សារអេឡិចត្រូនិច
ពួក​អ្នកទេសចរ​ចិន​មានៗ​ងាក​មក​ចាប់អារម្មណ៍​ទី​អវកាស


ប្រសិនបើ​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន នោះ​អ្នក​អវកាស​ឯកជន​ដំបូង​មកពី​ប្រទេស​ចិន​អាច​នឹងធ្វើ​ដំណើរ​ទៅ​ទី​អវកាស នៅមុន​ដំណាច់ឆ្នាំ​នេះហើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asia One ចុះផ្សាយ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤​។ 

​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ទី​អវកាស​មាន​មូលដ្ឋាន​នៅ​ហូ​ឡង់​គឺ​ក្រុមហ៊ុន Space Expedition Corporation ឬ SXC បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន Dexo Travel ដែលជា​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក ដើម្បី​នាំ​អ្នកមាន​ចិន​ទៅ​ទី​អវកាស​។​

លោក ហ្សា​ង យ៉ុង មន្ត្រី​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Dexo Travel បាន​ប្រាប់​កាសែត China Daily ថា មនុស្ស​ជាង ១០០ នាក់​បានបង្ហាញ​បំណង​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​ទី​អវកាស ដោយសារ​ការចុះឈ្មោះ​បានចាប់ផ្តើម​ហើយ​នៅ​ចិនដីគោក​កាលពី​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣​។​

​ការចុះឈ្មោះ​នេះ​គឺ​សម្រាប់​យានអវកាស Lynx Mark I ដែល​គេ​រំពឹងថា​នឹង​ចេញដំណើរ​នៅ​ចុងឆ្នាំ ២០១៤ នេះ ហើយ​យានអវកាស Lynx Mark II ត្រូវ​គែ​រំពឹងថា​នឹង​ចាប់ផ្តើម​ការហោះហើរ​ក្នុង​ឆ្នាំ ២០១៥​។

​លោក ហ្សា​ង បាន​បង្ហើប​ឲ្យ​ដឹងថា ធុរកិច្ច​ជន​ពីរ​នាក់​បាន​ទិញ​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​ក្នុង​ឆ្នាំ ២០១៥ រួចហើយ​។ លោក​ហ្សា​ង​បាន​និយាយថា "​លុយ​មិនមែនជា​បញ្ហា​សម្រាប់​អ្នកមាន​នោះទេ​"​។

​លោក អា​ឡិច តាំង (Alex Tang) មន្ត្រី​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SXC Asia បាន​និយាយថា "​យើង​មាន​ភាពជឿជាក់​យ៉ាងខ្លាំង​ក្នុង​ទីផ្សារ​អាស៊ី ដោយសារតែ​អំណរ​សាទរ​យ៉ាង​សម្បើម​របស់​ចិន​ចំពោះ​អវកាស​"​។

​លោក​បាន​និយាយថា សមិទ្ធផល​ធំៗ​របស់​ចិន​ក្នុងការ​រុករក​នៅ​ទី​អវកាស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​នាំទៅដល់​ការចាប់អារម្មណ៍​ខ្លាំង​ឡើងៗ​នៅ​ទី​អវកាស​ក្នុងប្រទេស​នេះ​។ លោក​ហ្សា​ង​បាន​និយាយថា "​ការចូលទៅ​ទី​អវកាស​លែង​សម្រាប់តែ​មហាសេដ្ឋី​ទៀតហើយ​"​។ 

​ក្នុងចំណោម​មនុស្ស​ជាង ៥០០ នាក់ ដែល​បាន​ទៅ​ទី​អវកាស មានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែលជា​អ្នក​អវកាស​ឯកជន   (​អ្នកទេសចរ​)​។ យោងតាម​ក្រុមហ៊ុន​ខាងលើ អ្នកទេសចរ​ម្នាក់​នឹង​បង់ប្រាក់​អប្បបរមា ៩៥.០០០ ដុល្លារ​ដើម្បី​ជិះ​លើ​យានអវកាស Lynx Mark I ដែល​ផលិត​ដោយ​ក្រុម​អ្នក​អវកាស​ឯកជន​អាមេរិក XCOR Aerospace​។

​យានអវកាស​មួយ​អាច​ដឹក​បានតែ​អ្នក​អវកាស​ម្នាក់ និងអ្នកទេសចរ​ម្នាក់ដែល​អង្គុយ​នៅ​កៅអី​របស់​សហ​អវកាស យានិក ​ប៉ុណ្ណោះ​៕