សារអេឡិចត្រូនិច
ការ​នាំ​ចេញ​របស់​ចិន កើន​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ​ ខណៈ​ដែល​សេដ្ឋកិច្ច​រើប​ឡើង​វិញ​


ការ​នាំ​ចេញ​របស់​ចិន​បាន​កើន​ឡើង​ជាង​២០%​នៅ​ក្នុង​ខែ​កុម្ភៈ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ប្រ​ទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំ​ដាប់​ទី២​ពិ​ភព​លោក​មួយ​នេះ​រើប​ឡើង​វិញ​ ។​ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​ថ្មី​ៗ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ ។​ កំ​ណើន​នាំ​ចេញ​បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ចិន​សម្រេច​បាន​អ​តិ​រេក​ពា​ណិជ្ជ​កម្ម​ចំ​នួន​១​៥​,៣​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​កុម្ភៈ​ ទោះ​បី​ជា​មាន​ការ​រួម​តូច​បើ​ប្រៀប​ធៀប​នឹង​ខែ​មក​រា​ដែល​ទ​ទួល​បាន​២​៩​,​២​ពាន់​លាន​ដុល្លារ​ក៏​ដោយ​ ។​

បើ​យោង​តាម​ការ​អង្កេត​មធ្យម​របស់​សេដ្ឋ​វិទូ​ក្រុម​ហ៊ុន​ Dow Jone Newswire បាន​ឱ្យ​ដឹង​ថា​ ទី​ផ្សារ​រំពឹង​មាន​ឱន​ភាព​ពា​ណិជ្ជ​កម្ម​ចំ​នួន​១​៦​ពាន់​លាន​ដុល្លារ​ ។​ បើ​តាម​នាយក​ដ្ឋាន​គយ​និ​យាយ​ថា​ ការ​នាំ​ចេញ​កើន​ឡើង​២​១​,​៨​%​ដល់​១​៣​៩​,៤​ពាន់​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ដែល​ការ​នាំ​ចូល​ធ្លាក់​ចុះ​១​៥​,​២​%​ដល់​១​២​៤​,​១​ពាន់​លាន​ដុល្លារ​ ។​

អ្នក​វិ​ភាគ​និ​យាយ​ថា​ កំ​ណើន​ដ៏​ខ្លាំង​នៅ​ក្នុង​ការ​នាំ​ចេញ​នេះ​ជា​សញ្ញា​មួយ​ល្អ​សម្រាប់​សេដ្ឋ​កិច្ច​ ប៉ុន្ដែ​បញ្ជាក់​ថា​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ការ​នាំ​ចូល​ទំ​នង​ជា​កើត​មាន​ដោយសារ​ការ​បិទ​រោង​ចក្រ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ ដែល​ជា​ការ​កាត់​បន្ថយ​តម្រូវ​ការ​វត្ថុ​ធាតុ​ដើម​និង​សមាស​ភាព​ជា​ច្រើន​ ។​

លោក​ Liu Ligang សេដ្ឋ​វិទូ​ធ​នា​គារ​ ANZ ​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង​បាន​ថ្លែង​ថា​ ទិន្ន​ន័យ​នាំ​ចូល​ត្រូវ​បាន​ប៉ះ​ពាល់​ខ្លាំង​ដោយ​សារ​កត្ដា​រដូវ​កាល​ចូល​ឆ្នាំ​ចន្ទ​គតិ​ ប៉ុន្ដែ​ការ​នាំ​ចេញ​មិន​មាន​ផល​ប៉ះ​ពាល់​ទាល់​តែ​សោះ​ ។​ ប្រ​ទេស​ចិន​នឹង​រើប​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ​យ៉ាង​ជាក់​ច្បាស់​ ខណៈ​សេដ្ឋ​កិច្ច​ប្រ​ទេស​នេះ​នឹង​កើន​ជាង​៨​%​ ។​ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​សកម្ម​ភាព​ផលិត​កម្ម​របស់​ចិន​កើន​ក្នុង​ល្បឿន​មួយ​យឺត​បំ​ផុត​នៅ​ក្នុង​រយៈ​ពេល​៥​ខែ​គិត​ត្រឹម​ខែ​កុម្ភៈ​ ដោយ​សន្ទស្សន៍​វាស់​វែង​សេដ្ឋ​កិច្ច​ PMI មាន​ចំ​នួន​៥​០​,​១​%​ ៕​