សារអេឡិចត្រូនិច
ជន​ប្រដាប់​អាវុធ​បាញ់​ប្រហារ សម្លាប់​បុរស​ម្នាក់​នៅ​ព្រៃ​វែង បាញ់​រះ​ចូល​វីឡា​កូន​កាត់​នៅ​កំ​ពង់​ចាម


ខេត្ត​ព្រៃវែង​ ៖ បុរស​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​លប​ចូល​ទៅ​បាញ់​​ប្រហារ​​ដល់​ក្នុង​​ផ្ទះ​ ​ខណៈ​​ពេល​​ជន​រង​គ្រោះ​​​កំពុងដេក​​លង់​លក់​ ​​​​បណ្ដាល​​ឱ្យ​​ស្លាប់​​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ រី​ឯ​​​ជន​ល្មើស​​បាន​រត់​គេច​​ខ្លួន​បាត់​​ស្រមោល​​ ។ ​ហេតុការណ៍​នេះ​ បាន​​កើត​ឡើង​កាល​ពី​វេ​លាម៉ោង​​​១១ និង​​​​​៣០នាទី​យប់​ថ្ងៃទី​​៨ មីនា ​​នៅ​ក្នុ​ងផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង  ស្រុកពាមរក៍​ ។​ ជន​រងគ្រោះ​​ឈ្មោះ​អ៊ិត​ អោក​ អាយុ​​​៥៣ឆ្នាំ មាន​មុខ​របរ​​​​​ជា​អ្នក​ដើរ​បុក​​​​អណ្ដូង​ត្រូវ​​ឃាត​​​ករ បាញ់​១គ្រាប់ចំ​ស្មា​​ខាង​ស្ដាំ​ ធ្លាយ​​​​ទៅ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង​ ។

​ចំពោះ​​ហេតុ​ការណ៍​នៃ​ករណី​ឃាត​កម្ម​ខាង​លើ​នេះ ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ពាម​រក៍​រៀប​រាប់​ឱ្យ​ដឹង​ថា ​នៅ​ពេល​កើត​ហេតុ​នោះ​គឺ​ម៉ោង​១១​និង​៣០​នាទី​យប់​ទៅ​ហើយ ​​ឯ​អ្នក​ស្រុក​វិញក៏​ដេក​លង់​លក់​អស់​​ទៅ​ហើយ​​ដែរ​រួម​ទាំង​ផ្ទះ​ជន​រង​​គ្រោះ​ផង​ ប៉ុន្តែ​នៅ​ក្នុង​សភាព​ដែល​កំពុង​តែ​ស្ងប់​ស្ងាត់​នោះ ស្រាប់​តែ​ឮសំឡេង​កាំ​ភ្លើង​ផ្ទុះ​ឡើង​១គ្រាប់​បណ្តាល​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ចំណែក​ផ្ទះ​ជន​រង​គ្រោះ​គ្រាន់​តែ​ឮសំឡេង​កាំ​ភ្លើង​ភ្លាម​ កូន​ប្រសា​​ប្រុស​របស់​ជន​រង​គ្រោះ​​បាន​លោត​ចុះ​ពី​លើ​ផ្ទះមក​​ដី​ខំ​រក​មើល​ជុំវិញ​ផ្ទះ​តែ​មិន​ឃើញ​មាន​អ្វី លុះ​មក​មើល​ឪពុក​ក្មេក​ដែល​ដេក​នៅ​ក្រោម​សំយាប​ផ្ទះ​ក៏​ស្រាប់​តែ​ឃើញ​មាន​របួស​ឈាម​​​ហូរ​ពេញ​ខ្លួន ហើយ​មិន​មាន​កម្រើក​អ្វី​បន្តិច ​ទោះ​ជា​អង្រួន​និង​ហៅ​យ៉ាង​ណា​ក៏​មិន​ឆ្លើយ​ទើប​ដឹង​ថា​ ឪពុក​ស្លាប់​​​ទៅហើយ​ក៏​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ពេញ​ភូមិ​ ។

​ប្រភព​ព័ត៌​មាន​ដដែល​នេះ​បាន​បន្ត​ទៀត​ថា  ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ថា​ មាន​ករណី​ឃាត​កម្ម​កើត​ឡើង​នៅចំណុច​​ខាង​លើ​ សមត្ថ​កិច្ច​ចម្រុះ​ក៏​បាន​ទៅ​ដល់ក​ន្លែង​កើ​ត​ហេតុ​ភ្លាមៗ​ និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទី​តាំង​កើត​ហេតុ​រក​ឃើញ​សម្បក​​គ្រាប់​កាំភ្លើង​អាកាចំនួន​​១​នៅ​ទី​នោះ ។ ​រីឯ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​ពុំ​មាន​បាត់​បង់​ ឡើយ​ ហើយ​សមា​ជិក​ក្នុង​ផ្ទះ​ផ្សេង​ទៀត​ក៏​ពុំ​មាន​អ្នក​ណា​រង​របួសដែរ​ ​ទើប​សមត្ថ​កិច្ច​សន្និ​ដ្ឋា​ន​ថា​ ករណី​ឃាត​កម្ម​នេះ​គឺ​ជា​រឿង​គំនុំ ។ ប៉ុន្តែតាម​ការ​អះ​អាង​របស់​ក្រុម​គ្រួសារ​ជនរ​ង​គ្រោះថា​ ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​ជាមួយ​​អ្នក​ណា​ទេ​ពី​មុន​​មក​​ ​ហើយ​អ្នក​ស្រុក​អ្នក​ភូមិ​ជិត​ខាង​ក៏​ស្រឡាញ់រាប់​អាន​ដែរ​​​​ ។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ឈាន​ទៅ​ដល់​​​ការ​​បាញ់​​​សម្លាប់​​​បែប​នេះ​​​មាន​ន័យថា​​ ​​​​​គ្មាន​មនុស្ស​​​​​​ទាំង​​អស់ស្រឡាញ់​​​​គ្រប់​គ្នា​​នោះ​​ទេ ។ ​​បច្ចុប្ប​ន្ន​​​​កម្លាំ​ង​​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ពាម​រក៍​ កំពុងបើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ជា​ឃាតករ​​​មក​ផ្តន្ទា​ទោស​​តាម​​ច្បាប់ ​។

ឃាត​ករ​បាញ់​ស្លាប់​ពេល​ដេក​ក្នុង​ផ្ទះ​​កណ្តាល​យប់​សង្ស័យ​រឿង​គំនុំ​

ខេត្ត​កំពង់ចាម ៖​ ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ប្រើ​កាំភ្លើង​អាកា​៤៧​បាញ់​រះ​ទៅ​លើ​ផ្ទះ​វីឡា​កូន​កាត់​មួយ​ដែល​មាន​ទំហំ​ ៨ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ​ ចំនួន​៧​គ្រាប់​ កាល​ពី​វេលា​ម៉ោង​១២ និង​៣០​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩​ មីនា​ នៅ​ភូមិ​វ៉ារិន​ទី​៣​ ឃុំ​ខ្ចៅ​ ស្រុក​កង​មាស​ តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០​ មីនា​ សមត្ថ​កិច្ច​នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយទេ​​ ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ថា​ ការ​បាញ់​នេះ​សង្ស័យ​ជា​រឿង​គំនុំ​ណា​មួយ​ ទាក់​ទង​នឹង​ម្ចាស់​ផ្ទះ​នេះ​ ។

លោក សូ សារិទ្ធ​ អធិការ​នគរ​បាល​ស្រុក​កង​មាស​ ឱ្យ​ដឹង​ថា​ ផ្ទះ​ដែល​រង​ការ​បាញ់​រះ​នេះ​ ជា​កម្ម​សិទ្ធិ​របស់​ស្ត្រី​ឈ្មោះ​ គង់ សាវ៉ន​​ អាយុ​៥១​ឆ្នាំ​ ចំណែក​ប្តី​គាត់​បាន​ចេញ​ទៅ​រក​ស៊ី​​នៅ​ស្រុក​ឆ្ងាយ​ ហើយ​គាត់​នៅ​ជា​មួយ​កូន​ចំនួន​៤នាក់​ ក្នុង​នោះ​មាន​កូន​ប្រសា​ខ្លះ​ធ្វើ​ការ​ជា​អ្នក​ម៉ៅ​ការ​សំណង់​ ។ លោក​វរសេនីយ៍​ត្រី សូ សារិទ្ធ​ បន្ត​ថា​ ស្នូរ​កាំភ្លើង​បាញ់​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ និង​រយៈ​ពេល​១ម៉ោង​ក្រោយ​មក​ទើប​ត្រូវ​បាន​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ខ្ចៅ​ចុះ​ទៅ​ដល់​ផ្ទះ​កើត​ហេតុ​ និង​បាន​រក​​ឃើញ​មាន​ក្បាល​គ្រាប់​កាំភ្លើង​អាកា​៤៧​ ចំនួន​២គ្រាប់​ បៀម​ជាប់​នៅ​នឹង​ជញ្ជាំង​ថ្ម​ និង​ស្នាម​បែក​បេតុង​ចំនួន​៥កន្លែង​ទៀត។

ស្ត្រី​ម្ចាស់​ផ្ទះ​ឈ្មោះ​ គង់ សាវ៉ន​ និយាយ​ថា​ គាត់​មិន​ដែល​មាន​ទំនាស់​ជា​មួយ​នឹង​អ្នក​ណាទេ​ ទោះ​បី​មាន​ការព្យាយាម​សាក​សួរ​ដើម្បី​ជា​ពន្លឺ​សម្រាប់​សមត្ថ​កិច្ច​រហូត​២​ទៅ​៣​ដង​ក្តី​ ក៏​នៅ​តែ​ឆ្លើយ​ថា​មិន​មាន​ទំនាស់​ដដែល​ ប៉ុន្តែ​មាន​មតិ​លើក​ឡើង​ថា​ ការ​បាញ់​រះ​មក​លើ​ផ្ទះ​បែប​នេះ​ បើ​គ្មាន​ភ្លើង​ក៏​វា​មិន​មាន​ផ្សែង​នោះ​ទេ​ ។

លោកវរសេនីយ៍​ត្រី​ សូ សារិទ្ធ​ និយាយ​ថា​ ក្រោយ​ពី​មាន​ហេតុ​ការណ៍​បាញ់​រះ​ខាង​លើ​នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ឆាយ គឹមសុន ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​បញ្ជា​ឱ្យ​ដាក់​កម្លាំង​តាម​ឃ្លាំ​មើល​ តាំង​ពី​ក្រោយ​យប់​កើត​ហេតុ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០​ មីនា​ ក៏​នៅ​តែ​រក​ពន្លឺ​មិន​ទាន់​ឃើញ​ និង​មិន​ទាន់​កំណត់​បាន​ជន​សង្ស័យ​ណា​ម្នាក់​នៅ​ឡើយ​ ។ ទោះ​ជា​បែប​ណា​ក្តី​ សមត្ថ​កិច្ច​នៅ​តែ​បន្ត​ការ​ស្រាវ​ជ្រាវ​ក្តៅ​គគុក​ តាម​ប្រមាញ់​រក​ខ្មាន់​កាំភ្លើង​នោះ​ជា​បន្ត​ទៀត​ ដោយ​មិន​ដក​ដៃ​នោះ​ទេ​ ។​

ការ​បាញ់​រះ​ចូល​ផ្ទះ​វីឡា​កូន​កាត់​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា​ ទំនង​ជា​ម្ចាស់​ផ្ទះ​ធ្លាប់​មាន​ទំនាស់​ជា​មួយ​នឹង​នរណា​ម្នាក់​ហើយ​ មិន​មែន​សុខៗ​មាន​អ្នក​រពិស​ដៃ​មក​បាញ់​លេង​បែប​នេះ​ឡើយ​ ៕