុខ​សាលាខេត្ត​កែប​។ នៅ​ទីនោះ​ទោះបី​តម្លៃ​ម្ហូប​ហាក់​ថ្លៃ​បន្តិច​មែន ដូចជា​មាន់ មួយ​ប្រាំ​ម៉ឺន​រៀល​, បាយ​មួយ​ឆ្នាំង​មួយ​ម៉ឺន​រៀល​ក៏​គាត់​សុខចិត្ត​យល់ព្រម មិន​នាំ​កូន​ចាកចេញ​វិញ​ទេ ដោយសារ​យូរៗ​ទំនេរ​ដើរលេង​ម្តង​។ ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ កន្លែង​អង្គុយ​ដែល​គាត់​បាន​សម្រាក ដើម្បី​ហូបចុក​ទំនិញ​ជា​អាហារ​របស់​អ្នកលក់​សោះ​ត្រូវគេ​គិត​តម្លៃ​មួយ​ម៉ឺន​រៀល និង​ក្រដាស​ជូត​មាត់ មួយ​ដុំ​តូច​ពីរពាន់​រៀល​។ នេះ​ជា​រឿង​ប្លែក​។​
​    ​
​ជុំវិញ​បាតុភាព​ខាងលើ ជួប​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​មានប្រសាសន៍ថា​ពេល​បុណ្យ​ពិតជា​មិនអាច​គេច​ផុតពី​ពាក្យ រិះគន់​ទេ​។ ត្រូវ​គិតថា​ក្នុង​មួយរយ​នាក់​មាន​ចិតសិប​នាក់​ទៅ​ប៉ែតសិប​នាក់​គេ​សប្បាយចិត្ត តែ​ដប់​នាក់ ឬ​ម្ភៃ​នាក់​ដែល​មិន​សប្បាយ ពោលគឺ​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​ឱ្យបាន​មួយរយ​ភាគរយ​ឡើយ​។ កាល ណា​ថ្លៃ​បន្តិចបន្តួច​គេ​រអ៊ូ​រហើយ ធម្មតា​មកលេង​កែប​គឺ​មក​ហូប​អាហារ​សមុទ្រ មិនមែន​ហូប​សម្ល​ប្រ ហើរ​ឯណា​?​។ ពេល​បុណ្យទាន អ្នកនេសាទ​គេ​ឈប់សម្រាក​ដែរ ម្ល៉ោះហើយ​ម្ហូប​ទាំងនោះ​តែងតែ​ខ្វះ​។ និយាយ​រួម​សេវា​ហូបចុក​ត្រូវតែ​ខ្វះ​ហើយ​។

​ពាក់ព័ន្ធ​នឹង​អ្វីដែល​អតិថិជន​ពិបាក​ទទួលយក​នោះ លោក ចិន្តា បំភ្លឺថា ការយក​តម្លៃ​ភ្ញៀវ​អង្គុយ​នេះ​លោក​មិនដឹង​គិត​យ៉ាងម៉េច​ដែរ​! ជារួម​តែងតែមាន​ខ្លះ​ហើយ ពេល​បុណ្យទាន​។​ចំពោះ​ក្រដាស​ជូត​មាត់​ដែល​អ្នកលក់​គិត​តម្លៃ​ពី​ភ្ញៀវ​លោក​ដូចជា​មិន​ជឿ​ទាល់តែ សោះ គ្រប់​ហាង​បាយ គុយទាវ សុទ្ធ​តែមាន​ក្រដាស​សម្រាប់​ភ្ញៀវ បើ​ថា​រហូត​គិតលុយ​ទៀត លោក មិន​ជឿ​ទេ អាច​គ្រាន់តែ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​។ ជារឿយៗ មន្ទីរ​តែងតែ​បើក​វគ្គ​ផ្សព្វផ្សាយ​ដល់​អ្នក រក​ទទួលទាន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ តាំងពី​របៀប​បដិសណ្ឋារកិច្ច តម្លៃ​ម្ហូបអាហារ អនាម័យ បរិស្ថាន និង​មាន​ជូន​រង្វាន់​សម្រាប់​អ្នកប្រតិបត្តិ​បានល្អ​ទៀតផង ពិសេស​ផ្នែក​សណ្តាប់ធ្នាប់ អ​នា ម័​យ​តែម្តង​។

​ទាក់ទិន​នឹង​ចំនួន​ភ្ញៀវ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បញ្ជាក់ថា ក្នុង​ថ្ងៃបុណ្យ ឆ្លង​ឆ្នាំ​សកល ទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្ត​កែប​មាន​ជាង​បី​ម៉ឺន​នាក់ ក្នុងនោះ​ជនបរទេស ជាង​បួន​រយ​នាក់​។ ចំនួន​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​៕